តារាចម្រៀង ស៊ូ ស៊ីរីកា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងច្រើនបន្ទាប់ពីតារាស្រីរូបនេះបានចូលរួមក្នុងកិច្ចសម្ភាសន៍មួយនិងបានលើកឡើងពីបញ្ហាប្រឈមដែលស្រ្តីជួបប្រទះ ជាពិសេសទាក់ទងនឹងរូបរាងមានសាច់មានឈាមរបស់នាងដែលត្រូវបានមនុស្សមួយចំនួនរិះគន់កន្លងមកថាធាត់បែបនេះមិនសមធ្វើជាអ្នកចម្រៀង។

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា ស៊ូ ស៊ីរីកា គឺតារាចម្រៀងមួយរូបស្ថិតនៅក្នុងផលិតកម្មថោនដោយបានកសាងកេរ្តិ៍ឈ្មោះមានការទទួលស្គាល់យ៉ាងទូលំទូលាយតាមរយៈបទចម្រៀងល្បីៗជាច្រើន។ យ៉ាងណាទន្ទឹមនឹងដំណើរនៅក្នុងអាជីពសិល្បៈ ស៊ូ ស៊ីរីកា បានប្រឈមមុខទៅនឹងការរិះគន់មើលរំលងសមត្ថភាពរបស់នាងដូចគ្នាដោយសារតែរូបរាងរបស់នាង។ បន្ទាប់ពីចាកចេញពីទ្រនំថោន ប៉ុន្មានឆ្នាំចុងក្រោយនេះ ស៊ីរីកា រងនូវការបាក់ទឹកចិត្ត បន្ទាប់ពីមានរឿងជាបន្តបន្ទាប់ទាំងការបាត់បង់ជីដូននិងមានជម្លោះគ្រួសារ។.png)
យ៉ាងណាក៏ដោយរយៈពេលចុងក្រោយនេះគេក៏បានឃើញ ស៊ូ ស៊ីរីកា បានវិលមកកាន់ឆាកតន្រ្តីវិញរួមទាំងការសម្តែងវីដេអូខ្លីៗប្រម៉ូតផលិតផលទៀតផង។ ជុំវិញការប្រែប្រួលរូបរាងធាត់ជាងមុននិងបញ្ហាក្នុងជីវិតផ្សេងទៀត ស៊ូ ស៊ីរីកា បានលើកឡើងនៅក្នុងកម្មវិធី 3 Fun ជាពិសេសការលើកឡើងរបស់តារាចម្រៀងរូបនេះដែលយល់ពីទុក្ខលំបាករបស់ស្រ្តីបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។
ម្ចាស់បទ «ស្តាយមួយជីវិត» បានលើកឡើងថា មនុស្សស្រីមួយចំនួនឡើងគីឡូដោយសារតែការមានកូនហើយវាពិបាកនឹងសម្រកមកវិញដោយសារតែកត្តាផ្សេងៗ ហើយការឡើងគីឡូរបស់មនុស្សម្នាក់ៗតែងតែមានរឿងរ៉ាវនៅពីក្រោយមិនមែនសុទ្ធតែបណ្តាលមកពីការញុំាច្រើននោះទេ។ ស៊ីរីកា លើកឡើងទៀតថា បញ្ហារបស់មនុស្សម្នាក់ៗគឺមានរៀងៗខ្លួនដូច្នេះកុំឱ្យមានការប្រៀបធៀបគ្នា។ 
ជាមួយគ្នានេះដែរ ស៊ីរីកា បាននិយាយទៀតថា កាលពីមុននាងខំសម្រកទម្ងន់ដើម្បីផ្គាប់ចិត្តទស្សនិកជនប៉ុន្តែនៅតែរងការរិះគន់លើរូបរាងនាងដដែល។ តារាចម្រៀងរូបនេះថា រូបរាងរបស់នាងគឺបែបនេះ នាងកើតមកគឺមានដើមទ្រូងនិងត្រកៀកធំស្រាប់ដូច្នេះវាពិបាកនឹងមើលទៅឃើញស្គមណាស់៕










