គន្លឹះបោះជំហានដើម្បីឈានទៅរកគោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លាររួមគ្នា! រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបង្កើនល្បឿនតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងហូជីមិញ-ម៉ុកបៃ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។

យោងតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសមភាគីវៀតណាម ភាគីទាំងពីរបានឯកភាពគ្នាជំរុញឱ្យគម្រោងយុទ្ធសាស្ត្រឆ្លងដែននេះលេចចេញជារូបរាងឡើងតាមផែនការដែលបានគ្រោងទុក។ គម្រោងតភ្ជាប់សេដ្ឋកិច្ចឆ្លងដែននេះត្រូវបានបែងចែកជាពីរខ្សែសង្វាក់ផលិតកម្ម ដោយភាគីកម្ពុជាបានដំណើរការគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលមានប្រវែង ១៣៥ គីឡូម៉ែត្រ ក្រោមទុនវិនិយោគប្រមាណ ១.៣ ពាន់លានដុល្លារអាមេរិក។ គម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីពាក់កណ្តាលឆ្នាំ២០២៣ និងកំពុងដំណើរការយ៉ាងសកម្ម ដោយរំពឹងថានឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៧។ .jpg)
ដោយឡែក ភាគីវៀតណាមមានគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ ដែលមានប្រវែងជិត ៥១ គីឡូម៉ែត្រ ក្រោមទុនវិនិយោគប្រមាណ ៧៥សែនប្រាំលានដុល្លារអាមេរិក ដោយគ្រោងនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំនេះ ដើម្បីបញ្ចប់ឱ្យទាន់ពេលវេលានៅចុងឆ្នាំ២០២៧ ដូចគ្នា។.jpg)
យោងតាមការវាយតម្លៃរបស់អ្នកជំនាញសេដ្ឋកិច្ច នៅពេលដែលខ្សែផ្លូវល្បឿនលឿនទាំងពីរនេះត្រូវបានតភ្ជាប់គ្នាជាធ្លុងមួយ វានឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ និងដឹកជញ្ជូនទំនិញរវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញមកត្រឹមតែចន្លោះពី ២.៥ ទៅ ៣ ម៉ោងប៉ុណ្ណោះ។ ការណ៍នេះនឹងជួយកាត់បន្ថយថ្លៃដើមភស្តុភារកម្មយ៉ាងច្រើនសម្រាប់ក្រុមហ៊ុនអាជីវកម្ម និងពន្លឿនខ្សែច្រវាក់ផ្គត់ផ្គង់ឆ្លងដែន។
.jpg)
ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពគ្នាជំរុញឱ្យមានការសិក្សាលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឆ្លងដែន និងការសម្របសម្រួលសាមញ្ញកម្មលើនីតិវិធីគយនៅតាមច្រកទ្វារព្រំដែន ដើម្បីធ្វើយ៉ាងណាឱ្យលំហូរពាណិជ្ជកម្មទ្វេភាគីអាចឈានទៅសម្រេចបានតាមគោលដៅ ២០ ប៊ីលានដុល្លារអាមេរិក នាពេលអនាគតដ៏ខ្លីខាងមុខ៕










