ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាពេលខ្លះ ទោះបីជាយើងបានងូតទឹកដុសសាប៊ូយ៉ាងស្អាត និងបាញ់ទឹកអប់យ៉ាងក្រអូបពីខាងក្រៅហើយក៏ដោយ ក៏នៅតែមានធំក្លិនខ្លួនជូរ ឬឆួលប្លែកៗចេញមកដដែល? ចម្លើយនោះគឺ ក្លិនខ្លួនមិនមែនកើតឡើងតែពីភាពកខ្វក់ខាងក្រៅនោះទេ ប៉ុន្តែវាត្រូវបានបង្កើតឡើងចេញពីរបបអាហារដែលយើងបានញ៉ាំចូលទៅជារៀងរាល់ថ្ងៃ។.jpg)
តាមបែបវិទ្យាសាស្ត្រ រាងកាយរបស់យើងមានក្រពេញញើសពីរប្រភេទ។ ញើសធម្មតាដែលចេញមកគឺគ្មានក្លិននោះទេ ប៉ុន្តែនៅពេលដែលរាងកាយរបស់យើងធ្វើការរំលាយអាហារ សមាសធាតុគីមី និងជាតិពុលមួយចំនួនមិនអាចរំលាយអស់តាមវដ្តធម្មតា ក៏ត្រូវបានបណ្តេញចេញមកក្រៅវិញតាមរយៈខ្យល់ដង្ហើម និងក្រពេញញើស (ក្លិនខ្លួន)។
ខាងក្រោមនេះជាក្រុមអាហារជើងខ្លាំង ដែលតែងតែលួចបំប្លែងក្លិនខ្លួនរបស់យើងដោយមិនដឹងខ្លួន៖
១. ក្រុមគ្រឿងទេសបុក និងខ្ទឹមស៖ នៅក្នុងខ្ទឹមស និងខ្ទឹមក្រហម មានផ្ទុកសារធាតុសរីរាង្គម្យ៉ាងហៅថា «អាលីស៊ីន» (Allicin) ដែលសម្បូរទៅដោយជាតិស៊ុលហ្វួរ (Sulfur) ឬជាតិស្ពាន់ធ័រ។ នៅពេលយើងញ៉ាំម្ហូបដែលមានបុកគ្រឿងខ្លាំងៗ ការី ឬខ្ទឹមសច្រើន សារធាតុទាំងនេះនឹងជ្រាបចូលទៅក្នុងចរន្តឈាមភ្លាមៗ។ រួចវានឹងធ្វើដំណើរទៅកាន់សួត ធ្វើឱ្យដង្ហើមរបស់យើងធំក្លិនឆួល និងជះចេញមកតាមរន្ធញើស ដែលជួនកាលអាចជាប់ក្លិនរហូតដល់ទៅ ២៤ ម៉ោងឯណោះ បើទោះជាយើងខំដុសធ្មេញ ឬដុសសាប៊ូយ៉ាងណាក៏ដោយ។
២. សាច់ក្រហម៖ ការញ៉ាំសាច់គោ ឬសាច់ជ្រូកក្នុងបរិមាណច្រើនពេក គឺជាការដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធរំលាយអាហារ។ សាច់ក្រហមមានផ្ទុកអាស៊ីតអាមីណេក្រាស់ៗ ដែលតម្រូវឱ្យពោះវៀនប្រើប្រាស់ថាមពល និងពេលវេលាយូរដើម្បីបំបែកវា។ ដំណើរការដ៏យឺតយ៉ាវនេះ បណ្តាលឱ្យកាកសំណល់សាច់ចាប់ផ្តើមភាយនូវជាតិពុល និងក្លិនមិនល្អ រួចជះចេញមកក្រៅតាមរន្ធញើស។ ការសិក្សាមួយថែមទាំងបានបង្ហាញថា មនុស្សដែលមិនសូវញ៉ាំសាច់ក្រហម មានក្លិនខ្លួនស្រាល និងទាក់ទាញជាងអ្នកដែលចូលចិត្តញ៉ាំសាច់ខ្លាំង។.jpg)
៣. បន្លែត្រកូលស្ពៃ៖ ទោះបីជាវាល្អចំពោះសុខភាព ប៉ុន្តែរំខានក្លិនខ្លួន។ បន្លែល្អៗដូចជា ស្ពៃក្តោប ផ្កាស្ពៃខៀវ (Broccoli) និងខាត់ណា អាចជាដើមហេតុនៃក្លិនខ្លួនមិនល្អ។ បន្លែទាំងនេះសម្បូរទៅដោយជាតិសរសៃ និងជាតិស៊ុលហ្វួរខ្ពស់។ នៅពេលដែលបាក់តេរីក្នុងពោះវៀនធ្វើការបំបែកពួកវា វានឹងបង្កើតជាហ្គាស និងសមាសធាតុធំក្លិន រួចបញ្ចេញមកក្រៅតាមរយៈការភើ ការផោម និងការបែកញើស ដែលធ្វើឱ្យញើសរបស់យើងមានក្លិនស្រដៀងនឹងស៊ុតស្អុយ។.jpg)
៤. គ្រឿងស្រវឹង និងកាហ្វេ៖
គ្រឿងស្រវឹង៖ នៅពេលយើងផឹកស្រា រាងកាយនឹងចាត់ទុកវាជាជាតិពុល ហើយព្យាយាមបណ្តេញវាចេញតាមគ្រប់ច្រក។ ស្រាមួយផ្នែកធំនឹងត្រូវបំប្លែងជាអាស៊ីតអាសេទិក រួចភាយចេញមកតាមខ្យល់ដង្ហើម និងរន្ធញើស ធ្វើឱ្យអ្នកផឹកស្រាច្រើនមានក្លិនខ្លួនជូរអែមប្លែកគេ។
កាហ្វេអ៊ីន៖ ការផឹកកាហ្វេច្រើន នឹងទៅរំញោចប្រព័ន្ធសរសៃប្រសាទកណ្តាល និងដាស់ក្រពេញញើសឱ្យធ្វើការហួសប្រមាណ។ ម្យ៉ាងទៀត កាហ្វេធ្វើឱ្យស្ងួតមាត់ ដែលជាឱកាសល្អធ្វើឱ្យបាក់តេរីក្នុងមាត់លូតលាស់លឿន បង្កឱ្យមានក្លិនមាត់មិនល្អថែមទៀត។.jpg)
យ៉ាងណាមិញ យើងមិនចាំបាច់ត្រូវបោះបង់អាហារល្អៗទាំងនេះចោលទាំងស្រុងនោះទេ ប៉ុន្តែយើងអាចគ្រប់គ្រងវាបាន។ ប្រសិនបើអ្នកមានធុរៈសំខាន់ ឬត្រូវចេញទៅក្រៅ គួរតែកាត់បន្ថយការញ៉ាំអាហារទាំងនេះមួយថ្ងៃមុន។ ទន្ទឹមនឹងនេះ វិធីសាស្ត្រដ៏ពូកែ និងងាយស្រួលបំផុតគឺ «ការញ៉ាំទឹកស្អាតឱ្យបានច្រើន»។ ទឹកនឹងដើរតួជាអ្នកលាងសម្អាតផ្ទៃក្នុង ដោយជួយពង្រាវរាល់សមាសធាតុបង្កក្លិន និងបណ្តេញជាតិពុលទាំងនោះចេញតាមទឹកនោមជំនួសវិញ ដែលធ្វើឱ្យញើសរបស់យើងមានសភាពស្រាល និងគ្មានក្លិនរំខានដល់អ្នកជុំវិញខ្លួនឡើយ៕










