ចា.ញ់ខាងបាល់ទាត់តែឈ្នះវិញខាងប្រាជ្ញា! ក្រុមនិស្សិតខ្មែរបានសាងប្រវត្តិសាស្ត្រថ្មីជូនជាតិ ដោយការគ្រងតំណែង «ជើងឯក» ក្នុងកម្មវិធីប្រកួតជជែកដេញដោលលំដាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (JCI ASPAC 2026) នៅប្រទេសជប៉ុន ក្រោយវាយបកផ្តួលក្រុមខ្លាំងមកពីប្រទេសថៃ ម៉ាឡេស៊ី និងម៉ុងហ្គោលី យ៉ាងចាស់ដៃ។
.jpg)
យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការពីសភាពាណិជ្ជកម្មយុវជនអន្តរជាតិ (Junior Chamber International – JCI) និងវិទ្យាស្ថាន ខេមអេដ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមនិស្សិតតំណាងកម្ពុជាបានដណ្តើមបានមេដាយមាស និងពានរង្វាន់ជើងឯកនៅក្នុងព្រឹត្តិការណ៍ JCI ASPAC Niigata 2026 Debating Championship ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុង Niigata ប្រទេសជប៉ុន។ សមាសភាពយុវជនឆ្នើមដែលបានរួមចំណែកលើកតម្កើងកិត្តិយសជាតិរួមមាន លោក ស៊ាង ធានសឹង្ហ, កញ្ញា អ៊ុង ខេមរាបូណ៌មីច័ន្ទ និងកញ្ញា ស្លេះ រ៉យ្យ៉ាន។

នៅក្នុងដំណើរផ្លូវឆ្ពោះទៅរកការគ្រងមកុដជើងឯកនេះ ក្រុមនិស្សិតតស៊ូមតិរបស់កម្ពុជាបានឆ្លងកាត់ឧបសគ្គ និងការប្រកួតយ៉ាងស្វិតស្វាញ ដោយបានបំបែកកំណត់ត្រាយកឈ្នះគូប្រជែងមកពីបណ្តាប្រទេសធំៗជាបន្តបន្ទាប់ តាមរយៈវោហារស័ព្ទ និងយុទ្ធសាស្ត្រវែកញែកយ៉ាងមុតស្រួច រហូតឈានដល់ជំនួបដណ្តើមពាននៅវគ្គផ្ដាច់ព្រាត់ ផ្ដួលគូប្រកួតតំណាងប្រទេសម៉ុងហ្គោលី និងលើកពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជូនមាតុភូមិបានសម្រេច។
.jpg)
ជោគជ័យជាប្រវត្តិសាស្ត្ររបស់យុវជនកម្ពុជានៅលើទឹកដីជប៉ុននាពេលនេះ ទទួលបានការអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំងក្លាពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី។ សមិទ្ធផលនេះមិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួនរបស់វិទ្យាស្ថាន និងក្រុមនិស្សិតប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីកម្មស្រស់ស្រាលបង្ហាញថា ក្មេងជំនាន់ក្រោយរបស់កម្ពុជាមានសមត្ថភាពចំណេះដឹង និងវោហារស័ព្ទអន្តរជាតិ មិនចាញ់និស្សិតមកពីបណ្តាប្រទេសជឿនលឿនដទៃឡើយ។
តាមរយៈការគ្រងតំណែងជាម្ចាស់ជើងឯកតំបន់អាស៊ី-ប៉ាស៊ីហ្វិក (JCI ASPAC 2026) នេះ ក្រុមនិស្សិតឆ្នើមកម្ពុជាទាំង ៣ រូប នឹងត្រូវធ្វើដំណើរទៅតំណាងឱ្យតំបន់ទាំងមូល ដើម្បីចូលរួមប្រកួតជម្រុះជើងឯកពិភពលោក (JCI World Public Speaking & Debating Championship) ក្នុងព្រឹត្តិការណ៍ JCI World Congress ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នាប្រទេសហ្វីលីពីន៕










