ខណៈដែលប្រទេសកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរហើយ ឥឡូវនេះសូម្បីធម្មជាតិក៏មិនប្រណីទៀត! ប្រទេសវ៉េណេស៊ុយអេឡាបានរងការវា.យប្រហារដោយគ្រោះរញ្ជួយដីដ៏មានឥទ្ធិពល និងអាក្រក់បំផុតមួយក្នុងរយៈពេលជាងមួយសតវត្សរ៍ ដោយបានផ្ដួលរំលំអគារស្នាក់នៅរាប់រយខ្នងឱ្យរលាយត្រឹមមួយប៉ព្រិចភ្នែក និងថែមទាំងបានរុញច្រានឱ្យមានការប្រកាសអាសន្នរលកយក្សស៊ូណាមិជាបន្ទាន់ផងដែរ។

យោងតាមរបាយការណ៍ផ្លូវការពីទីភ្នាក់ងារស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) គ្រោះធម្មជាតិនេះបានកើតឡើងនាល្ងាចថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) ក្នុងទម្រង់ជាការវាយប្រហារឌុប ចំនួនពីរដងបន្តបន្ទាប់គ្នាក្នុងរយៈពេលមិនដល់មួយនាទីឡើយ។
ការរញ្ជួយដីលើកទីមួយមានកម្រិត ៧.២ រ៉ិចទ័រ ហើយត្រឹមតែ ៣៩ វិនាទីក្រោយមក ការរញ្ជួយដីលើកទីពីរដែលរឹតតែខ្លាំងមានកម្រិតដល់ទៅ ៧.៥ រ៉ិចទ័រ បានបុកប្រហារចំចំណុចក្បែរនោះបន្ថែម ដោយមានចំណុចកណ្តាលស្ថិតនៅជិតក្រុងម៉ូរ៉ុង (Morón) ប្រមាណ ១៦៨ គីឡូម៉ែត្រពីភាគខាងលិចរដ្ឋធានីការ៉ាកាស។ កម្លាំងនៃការរញ្ជួយដីដ៏ខ្លាំងក្លានេះ ថែមទាំងអាចដឹង និងអង្រួនដល់បណ្តាប្រទេសជិតខាងដូចជា ប្រទេសកូឡុំប៊ី និងតំបន់អាម៉ាហ្សូននៃប្រទេសប្រេស៊ីល ផងដែរ។.jpg)
យោងតាមទិន្នន័យបឋមដែលចេញផ្សាយដោយអាជ្ញាធរសង្គ្រោះបន្ទាន់ គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ គ្រោះមហន្តរាយដ៏ធំធេងនេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣២ នាក់បានស្លាប់បាត់បង់ជីវិត និងជាង ៧០០ នាក់ផ្សេងទៀតរងរបួស ខណៈមនុស្សជាច្រើននាក់ទៀតកំពុងជាប់គាំងក្រោមគំនរបាក់បែកនៃអគារ។
នៅក្នុងរដ្ឋធានីការ៉ាកាស (Caracas) អគារស្នាក់នៅ និងអគារពាណិជ្ជកម្មជាច្រើនបានដួលរលំបាក់បែក បង្កើតជាផ្សែងហុយទ្រលោមពេញទីក្រុង ព្រមទាំងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងប្រព័ន្ធអ៊ីនធឺណិតទាំងស្រុងនៅក្នុងតំបន់ធំៗ ដែលធ្វើឱ្យកិច្ចប្រតិបត្តិការស្វែងរក និងសង្គ្រោះជួបការលំបាកយ៉ាងខ្លាំង។
ជុំវិញស្ថានភាពអាសន្ននេះ លោកស្រី ដេលស៊ី រ៉ូទ្រីហ្គេស (Delcy Rodríguez) ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នទូទាំងប្រទេសភ្លាមៗ ដើម្បីប្រមូលកម្លាំងសរុបចុះជួយជនរងគ្រោះ។ ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ក៏បានចេញការព្រមានពីហានិភ័យស៊ូណាមិសម្រាប់តំបន់ឆ្នេរវ៉េណេស៊ុយអេឡា ព្រមទាំងបណ្តាដែនកោះសំខាន់ៗ រួមមាន កោះព័រតូរីកូ កោះវឺជីន និងកោះអារូបា មុនពេលដកការព្រមានវិញក្នុងរយៈពេលខ្លីក្រោយមក។ នេះជាវិបត្តិដ៏ធ្ងន់ធ្ងរថ្មីមួយទៀតសម្រាប់ប្រជាជាតិវ៉េណេស៊ុយអេឡា ដែលកំពុងតែដុនដាបស្រាប់ដោយសារវិបត្តិសេដ្ឋកិច្ច ហើយពេលនេះត្រូវមកប្រឈមមុខនឹងការស្តារឡើងវិញនូវការខូចខាតទ្រង់ទ្រាយធំបង្កដោយធម្មជាតិថែមទៀត៕










