ជុំវិញប្រធានបទដែលកំពុងក្តៅគគុកដែលអតីតសិស្សវិទ្យាល័យនិងជាអ្នកធ្វើវីដេអូមួយរូបមិនស្គាល់សូម្បីតែឈ្មោះគ្រូបង្រៀនបានធ្វើឱ្យសាធារណជនបញ្ចេញមតិរិះគន់យ៉ាងខ្លាំង។ ស្របពេលជាមួយគ្នានេះក្នុងនាមជាគ្រូបង្រៀនម្នាក់កញ្ញា សាន្ត កុសុមៈ បានចេញវីដេអូដោយនិយាយថាមិនប្រកាន់នោះទេបើសិនជាសិស្សមិនចាំឈ្មោះគ្រូ។ នេះអាចបញ្ជាក់ថាទឹកចិត្តរបស់គ្រូបង្រៀនគឺមានទំហំធំធេងបើទោះបីជាសិស្សនោះដឹងគុណឬមិនដឹងគុណការបង្រៀនរបស់គាត់ក៏ដោយ។
នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កញ្ញា សាន្ត កុសុមៈ ដែលជាគ្រូបង្រៀនថ្នាក់បឋមសិក្សាម្នាក់បានចេញវីដេអូមួយដោយដាក់ចំណងជើងថា ១ក្នុងនាមជាគ្រូមិនដែលប្រកាន់ថាសិស្សមិនចាំឈ្មោះទេ តែ….»។ នៅក្នុងវីដេអូនេះកញ្ញាបាននិយាយថា ក្នុងពេលដែលខ្លួនធ្វើជាគ្រូបង្រៀននេះមិនរំពឹងឱ្យសិស្សចាំឈ្មោះ ឬដឹងគុណអ្វីនោះទេ។ តារាសម្តែងរូបនេះបង្ហាញពីភាពស្មោះត្រង់របស់ខ្លួនដោយបញ្ជាក់ថាកាលពីកញ្ញារៀនថ្នាក់បឋមសិក្សាក៏ភ្លេចឈ្មោះគ្រូបង្រៀនដូចគ្នា។
កញ្ញា បានអះអាងថាការធ្វើជាគ្រូនេះមិនមែនជាការជួយសិស្សនោះទេផ្ទុយមកវិញគឺមានតែសិស្សទេដែលបានជួយខ្លួនដែលធ្វើឱ្យកញ្ញាមានឱកាសហ្វឹកហាត់បណ្តុះបណ្តាលចំណេះដឹង តេស្តភាពអត់ធ្មត់ កំហឹង ភាពឆេវឆាវ និងអារម្មណ៍របស់ខ្លួនឯង។ កញ្ញា សាន្ត កុសុមៈ បានបន្ថែមថាខ្លួនមិនបានទាមទារឱ្យសិស្សានុសិស្សចាំឈ្មោះឬនឹកដល់អ្វីផ្សេងនោះទេ ហើយជុំវិញរឿងថ្មីៗនេះបើសម្រាប់នាងគឺនាងមិនប្រកាន់ឡើយ ដោយជឿជាក់ថាលោកគ្រូ អ្នកគ្រូភាគច្រើនក៏មានអ្នកណាប្រកាន់ដែរ។
.png)
យ៉ាងណាក៏ដោយទោះបីជាលោកគ្រូអ្នកគ្រូមិនប្រកាន់ចំពោះសិស្សចាំឈ្មោះគ្រូនេះ កញ្ញា សាន្ត កុសុមៈ ថាក្នុងនាមជាសិស្សការដឹងគុណជាបុណ្យកុសលមួយដែលផ្តល់កម្លាំងឱ្យយើងធ្វើអ្វីបានសម្រេចនៅក្នុងជីវិត។ កញ្ញាថាបើក្នុងខ្លួនមានភាពខ្មៅងងឹតខ្លាំងពេក ឃើញពីចំណុចអវិជ្ជមានរបស់គ្រូខ្លាំងពេកនោះជីវិតរបស់យើងក៏មិនបានរុងរឿងដូចគ្នា។ ដូច្នេះសម្រាប់គ្រូមិនបានទាមទារឱ្យសិស្សដឹងគុណនោះទេ ប៉ុន្តែក្នុងនាមយើងជាសិស្សដើម្បីឱ្យជីវិតរុងរឿងទទួលបានឱកាសល្អៗទាល់តែយើងគិតល្អដូចគ្នា។
ការលើកឡើងរបស់អ្នកគ្រូ សាន្ត កុសុមៈ ជុំវិញប្រធានបទដែលកំពុងក្តៅគគុកនៅលើបណ្តាញសង្គមនេះទទួលបានមតិប្រតិកម្មចម្រុះផងដែរដោយអ្នកមួយចំនួនបង្ហាញការយល់ស្របនិងយល់ពីអ្វីដែលកញ្ញាបាននិយាយ ប៉ុន្តែមតិខ្លះទៀតពុំពេញចិត្តឡើយ៕










