ស្របពេលដែលសមរភូមិច្បាប់សមុទ្រ UNCLOS នឹងចាប់ផ្ដើមក្នុងពេលដ៏ខ្លីខាងមុខ ភាគីកម្ពុជានិងថៃ បានជ្រើសរើសរួចរាល់ហើយនូវអ្នកច្បាប់អន្តរជាតិឆ្នើមដើម្បីធ្វើជាតំណាងរៀងៗខ្លួន។ ក្នុងនោះកម្ពុជា បានតែងតាំងសមាសភាពអ្នកច្បាប់អន្តរជាតិជើងខ្លាំងកម្រិតពិភពលោកចំនួន ២រូប ដែលមានបទពិសោធផ្នែកច្បាប់អន្តរជាតិចាស់វស្សា និងមានប្រវត្តិជោគជ័យក្នុងការដោះស្រាយក្ដីមិនធម្មតា រហូតទទួលបានការជឿទុកចិត្តយ៉ាងពេញទំហឹងពីរដ្ឋាភិបាលកម្ពុជា។ .jpg)
តើឥស្សរជនជើងខ្លាំងទាំងពីររូប ដែលនឹងត្រូវឡើងការពារអធិបតេយ្យភាព និងផលប្រយោជន៍ថាមពលរបស់កម្ពុជាទាំង ២រូប នេះគឺជានរណា?
បើយោងតាមរបាយការណ៍ពីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានឲ្យដឹងថា កំពូលអ្នកច្បាប់អន្តរជាតិ២រូប ដែលកម្ពុជាបានជ្រើសរើសនោះ រួមមាន៖
១. លោក ភីធ័រ ថាក់សូ-ជេនសិន (Peter Taksøe-Jensen)៖ លោកគឺជាអ្នកការទូតជើងចាស់ និងជាអ្នកជំនាញច្បាប់អន្តរជាតិដ៏ល្បីល្បាញជនជាតិដាណឺម៉ាក។ ភាពខ្លាំង និងភាពជោគជ័យដ៏ធំបំផុតរបស់លោក គឺលោកធ្លាប់ធ្វើជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ (UN) ហើយអ្វីដែលជារបកគំហើញប្រវត្តិសាស្ត្រនោះ លោកគឺជាប្រធានគណៈកម្មការផ្សះផ្សា នៅក្នុងវិវាទដែនសមុទ្រដ៏ក្តៅគគុកកាលពីឆ្នាំ២០១៦ រវាង ទីម័រខាងកើត និងអូស្ត្រាលី។ នៅក្នុងរឿងក្តីនោះ លោកបានដឹកនាំ និងសម្របសម្រួលដោយជោគជ័យ ជួយឱ្យប្រទេសទន់ខ្សោយដូចជាទីម័រខាងកើត អាចឈ្នះក្តីលើប្រទេសមហាអំណាចអូស្ត្រាលី និងទទួលបានការខណ្ឌសីមាដែនសមុទ្រដ៏យុត្តិធម៌មកវិញ។ បទពិសោធន៍នៃការវាយបកឈ្នះក្តីខ្នាតអន្តរជាតិនេះ បានធ្វើឱ្យកម្ពុជាមានទំនុកចិត្តខ្ពស់បំផុតថា លោកនឹងអាចជួយការពារផលប្រយោជន៍កម្ពុជាបានយ៉ាងរឹងមាំ។.jpg)
២. លោក ហ្សង់-ម៉ាក ទូវឺណាំង (Jean-Marc Thouvenin)៖ លោកគឺជាសាស្ត្រាចារ្យ និងជាអ្នកជំនាញច្បាប់អន្តរជាតិដ៏មានឥទ្ធិពលជនជាតិបារាំង។ បច្ចុប្បន្ន លោកមានតួនាទីជាអគ្គលេខាធិការនៃបណ្ឌិត្យសភាច្បាប់អន្តរជាតិទីក្រុងឡាអេ (The Hague Academy of International Law) ដែលជាបេះដូង និងជាស្ថាប័នច្បាប់កំពូលមួយរបស់ពិភពលោក។ លោកមានបទពិសោធន៍ដ៏ក្រាស់ក្រែលក្នុងការការពារក្តីនៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS) ដោយធ្លាប់ជួយដោះស្រាយវិវាទព្រំដែនទឹក និងដីគោកដ៏ស្មុគស្មាញជាច្រើនមកហើយ។ ចំណេះដឹងស៊ីជម្រៅ និងយុទ្ធសាស្ត្របកស្រាយច្បាប់របស់លោក នឹងក្លាយជាអាវុធគតិយុត្តិដ៏មុតស្រួចសម្រាប់ភាគីកម្ពុជា។
សូមបញ្ជាក់ថា ដំណើរការនៃនីតិវិធីសមុទ្រ UNCLOS ជុំវិញវិវាទតំបន់ត្រួតស៊ីគ្នា (OCA) រវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ននេះ មិនទាន់ឈានដល់ដំណាក់កាលបើកសវនាការតតាំងក្តីភ្លាមៗនោះឡើយ។ រហូតមកទល់ពេលនេះ ដំណើរការទើបតែឈានដល់ដំណាក់កាលរកឃើញ និងប្រកាសសមាសភាពអ្នកច្បាប់តំណាងភាគីទាំងពីរជាផ្លូវការរួចរាល់តែប៉ុណ្ណោះ (កម្ពុជា ២រូប និងថៃ ២រូប)។

ជំហានបន្ទាប់ គិតចាប់ពីពេលនេះតទៅ អ្នកច្បាប់ទាំង ៤រូបនេះ មានរយៈពេលកំណត់ត្រឹម ៣០ថ្ងៃ ដើម្បីជួបប្រជុំគ្នា និងបោះឆ្នោតជ្រើសរើសសមាជិកអព្យាក្រឹតទី៥ មកធ្វើជាប្រធានគណៈកម្មការផ្សះផ្សា។ នៅពេលសមាសភាពគណៈកម្មការទាំង ៥រូបត្រូវបានបង្កើតឡើងពេញលេញជាផ្លូវការ ទើបនីតិវិធីនៃការដាក់ឯកសារភស្តុតាង ប្លង់ផែនទី និងការបើកសវនាការដោះស្រាយវិវាទថាមពលតម្លៃ ៣០០ពាន់លានដុល្លារនេះ អាចចាប់ផ្តើមដំណើរការទៅមុខបាន ដែលដំណើរការក្តីទាំងមូលអាចនឹងត្រូវប្រើពេលពី ១ ទៅ ២ឆ្នាំ៕










