ខ្មាសគេតិចអី? សូម្បីតែអ្នកជំនាញជាន់ខ្ពស់របស់ថៃ ក៏ចេញមុខជេរប្រមាថមេដឹកនាំខ្លួនឯងចំៗថា «ខ្វះប្រាជ្ញា និងខ្វះការយល់ដឹង» ក្នុងការដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយកម្ពុជាដែរ!ការរិះគន់យ៉ាងក្តៅគគុកនេះ បានផ្ទុះឡើងបន្ទាប់ពីលោក Akkharaphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងជាសាស្ត្រាចារ្យដ៏ល្បីរបស់ថៃបានយល់ឃើញថា មេដឹកនាំថៃបច្ចុប្បន្នកំពុងដើរយុទ្ធសាស្ត្រនយោបាយខុស ដោយលេងសើចនឹងអារម្មណ៍ជាតិនិយមជ្រុល ដើម្បីតែផលប្រយោជន៍បក្សពួក និងប្រជាប្រិយភាពផ្ទាល់ខ្លួនជាជាងប្រយោជន៍ជាតិពិតប្រាកដ។

យោងតាមអត្ថបទវិភាគស៊ីជម្រៅមានចំណងជើងថា «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS» ដែលបង្ហោះនៅលើ គណនីបណ្តាញសង្គម Facebook ផ្លូវការ របស់លោក លោកសាស្ត្រាចារ្យ Akkharaphong Khamkhun បានបញ្ចេញមតិរិះគន់ធ្ងន់ៗយ៉ាងបើកចំហថា ការដែលរដ្ឋាភិបាលថៃសម្រេចលុបចោល MOU 2001 ជាឯកតោភាគី គឺជាការដើរក្រឡានយោបាយដ៏ល្ងង់ខ្លៅបំផុត ដែលមិនត្រឹមតែបំផ្លាញកេរ្តិ៍ឈ្មោះជាតិខ្លួនឯងលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជា «អាវុធដ៏មុតស្រួច» បើកផ្លូវឱ្យកម្ពុជាប្ដឹងទៅកាន់អង្គការសហប្រជាជាតិ (UN) ដើម្បីឈ្នះក្តីតាមផ្លូវច្បាប់អន្តរជាតិទាំងស្រុង។

នៅក្នុងការសរសេរបកអាក្រាតតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនោះ លោក Akkharaphong បានវែកញែកត្រង់ៗថា ក្រុមអ្នកនយោបាយថៃដែលទាមទារឱ្យលុបចោល MOU 2001 តាមពិតទៅមិនទាំងបានអានខ្លឹមសារនៃកិច្ចព្រមព្រៀងនោះឱ្យបានច្បាស់លាស់ផង ពោលគឺពួកគេគ្រាន់តែធ្វើឡើងក្នុងល្បិចកលនយោបាយទឹកកខ្វក់ ដើម្បីកៀរគរប្រជាប្រិយភាពពីក្រុមអ្នកជាតិនិយមជ្រុល និងដើម្បីការពារកៅអីអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។
.jpg)
លោកបានប្រើប្រាស់ពាក្យសម្តីធ្ងន់ៗប្រៀបធៀបថា ការដែលកម្ពុជាចេញសេចក្តីថ្លែងការណ៍វាយបកតាមផ្លូវច្បាប់ភ្លាមៗ វាប្រៀបដូចជា «ការទះកំផ្លៀងចំមុខមេដឹកនាំថៃ» យ៉ាងដំណំ និងបានបង្ហាញទៅកាន់ពិភពលោកថា ថៃជាប្រទេសដែលគ្មានសច្ចៈ មិនគោរពពាក្យសន្យាលើសន្ធិសញ្ញាដែលខ្លួនបានចុះហត្ថលេខាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។.jpg)
ការដើរក្រឡាខុសដោយផ្អែកលើអារម្មណ៍ស្អប់ខ្ពើម និងខ្វះយុទ្ធសាស្ត្រច្បាស់លាស់របស់មេដឹកនាំថៃលើកនេះ បានក្លាយជា «ការបើកឱកាស» ដ៏ធំធេងឱ្យភាគីកម្ពុជាក្តោបក្តាប់ប្រៀបឈ្នះផ្នែកច្បាប់នីតិសមុទ្រយ៉ាងណែនក្នុងដៃ។ វាបានបើកផ្លូវស្របច្បាប់ឱ្យកម្ពុជា បញ្ជូនលិខិតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដើម្បីចាប់ផ្តើមដំណើរការផ្សះផ្សាដោយបង្ខំស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ភ្លាមៗ។ អត្ថបទវិភាគជឿនលឿន និងឈរលើការពិតដោយគ្មានការភ័យខ្លាចរបស់បញ្ញវន្តថៃរូបនេះហើយ ទើបធ្វើឱ្យ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់ថ្នាក់យកអត្ថបទដើមទាំងស្រុងពី Facebook នោះ មកចែករំលែកបន្តជាសាធារណៈ ដើម្បីដាស់តឿនឱ្យអ្នកដឹកនាំថៃបច្ចុប្បន្នគួរតែចេះស្តាប់គំនិតរបស់បញ្ញវន្តខ្លួនឯង ជាជាងការធ្វើនយោបាយតាមអារម្មណ៍។.jpg)
ជាចុងក្រោយ លោក Akkharaphong បានផ្តល់អនុសាសន៍យ៉ាងមុតស្រួចថា បើចង់ឱ្យវិវាទរវាងប្រទេសទាំងពីរបញ្ចប់ទៅដោយសន្តិវិធី មេដឹកនាំថៃត្រូវតែ «ឈប់ប្រើប្រាស់អារម្មណ៍ស្អប់ខ្ពើម ហើយត្រឡប់មកដោះស្រាយបញ្ហាដោយផ្អែកលើវិទ្យាសាស្ត្រ និងច្បាប់អន្តរជាតិ»។ ភាគីថៃត្រូវតែហ៊ានប្រឈមមុខតាមផ្លូវច្បាប់ និងបង្កើតគណៈកម្មការចម្រុះមកអង្គុយជជែកគ្នាជាមួយកម្ពុជាឡើងវិញ ជៀសវាងការប្រើប្រាស់វោហាសាស្ត្រជាតិនិយមអុជអាល ដែលអាចដឹកនាំប្រទេសជិតខាងទាំងពីរទៅរកការប៉ះទង្គិចអាវុធតាមព្រំដែនជាថ្មីដូចកាលពីអតីតកាល៕










