Home ព័ត៌មានអន្តរជាតិ អ្នកជំនាញថៃជំរុញឱ្យរដ្ឋាភិបាលដោះស្រាយជម្លោះព្រំដែនតាមរយៈវិធីជាច្រើន ជាជាងចង់ឈ្នះតែម្យ៉ាង

អ្នកជំនាញថៃជំរុញឱ្យរដ្ឋាភិបាលដោះស្រាយជម្លោះព្រំដែនតាមរយៈវិធីជាច្រើន ជាជាងចង់ឈ្នះតែម្យ៉ាង

111
0

លោក និឆាន ស៊ីងហាក់ពុតថាងគូន (Nichan Singhaputargun) អ្នកជំនាញខាងការសិក្សាពីសន្តិភាព និងជាប្រធានស្តីទីនៃមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីសម្រាប់ការអភិវឌ្ឍអន្តរជាតិ បានលើកឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្នុងសារព័ត៌មាន Nation Online ថា ដំណោះស្រាយជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ គឺទាមទារឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតជាមុនសិន ដោយណែនាំឱ្យរដ្ឋាភិបាលថៃបោះចោលនូវគំនិត «យកឈ្នះ» និងងាកមក «រួមរស់ជាមួយគ្នាដោយសន្តិវិធី» វិញ ដោយការដោះស្រាយ​តាមវិធីជាច្រើន។

អ្នកជំនាញរូបនេះធ្លាប់បានសិក្សាពីជម្លោះព្រំដែនដែលកើតឡើងនៅប្រទេសនានាលើពិភពលោក ដោយប្រទេសទាំងនោះអាចចរចាបង្កើតសន្តិភាពឡើងវិញ ហើយក៏បានយកជម្លោះទាំងនោះមកប្រៀបធៀបជាមួយជម្លោះព្រំដែនរវាងកម្ពុជា-ថៃនាពេលបច្ចុប្បន្ន ដោយណែនាំទៅកាន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ឱ្យស្វែងរកសន្តិភាពជាមួយកម្ពុជា ល្អជាងប្រកាន់យកគំនិតចង់ឈ្នះ។

លោកលើកឡើងថា ប្រសិនបើរដ្ឋាភិបាលថៃនៅតែដោះស្រាយជម្លោះព្រំដែនដោយប្រកាន់ខ្ជាប់តែលើការយកឈ្នះតែម្យ៉ាងនោះ នឹងធ្វើឱ្យជម្លោះរវាងប្រទេសទាំងពីររីករាលដាលកាន់តែវែងឆ្ងាយ មិនអាចនាំមកនូវសន្តិភាពយូរអង្វែងឡើយ។ ការដោះស្រាយជម្លោះដ៏ត្រឹមត្រូវ គឺរដ្ឋាភិបាលមិនគួរជ្រើសយកវិធីតែមួយទេ ប៉ុន្តែត្រូវដោះស្រាយតាមរយៈវិធីជាច្រើន រួមមាន ច្បាប់អន្តរជាតិ យន្តការទ្វេភាគី ការគ្រប់គ្រងតំបន់រួម អភិវឌ្ឍន៍ផលប្រយោជន៍រួម និងកសាងទំនុកចិត្តយូរអង្វែង។

សន្តិភាពពិតប្រាកដមិនមែនកើតឡើងដោយសារការឈប់បាញ់តែមួយទេ ប៉ុន្តែបានមកពីការស្តារទំនាក់ទំនងជាមួយគ្នាជាថ្មីរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល, រវាងតំបន់ព្រំដែន និងតំបន់ផ្សេងទៀត ។ រដ្ឋាភិបាលគួរតែផ្លាស់ប្តូរផ្នត់គំនិតជាតិនិយម ដោយបញ្ឈប់ការលើកយកបញ្ហាព្រំដែនជាមួយកម្ពុជាដើម្បីកេងចំណេញនយោបាយផ្ទៃក្នុង ដែលញុះញង់ឱ្យមានស្មារតីជាតិនិយមជ្រុល ព្រមទាំងបើកចិត្តឱ្យទូលាយទទួលយកទស្សនៈរបស់ភាគីម្ខាងទៀតក្នុងគោលបំណងកាត់បន្ថយភាពតានតឹង។

ចុងក្រោយ លោកសំណូមពរឱ្យប្រែក្លាយពីព្រំដែនជម្លោះទៅជាតំបន់សេដ្ឋកិច្ច ឬវប្បធម៌រួម ដែលផ្តល់នូវផលប្រយោជន៍ដល់ពលរដ្ឋប្រទេសទាំងពីរ, ចរចាការទូត ជាជាងការគំរាមកំហែងផ្នែកយោធា ព្រមទាំងជំរុញឱ្យមានការប្រាស្រ័យទាក់ទង និងជួញដូរទំនិញរវាងពលរដ្ឋនៅតាមព្រំដែនឡើងវិញឈានទៅរកទំនុកចិត្តទ្វេភាគី។

សូមរំឭកថា អ្នកវិភាគជាច្រើនទៀតក៏លើកឡើងដែរថា លោក Anutin និងគណបក្សភូមិចៃថៃ ដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន បានទាញយកផលប្រយោជន៍នយោបាយយ៉ាងធំធេងពីជម្លោះព្រំដែនជាមួយកម្ពុជា ដើម្បីឈ្នះឆ្នោតកាលពីខែកុម្ភ កន្លងទៅ។ លើសពីនេះ ថែមទាំងប្រគល់សិទ្ធិសម្រេចពេញលេញលើកិច្ចព្រំដែនទៅឱ្យកងទ័ព ទើបធ្វើឱ្យនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នទទួលបានការគាំទ្រកាន់តែខ្លាំងពីកងទ័ព និងក្រុមជាតិនិយមជ្រុល៕