ក្រុមហ៊ុនអាកាសចរណ៍ខ្សែកាបខ្នាតយក្ស SpaceX របស់មហាសេដ្ឋី Elon Musk កំពុងឈានជើងចូលទៅកៀកនឹងការបង្កើតប្រវត្តិសាស្ត្រហិរញ្ញវត្ថុថ្មីមួយទៀតហើយ ដោយត្រៀមប្រែក្លាយបុគ្គលិកទាំងចាស់និងថ្មីរបស់ខ្លួនរហូតដល់ចំនួន ៤,៤០០ នាក់ ឱ្យក្លាយជាសេដ្ឋីប្រាក់លានគ្រប់ៗគ្នានៅថ្ងៃស្អែកនេះ តាមរយៈការបើកលក់ភាគហ៊ុនក្នុងទីផ្សារបន្ទាប់ (Secondary Market) ក្នុងតម្លៃប្រមាណ ២១០ ពាន់លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុផ្ទៃក្នុង ការបង្កើតសេដ្ឋីប្រាក់លានក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងពេលដ៏ខ្លីបែបនេះ គឺកើតចេញពីការអនុវត្តគោលនយោបាយផ្តល់ភាគហ៊ុនលើកទឹកចិត្ត (Stock Options) និងភាគហ៊ុនជាប់លក្ខខណ្ឌ (RSUs) យ៉ាងទូលំទូលាយ។ ឱកាសមាសនេះមិនមែនសម្រាប់តែថ្នាក់ដឹកនាំជាន់ខ្ពស់នោះទេ ពោលគឺបុគ្គលិកគ្រប់ជាន់ថ្នាក់ចាប់តាំងពី វិស្វករ អ្នកបច្ចេកទេស រហូតដល់បុគ្គលិករដ្ឋបាលទូទៅ សុទ្ធតែមានឱកាសក្ដោបក្ដាប់លុយលាន តាមរយៈកញ្ចប់ភាគហ៊ុនលើកទឹកចិត្តរបស់ក្រុមហ៊ុន។
.jpg)
ខុសប្លែកពីក្រុមហ៊ុនបច្ចេកវិទ្យាដទៃដែលប្រមូលផ្តុំភាគហ៊ុនតែនៅលើក្រុមមេដឹកនាំជាន់ខ្ពស់ ក្រុមហ៊ុន SpaceX បានបែងចែកភាគហ៊ុនទាំងនោះទៅដល់ដៃបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលធ្វើឱ្យពួកគេមានសិទ្ធិកាន់កាប់កញ្ចប់ភាគហ៊ុនស្របច្បាប់ដែលមានតម្លៃចាប់ពី ១ លានដុល្លារអាមេរិកឡើងទៅ ផ្អែកលើតម្លៃទីផ្សារថ្មីនេះ។.jpg)
យោងតាមការវាយតម្លៃរបស់អ្នកជំនាញទីផ្សារភាគហ៊ុន ទោះបីជាការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ផ្លូវការនៅលើផ្សារភាគហ៊ុនធំៗនៅតែជាផែនការយុទ្ធសាស្ត្ររយៈពេលវែងក៏ដោយ ប៉ុន្តែការបើកឱកាសឱ្យដកសាច់ប្រាក់នៅថ្ងៃស្អែកនេះ នឹងត្រូវធ្វើឡើងតាមរយៈកម្មវិធីដេញថ្លៃលក់ភាគហ៊ុនផ្ទៃក្នុង (Liquidity Events) ដែលក្រុមហ៊ុនតែងតែរៀបចំឡើង ២ ដងក្នុងមួយឆ្នាំ ដើម្បីអនុញ្ញាតឱ្យបុគ្គលិកទាំងអស់អាចបំប្លែងភាគហ៊ុនរបស់ខ្លួនទៅជាសាច់ប្រាក់សុទ្ធភ្លាមៗពីវិនិយោគិនឯកជន។ 
ផ្អែកលើទិន្នន័យចុងក្រោយ កញ្ចប់ទឹកប្រាក់សរុបដែលក្រុមវិនិយោគិនត្រៀមទិញយកពីបុគ្គលិកនៅក្នុងជុំនេះ មានទំហំរហូតដល់ទៅ ៥០០ លានដុល្លារអាមេរិក ដែលជាចំនួនទឹកប្រាក់ដ៏មហិមា និងអាចជួយដោះស្រាយសាច់ប្រាក់ជូនបុគ្គលិកបានភ្លាមៗដោយមិនបាច់រង់ចាំក្រុមហ៊ុនចូលផ្សារភាគហ៊ុនឡើយ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការផ្លាស់ប្តូរជីវិតរបស់បុគ្គលិករាប់ពាន់នាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពមួយបង្ហាញពីជោគជ័យនៃការចែករំលែកផលចំណេញរបស់ក្រុមហ៊ុនទៅកាន់កម្លាំងពលកម្មស្នូលរបស់ខ្លួនផងដែរ៕










