មិនបាច់មានអ្នកគ្រាហ៍ និងអស់បារម្ភរឿងធុំក្លិនទៀតហើយ! នៅខែមិថុនា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Yueban បានផលិតបង្គន់ឆ្លាតវៃ «Xiaoban» ដំបូងគេនៅលើពិភពលោក ដែលអាចបម្លាស់ទីមកដល់គ្រែអ្នកជំងឺ ឬមនុស្សចាស់ ដោយស្វ័យប្រវត្តិភ្លាមៗ ដោយគ្រាន់តែចុចតេឡេ ឬបញ្ជាដោយសំឡេង។ អ្វីកាន់តែអស្ចារ្យ វាក៏អាចបើកត្រឡប់ទៅកន្លែងសាកថ្មវិញ ដើម្បីកិន និងបង្ហូរកាកសំណល់ចោលក្នុងលូ រួមទាំងសម្អាតខ្លួនឯងទៀតផង។

ក្រុមហ៊ុនបច្ចេកវិទ្យាចិន យៀកបាន (Yueban) បានបង្ហាញបង្គន់ឆ្លាតវៃ អាចបម្លាស់ទីដោយស្វ័យប្រវត្តិដំបូងគេបង្អស់លើពិភពលោក ដែលមានឈ្មោះថា «Xiaoban» ដែលបង្គន់នេះត្រូវបានផលិតឡើងជាពិសេសសម្រាប់ជួយដល់អ្នកជំងឺ មនុស្សចាស់ និងជនពិការ ដែលលំបាកក្នុងការក្រោកដើរទៅបន្ទប់ទឹក។ វាបំពាក់ដោយបច្ចេកវិទ្យា AI ទំនើបៗ ដូចជា បច្ចេកវិទ្យាបម្លាស់ទីស្វ័យប្រវត្តិទៅកាន់គ្រែអ្នកប្រើប្រាស់ និងអាចគេចពីគ្រឿងសង្ហារិម ជណ្តើរ សម្ភារៈផ្សេងៗក្នុងផ្ទះ និងបឺតធូលី។
.jpg)
អ្នកប្រើប្រាស់គ្រាន់តែចុចតេឡេបញ្ជា ឬបញ្ជាដោយសំឡេងប៉ុណ្ណោះ វានឹងបម្លាស់ទីចេញពីកន្លែងសាកថ្មមកដល់គ្រែអ្នកប្រើប្រាស់តែម្តង។ បន្ទាប់ពីប្រើប្រាស់រួច វានឹងបាញ់ទឹកក្តៅឧណ្ឌៗលាងសម្អាត សម្ងួតដោយខ្យល់ក្តៅ និងបញ្ចេញពពុះក្នុងចានបង្គន់ដើម្បីការពារក្លិនមិនឱ្យភាយចេញមកក្រៅ។ រួចហើយ វានឹងបម្លាស់ទីទៅកាន់កន្លែងសាកថ្មវិញ ហើយកិនកាកសំណល់បង្ហូរចូលទៅក្នុងលូដោយស្វ័យប្រវត្តិ ព្រមទាំងបាញ់កាំរស្មីយូវី (UV) សម្លាប់មេរោគផងដែរ។.jpg)
វាជាជំនួយការយ៉ាងសំខាន់ និងជួយសម្រាលបន្ទុកយ៉ាងច្រើនសម្រាប់អ្នកថែទាំអ្នកជំងឺ ឬអ្នកថែទាំមនុស្សចាស់ជរា ដោយពុំចាំបាច់នឿយហត់នឹងការនាំអ្នកជំងឺទៅកាន់បន្ទប់ទឹកដូចមុនទៀតឡើយ។ ក្រុមហ៊ុនយៀកបាន មានគម្រោងលក់បង្គន់ Xiaoban នៅលើទីផ្សារប្រទេសចិន ក្នុងតម្លៃប្រហែល ២៨,៩៩៩យាន់ (ឬជាង៤,០០០ដុល្លារអាមេរិក) ហើយតម្លៃអាចខុសគ្នាអាស្រ័យទៅតាមម៉ាក និងទំហំ។
.jpg)
សូមបញ្ជាក់ថា ការបង្ហាញបង្គន់ឆ្លាតវៃ បានធ្វើឱ្យមានការជជែក និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជននៅលើបណ្តាញសង្គម ដែលមតិភាគច្រើនគាំទ្រថា មនុស្សចាស់មិនចាំបាច់មានអារម្មណ៍ខ្មាសអៀនក្នុងការសុំឱ្យកូនចៅ ឬអ្នកថែទាំ ជួយគ្រាហ៍ទៅបន្ទប់ទឹកឡើយ។ វាពិតជាមានប្រយោជន៍ជួយសម្រាលការលំបាករបស់អ្នកថែទាំយ៉ាងច្រើន ជាពិសេស ការសម្អាតកាកសំណល់ ដែលខុសគ្នាពីរ៉ូបូតខ្លះត្រូវបានផលិតឡើងសម្រាប់តែកម្សាន្ត។
ចំណែកមតិខ្លះទៀតបារម្ភថា តើវាអាចនឹងគាំងប្រព័ន្ធពេលកំពុងប្រើប្រាស់ដែរឬទេ? ហើយចំពោះអ្នកជំងឺមានទម្ងន់ធ្ងន់ (ធាត់) តើវាអាចនឹងផ្អៀង ឬក្រឡាប់ឬក៏អត់? ម្យ៉ាងទៀត ទោះជាបង្គន់ឆ្លាតវៃអាចបម្លាស់ទីមកដល់គ្រែក៏ដោយ ប៉ុន្តែសម្រាប់អ្នកជំងឺខ្វិន ឬទន់ដៃ-ជើងខ្លាំង នៅតែត្រូវការឱ្យអ្នកថែទាំជូនទៅបន្ទប់ទឹកដដែល ហើយវាថែមទាំងមានតម្លៃខ្ពស់ដែលគ្រួសារមានជីវភាពមធ្យមគ្មានលទ្ធភាពទិញមកប្រើប្រាស់៕










