វាលខ្សាច់តាក្លាម៉ាកាន (Taklamakan Desert) ដែលមានទំហំធំបំផុតស្ថិតនៅតំបន់ស៊ីនជាំង (Xinjiang) ភាគពាយ័ព្យប្រទេសចិន ត្រូវបានទឹកជំនន់វាយប្រ.ហារកាលពីដើមខែមិថុនា ឆ្នាំ២០២៦ ដោយសារសីតុណ្ហភាពកើនឡើងខ្ពស់ខុសធម្មតា ភ្លៀងធ្លាក់ច្រើន និងផ្ទាំងទឹកកករលាយយ៉ាងឆាប់រហ័ស។ នេះជាគ្រោះធម្មជាតិដ៏កម្រ ពីព្រោះតាមធម្មតា វាលខ្សាច់នេះនឹងមានទឹកជំនន់នៅខែសីហា ដែលជាពេលសីតុណ្ហភាពឡើងកំដៅខ្លាំងបំផុត។
.jpg)
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរចិនបានប្រកាសទៅកាន់ពលរដ្ឋនៅតំបន់ស៊ីនជាំង និងតំបន់ជុំវិញ ឱ្យទប់ទល់នឹងហានិភ័យដែលកើតឡើងដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅរដូវក្តៅនេះ ដោយបញ្ជាក់ថា ទឹកជំនន់វាយប្រហារវាលខ្សាច់ស្ងួតហួតហែង បណ្តាលមកពីកត្តា៣ រួមមាន៖
១-សីតុណ្ហភាពឡើងកំដៅខ្លាំងខុសប្រក្រតីរហូតដល់៣៨អង្សាសេ ដែលខ្ពស់ជាងសីតុណ្ហភាពធម្មតាដល់ទៅ៧.៣អង្សាសេ ក្នុងអំឡុងពេលដូចគ្នា
២-ការរលាយផ្ទាំងទឹកកកយ៉ាងលឿននៅតាមជួរភ្នំធំៗ ដូចជា ភ្នំធៀនសាន និងភ្នំគុនលុន
៣-ភ្លៀងធ្លាក់ខ្លាំងខុសធម្មតា ផ្នែកខ្លះនៃតំបន់ស៊ីនជាំង បរិមាណទឹកភ្លៀងកើនឡើងរហូតដល់៣ដង។
បើតាមមន្ត្រីឧតុនិយមចិន ទឹកដែលហូរធ្លាក់យ៉ាងខ្លាំងពីលើភ្នំ បានចាក់ចូលទៅកាន់ទន្លេតារីម (Tarim River) ដែលជាទន្លេវែងជាងគេរបស់ចិន បណ្តាលឱ្យបាក់ច្រាំង និងជន់លិចចូលតំបន់ទំនាបវាលខ្សាច់ ហើយវាកំពុងគំរាមកំហែងការធ្វើដំណើរតាមផ្លូវថ្នល់ ផ្លូវរថភ្លើង ទីតាំងបូមប្រេង និងហ្គាសក្នុងតំបន់ ដោយណែនាំឱ្យពលរដ្ឋ និងភ្ញៀវទេសចរ តាមដានស្ថានការណ៍ជាប្រចាំ និងផ្លាស់ប្តូរគម្រោងធ្វើដំណើរដើម្បីសុវត្ថិភាព។ ទឹកជំនន់នឹងស្រកវិញយ៉ាងលឿនដោយសារកម្រិតសំណើមទាប ការហួតខ្លាំង និងមានជួរភ្នំខ្ពស់ៗនៅព័ទ្ធជុំវិញវាលខ្សាច់តាក្លាម៉ាកាន។ 
សូមរំឭកថា ទឹកជំនន់លិចវាលខ្សាច់តាក្លាម៉ាកាន មិនមែនទើបតែកើតឡើងជាលើកដំបូងទេ គឺបានកើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ រួមមាន ៖ នៅឆ្នាំ២០២១, ២០២២, ២០២៤ និងចុងក្រោយបង្អស់នាដើមខែមិថុនានេះ។ បើទោះជាមើលពីលើអាកាសឃើញទឹកហូរឆ្លងកាត់វាលខ្សាច់ពណ៌មាស មានភាពស្រស់ស្អាតក៏ដោយ ប៉ុន្តែវាបង្កហានិភ័យដល់ពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ៕










