កុំចាំដល់បាត់បង់ទើបស្ដាយក្រោយ ល្មមដល់ពេលហើយដែលត្រូវបញ្ឈប់ការសរសេអក្សរបរទេសសំនៀងខ្មែរ! ពេលនេះរាជបណ្ឌិតសភាថៃ បានដាក់ចេញនូវពុម្ពអក្សរថ្មី ឈ្មោះថា «ឈុតពុម្ពអក្សរខមថៃ» ដែលមានរូបរាង និងលក្ខណៈដូចស្ទើបេះបិទទៅនឹងអក្សរខ្មែរដែលកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន បង្កឱ្យមានរលកនៃការរិះគ.ន់ និងការប្រតិកម្មយ៉ាងក្តៅគគុកពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជា។ តើវាជារឿងចៃដន្យ ឬមួយថៃពិតជាបានលួ.ចចម្លងអ្វីៗគ្រប់បែបយ៉ាងរបស់ខ្មែរទៅធ្វើជារបស់ខ្លួន?.jpg)
ផ្អែកលើការប្រកាសផ្លូវការនៅលើទំព័រហ្វេសប៊ុករបស់ ការិយាល័យរាជបណ្ឌិត្យសភាថៃ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការរៀបចំគោលការណ៍បំប្លែងអក្សរនៃអំបូរភាសាថៃទៅជាអក្សររ៉ូម៉ាំង បានអះអាងថា ពុម្ពអក្សរខមថៃគឺជាតួអក្សរបុរាណមួយប្រភេទ ដែលបុព្វបុរសថៃធ្លាប់ប្រើប្រាស់សម្រាប់កត់ត្រាភាសាថៃ និងភាសាបាលី តាំងពីសម័យសុខោទ័យ និងសម័យអយុធ្យាមក។ ទោះជាយ៉ាងណាក៏ដោយ យុទ្ធនាការវប្បធម៌ឌីជីថលរបស់ថៃនាពេលនេះ ត្រូវបានមហាជនខ្មែរវាយតម្លៃថាជា «ល្បិចកលកាឡៃប្រវត្តិសាស្ត្រ» ដើម្បីបង្វែរប្រភពដើមនៃអរិយធម៌ខ្មែរ ដោយការបង្កើតពាក្យថា «ខមថៃ» មកជំនួសពាក្យថា «ខ្មែរ» ក្នុងបំណងលេបត្របាក់ និងប្រកាសសិទ្ធិគ្រប់គ្រងលើអក្សរសិល្ប៍ និងក្បួនតម្រាបុរាណរបស់ខ្មែរនៅលើឆាកអន្តរជាតិ។
អ្នកលេងបណ្តាញសង្គមខ្មែរបានកត់សម្គាល់ឃើញថា ទង្វើបន្លំវប្បធម៌ និងអក្សរជាតិនេះ បានកើតឡើងស្របពេលដែលនៅតាមខ្សែបន្ទាត់ព្រំដែនដីគោក យោធាថៃក៏កំពុងតែប្រើប្រាស់អំណាចអាវុធដើម្បីរំលោភបំពាន និងលេបត្របាក់ទឹកដីកម្ពុជាឥតឈប់ឈរផងដែរ។ ពួកគេបានភ្ជាប់ព្រឹត្តិការណ៍នេះទៅនឹងករណីចម្រូងចម្រាស់ថ្មីៗ ដែលយោធាថៃបាននាំអ្នកសារព័ត៌មានបរទេស (រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ABC) ចូលមកតំបន់អូរស្មាច់ទាំងខុសច្បាប់ និងការលួចឆ្លងដែនមកដាំកូនឈើនៅតំបន់ប្រាសាទខ្នារ (ខេត្តឧត្តរមានជ័យ) ទាំងគ្មានការអនុញ្ញាត។ សម្រាប់ពលរដ្ឋកម្ពុជា ថៃកំពុងប្រើប្រាស់យុទ្ធសាស្ត្សវាយលុកទន្ទឹមគ្នា ពោលគឺប្រើ «អំណាចរឹង» ដើម្បីដណ្តើមយកដីគោក និងប្រើ «អំណាចទន់» តាមរយៈប្រព័ន្ធបច្ចេកវិទ្យាដើម្បីលួចបន្លំអរិយធម៌។.jpg)
ជារួមមក វិវាទពុម្ពអក្សរខមថៃនៅលើបណ្តាញសង្គមនាពេលនេះ បានក្លាយជាសមរភូមិវប្បធម៌ដ៏ក្តៅគគុកមួយរវាងប្រទេសជិតខាងទាំងពីរ។ ប្រជាពលរដ្ឋកម្ពុជាបានអំពាវនាវឱ្យរាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញមុខតវ៉ាជាផ្លូវការ និងចុះបញ្ជីការពាររាល់ទម្រង់អក្សរសិល្ប៍បុរាណឱ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់រាល់ការប៉ុនប៉ងកែខៃ និងលួចបន្លំអត្តសញ្ញាណជាតិពីសំណាក់ភាគីបំពាន ដោយមិនបណ្តោយឱ្យសហគមន៍អន្តរជាតិមានការភាន់ច្រឡំតាមការរៀបចំសេនារីយ៉ូរបស់ថៃឡើយ៕










