គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើជាថ្មីម្តងទៀតនូវកំណត់ទូត ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត។ នេះជាការបញ្ជូនកំណត់ទូតជាច្រើនលើកទៅកាន់គណៈកម្មការ JBC ភាគីថៃ ខណៈភាគីថៃបានបន្តគេចវេះ ដោយស្នើលើកពេលជាបន្តបន្ទាប់ក្រោមហេតុផលផ្សេងៗ បើទោះជាពេលនេះ ប្រទេសថៃមាននាយករដ្ឋមន្ត្រីថ្មី រួមទាំងគណៈរដ្ឋមន្ត្រីថ្មីក៏ដោយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះថ្ងៃទី១៦ ខែមិថុនា គណៈកម្មការ JBC ភាគីកម្ពុជាបានបញ្ជូនកំណត់ទូតជាច្រើនលើកទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង ប៉ុន្តែភាគីថៃបានឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលដូចជា៖ បំពេញនីតិវិធីផ្ទៃក្នុង រង់ចាំការបោះឆ្នោតថ្នាក់ជាតិ រង់ចាំការតែងតាំងនាយករដ្ឋមន្ត្រីថ្មី រង់ចាំការបោះឆ្នោតជ្រើសតាំងគណៈរដ្ឋមន្ត្រីថ្មី និងរង់ចាំការអនុម័តដោយគណៈរដ្ឋមន្ត្រីថៃលើការតែងតាំងប្រធាន និងសមាសភាពថ្មីនៃគណៈកម្មការ JBC ភាគីថៃ។.jpg)
រហូតដល់ពេលនេះ ទោះជានាយករដ្ឋមន្ត្រីថៃថ្មីត្រូវបានតែងតាំង ហើយគណៈរដ្ឋមន្ត្រីថៃថ្មីត្រូវបានបង្កើតឡើង និងដំណើរការកិច្ចប្រជុំជាច្រើនលើកមកហើយក៏ដោយ ក៏រដ្ឋាភិបាលថៃនៅតែពុំទាន់តែងតាំងប្រធាន និងសមាសភាពថ្មីនៃគណៈកម្មការ JBC របស់ខ្លួនជាផ្លូវការនៅឡើយ។ ការអូសបន្លាយពេលវេលានៃការតែងតាំងប្រធាន និងសមាសភាព JBC ថ្មី និងការមិនចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង គឺផ្ទុយនឹងខ្លឹមសារកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេស កថាខណ្ឌទី៣ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគីទាំងពីរបន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុត ព្រមទាំងអនុញ្ញាតឱ្យពលរដ្ឋវិលត្រឡប់ទៅផ្ទះវិញក្នុងពេលដ៏ឆាប់ដោយគ្មានការរារាំ ងប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ប៉ុន្តែលើដីជាក់ស្តែង ភាគីថៃបាននិងកំពុងបន្តកាន់កាប់ទឹកដីកម្ពុជា និងធ្វើសកម្មភាពខុសច្បាប់ ក្នុងគោលបំណងបង្កើតស្ថានភាពថ្មី ទោះបីជាកម្ពុជាបានតវ៉ាជាច្រើនលើកតាមផ្លូវការទូតក៏ដោយ។.jpg)
ផ្អែកតាមនីតិវិធី និងបែបបទការងារ ដែលបានឯកភាពគ្នានាពេលកន្លងមក និងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ថៃគប្បីចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះ (JSTs) ចុះលើដីជាក់ស្តែង ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងការងារនៅសេសសល់ ព្រមទាំងសហការរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស (អនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSc) និងក្រុមប្រតិបត្តិការ (OG)) ដូចដែលភាគីទាំងពីរធ្លាប់បានអនុវត្តកន្លងមកតាំងពីឆ្នាំ២០១៣-២០២៥ និងស្របតាមការការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ថា «ក្រុមការងារកម្រិតបច្ចេកទេសនៅបន្តអនុវត្តការងាររបស់ខ្លួនដដែល»។.jpg)
គណៈកម្មការ JBC ភាគីកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អលង្ការទៅនឹងសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ និងសកម្មភាពបន្តរំលោភបំពានលើបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា ព្រមទាំងការបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង។ គណៈកម្មការ JBC ភាគីកម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងទាំងពេលកន្លងមក បច្ចុប្បន្ន និងអនាគត៕










