«ពីធ្លាប់រកចំណូលបានរាល់ថ្ងៃ ពេលនេះ សូម្បីតែបាយមួយពេល ក៏សឹងតែគ្មានហូបផង!» នេះជាការលើកឡើងរបស់ពលរដ្ឋថៃនៅខេត្តត្រាត ដែលបានធ្លាក់ខ្លួនទៅក្នុងភាពក្រីក្រតោកយ៉ាក គ្មានចំណូលសូម្បីតែមួយបាត។ ការបិទច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ មិនត្រឹមតែបិទជិតនូវច្រកសេដ្ឋកិច្ចនោះទេ ប៉ុន្តែវាបានផ្តាច់ទាំងដង្ហើមរស់ និងឆ្នាំងបាយរបស់ពលរដ្ឋខេត្តត្រាតរាប់ពាន់គ្រួសារ ដែលធ្លាប់តែពឹងផ្អែកទាំងស្រុងលើការដោះដូរពាណិជ្ជកម្មតាមព្រំដែន។ តើពួកគេនឹងត្រូវរស់នៅវេទនាបែបនេះដល់ពេលណា បើច្រកព្រំដែនត្រូវបានបិទជិតឈឹងនោះ?

ពលរដ្ឋខេត្តត្រាត (ដែលមានព្រំប្រទល់ជាប់ខេត្តកោះកុង និងពោធិ៍សាត់) បានធ្លាក់ទៅក្នុងស្ថានភាពក្រីក្រយ៉ាងខ្លាំងនាពេលនេះ ដោយសារការបិទព្រំដែនផ្លូវគោកទាំងស្រុងរវាងកម្ពុជា-ថៃ តាំងពីពាក់កណ្តាលឆ្នាំ២០២៥ កន្លងទៅ។ ជម្លោះព្រំដែននេះបានអូសបន្លាយមកដល់ពេលបច្ចុប្បន្ន (ឆ្នាំ២០២៦) ដែលធ្វើឱ្យពលរដ្ឋថៃជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ទាំងបាត់បង់ចំណូល និងខ្វះខាតអាហារ រហូតនាំគ្នាចាប់បង្គា ត្រី ក្តាម និងលៀសនៅសមុទ្រ មកបរិភោគកុំឱ្យដាច់ពោះស្លាប់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Ch7HD News និងសារព័ត៌មានខេត្តត្រាត នៅថ្ងៃទី៣ ខែកក្កដា។

បច្ចុប្បន្ន ពលរដ្ឋថៃជាច្រើនគ្រួសារបាននាំគ្នាមកចាប់បង្គា ត្រី និងក្តាម នៅតាមទឹកសមុទ្ររាក់ៗជាប់ឆ្នេរខ្សាច់ ដែលស្ថិតក្នុងឃុំឡែមសាកាត់ ស្រុកមឿង បន្ទាប់ពីទឹកសមុទ្រស្រកចុះ ដោយការប្រើប្រាស់ឧបករណ៍ផ្សេងៗ។ បន្ទាប់ពីរកបានបង្គា និងត្រីតូចៗហើយ ពួកគេក៏ប្រមូលយកទៅផ្ទះរៀងៗខ្លួនដើម្បីធ្វើម្ហូបអាហារ ដោយសារតែគ្មានប្រាក់ចំណូលសោះតាំងពីព្រំដែនកម្ពុជា-ថៃបិទមក។

ពលរដ្ឋថៃម្នាក់ដែលបានមករកអាហារនៅសមុទ្រជាមួយគ្រួសារជាច្រើនទៀត ប្រាប់ថា កាលពីមុន ខ្លួនប្រកបមុខរបរបើករថយន្តដឹកជញ្ជូនអីវ៉ាន់ ប៉ុន្តែពេលនេះ ព្រំដែនបិទ គ្មានអ្នកណាហៅឱ្យដឹកអីវ៉ាន់ទេ។ ដូច្នេះ ខ្លួនក៏ត្រូវសម្រាកនៅផ្ទះដោយគ្មានការងារធ្វើ ក៏បបួលគ្នីគ្នាមករកអាហារនៅសមុទ្រដើម្បីកាត់បន្ថយការចំណាយ ស្របពេលជីវភាពកំពុងតែក្រខ្សត់។

ដូចគ្នានេះ ពលរដ្ឋថៃជាច្រើនទៀតដែលរស់នៅស្រុកឃ្លងយៃ ប្រាប់ថា កាលពីព្រំដែនមិនទាន់បិទ ពួកគេបានស៊ីឈ្នួលធ្វើការផ្សេងៗ ប៉ុន្តែឥឡូវនេះ គ្មានអ្នកណាហៅឱ្យធ្វើការទេ ពីព្រោះសេដ្ឋកិច្ចនៅស្រុកឃ្លងយៃ ដាំក្បាលចុះយ៉ាងខ្លាំង។ លើសពីនេះ គ្មានភ្ញៀវទេសចរធ្វើដំណើរទៅមក គ្មានការលក់ដូរទំនិញ ធ្វើឱ្យពួកគេបាត់បង់ការងារ គ្មានប្រាក់បង់ថ្លៃទឹក-ភ្លើង ក៏នាំគ្នាមករកអាហារនៅសមុទ្រទុកបរិភោគឱ្យបានច្រើនថ្ងៃ។

សូមបញ្ជាក់ថា ច្រកព្រំដែន «បានហាតលិក / Ban Hat Lek» ស្ថិតនៅស្រុកឃ្លងយៃ ខេត្តត្រាត គឺមានព្រំប្រទល់ជាប់ជាមួយច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ការបិទព្រំដែនកម្ពុជា-ថៃ ជាឯកតោភាគីពីសំណាក់កងទ័ពថៃ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ពលរដ្ឋថៃ ជាពិសេស អ្នករស់នៅតាមតាមបណ្តោយព្រំដែន ដូចជាខេត្តត្រាត ខេត្តចន្ទបុរី និងស្រះកែវ ដោយបាត់បង់ប្រភពចំណូលទាំងស្រុង ខណៈសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាកម្មដឹកជញ្ជូនក្នុងតំបន់ ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារគ្មានភ្ញៀវទេសចរ៕
Home តារាអន្តរជាតិ ដាច់បាយ ដាច់លុយ! ពលរដ្ឋថៃខេត្តត្រាត ធ្លាក់ខ្លួនក្រខ្សត់ ក្រោយបិទច្រកព្រំដែនកម្ពុជា-ថៃ







