ស្តាប់លឺហើយ ពេញចិត្តខ្លាំងណាស់ សម្តីមួយៗ ច្បាស់ៗ ចំៗ ល្មមឲ្យដៃគូសន្ទនាថៃ អន់ចង់អស់អំណួត រឿងបិទបើកច្រកព្រំដែន យកមកជាសម្ពាធ មកលើភាគីកម្ពុជា ទាំងដែលកម្ពុជាមិនមែនជាអ្នកបង្កហេតុមុនឡើយ។

យោងតាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងឱកាសចូលរួមជំនួបក្រៅផ្លូវការមួយជាមួយលោក អានុទីន នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី សម្តេចធិបតីបានគូសបញ្ជាក់យ៉ាងច្បាស់ៗពីជំហរដែកថែបរបស់កម្ពុជា លើបញ្ហាព្រំដែន ដោយក្នុងនោះកម្ពុជាពុំទាន់មានភាពចាំបាច់ក្នុងការពិភាក្សាអំពីការបើកច្រកព្រំដែនគោកឡើងវិញនៅក្នុងពេលនេះទេ។
តាមការបញ្ជាក់របស់សម្ដេច ចំណុចសំខាន់ដែលបានលើកឡើងប្រាប់ទៅកាន់នាយករដ្ឋមន្រ្តីថៃរួមមាន៖
- ទី១. កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
- ទី២. ពាក់ព័ន្ធនឹងព្រំដែនសមុទ្ទ គឺសូមភាគីទាំងពីរបន្តដោះស្រាយ តាមរយៈយន្តការ«ផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation)» ក្រោម UNCLOS ដែលបាននិងកំពុងដំណើរការ។
- ដូចគ្នានេះនៅចំណុចទី៣ ដែលពាក់ព័ន្ធនឹងព្រំដែនគោក សម្ដេចបានគូសបញ្ជាក់ថា កម្ពុជារហូតមកដល់ពេលនេះ នៅតែជ្រើសរើសយកការដោះស្រាយតាមយន្តការទ្វេភាគីដែលមានស្រាប់គឺ JBC និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់។ ប៉ុនែ្តកម្ពុជាជំរុញអោយភាគីថៃរៀបចំតែងតាំងប្រធានJBC ថៃ និងជំរុញអោយចាប់ផ្តើមដំណើរការចុះវាស់វែង និងខ័ណ្ឌសីមាព្រំដែនអោយបានឆាប់ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃ ២៧ ធ្នូ ២០២៥ ចំណុចទី៣ ដែលភាគីទាំងពីរបានចុះហត្ថលេខា។
- រីឯចំណុចទី៤ ដែលជាចំណុចសំខាន់ និងចុងក្រោយ សម្ដេចនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ចំៗប្រាប់ទៅកាន់លោក អនុទីន ឲ្យភ្លឺភ្នែកនិងឈប់ដេកស្រមើស្រមៃថា «ពាក់ព័ន្ធនឹងការបើកច្រកព្រំដែនគោកឡើងវិញ គឺកម្ពុជាមិនមានការចាំបាច់ក្នុងការជជែកគ្នាក្នុងពេលនេះទេ» ដែលនេះជាការបិទផ្លូវមិនឱ្យភាគីថៃយកបញ្ហាសេដ្ឋកិច្ចព្រំដែនមកធ្វើជាល្បែងដោះដូរការទូតបានឡើយ។
.jpg)
ការបង្ហាញគោលជំហរដែកថែបរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅកាន់នាយករដ្ឋមន្រ្តីថៃ ត្រូវបានគេមើលឃើញថា គឺជាយុទ្ធសាស្ត្រការទូតដ៏មានប្រៀប និងមានភាពចាស់ទុំខ្ពស់ ក្នុងការតបតទៅនឹងចរិតក្រឡិកក្រឡុចរបស់ថៃ។ ជំហរមិនចាំបាច់បើកច្រកព្រំដែនគោក បានបង្ហាញឱ្យឃើញថា កម្ពុជានៅតែរក្សាបាននូវភាពស្ងប់ស្ងៀម ប៉ុន្តែមានយុទ្ធសាស្ត្ររឹងមាំក្នុងការការពារផលប្រយោជន៍ជាតិ។ កម្ពុជាបានបង្ហាញយ៉ាងច្បាស់ថា ទ្វារចរចានឹងបើកចំហ លុះត្រាតែភាគីថៃមានភាពស្មោះត្រង់ គោរពកិច្ចព្រមព្រៀងដែលមានស្រាប់ និងដើរស្របតាមប្រព័ន្ធច្បាប់អន្តរជាតិ (UNCLOS)។ ការព្យាយាមអុកឡុក ឬប្រើប្រាស់ការគំរាមកំហែងណាមួយពីសំណាក់មេដឹកនាំថៃ នឹងមិនអាចរំកិលជំហរដែកថែបរបស់កម្ពុជាបានឡើយ៕










