តារាចម្រៀង ព្រាប សុវត្ថិ ដែលមានងារជាឧកញ៉ា រួមជាមួយនឹងតារាចម្រៀង ពេជ្រ សោភា និង ឌីជេ ស្តី បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីអ្នកទាំងបីបានឡើងឆាកសម្តែងជាមួយគ្នាបន្ទាប់ពីរយៈពេលជាច្រើនឆ្នាំ។ នេះត្រូវបានចាត់ទុកថាជាឱកាសកម្រជាមួយនឹងការជួបជុំនេះខណៈអ្នកគាំទ្រនៅតែសរសើរដែលបទពីមុននៅតែមានប្រជាប្រិយភាព។

« U Better Not Come Home» ពីតារាចម្រៀង ព្រាប សុវត្ថិ ពេជ្រ សោភា និង ឌីជេ ស្តីបានចេញនៅឆ្នាំ២០០៥ ពីស្នាដៃនិពន្ធដោយលោក សុខ ជំនោរ ដែលជាកំណែពីបទបរទេសនៅតែទាក់ទាញចិត្តទស្សនិកជនទោះបីជាកន្លងផុតអស់រយៈពេល២ទសវត្សរ៍។ ការចាប់អារម្មណ៍នេះត្រូវបានរីកសាយភាពបន្ទាប់ពីតារាចម្រៀងទាំងបីរូបបានសម្តែងរួមគ្នានៅឯផាប់មួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។

សម្រាប់តារាចម្រៀង ពា្រប សុវត្ថិ និងអ្នកនាង ពេជ្រ សោភា ទស្សនិកជនបានឃើញអ្នកទាំងពីរបង្ហាញខ្លួនជាញឹកញាប់សម្រាប់ការសម្តែងរបស់ខ្លួនប៉ុន្តែសម្រាប់ឌីជេ ស្តី វិញរូបលោកកម្រនឹងបង្ហាញខ្លួនតាមការប្រគំតន្រ្តីណាស់។ នេះត្រូវបានគេមើលឃើញថាជាទិដ្ឋភាពដ៏កម្រហើយអ្នកគាំទ្រមានការរំភើបចិត្តសម្រាប់ការសម្តែងបទ « U Better Not Come Home» ពីសិល្បករទាំង៣។ ក្រៅពីបទនេះអ្នកទាំង៣ ក៏បានរម្លឹកអនុស្សាវរីយ៍ជាមួយហ្វេនៗតាមរយៈបទល្បីៗរបស់ពួកគេនៅក្នុងផលិតកម្មរស្មីហង្សមាសផងដែរ។

មុននឹងការជួបជុំនេះ តារាចម្រៀង ពេជ្រ សោភា និងឌីជេ ស្តី បានបង្ហាញខ្លួនជាមួយគ្នានៅក្នុងការប្រគំតន្រ្តីមួយដោយបានលើកយកបទ «Better Day» បានអង្រួននៅលើឆាក។
គួរបញ្ជាក់ផងដែរថា ឌីជេ ស្តី បានបង្ហាញសកម្មភាពសិល្បៈយូរៗម្តងហើយ Legend រូបនេះនៅតែទទួលបានការគាំទ្រពីទស្សនិកជនដដែល ជាពិសេសរូបលោកទោះបីជាមានវ័យជ្រេប៉ុន្តែនៅតែរក្សាកម្លាំងថាមពលយ៉ាងពេញទំហឹងនៅលើឆាកមិនចាញ់សិល្បករក្មេងៗឡើយ៕










