ប៉ីប៉ី ឌី ដែលជាមនុស្សល្បីល្បាញលើបណ្តាញសង្គមបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ម្តងទៀតដោយបានបុករះម៉ូតូ៤គ្រឿងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ មិនបង្អង់យូរ ប៉ីប៉ី ឌី បានបញ្ជាក់នៅលើបណ្តាញសង្គមពីមូលហេតុនៃគ្រោះថ្នាក់នេះខណៈបានដោះស្រាយគ្នាតាមជាក់ស្តែងដោយមានការដឹងឮពីមន្រ្តីប៉ូលិស។
.png)
នៅយប់ថ្ងៃទី៧ ខែមិថុនា ប៉ីប៉ី ឌី បានប្រកាសនៅលើបណ្តាញសង្គមរបស់លោកថា «គ្រោះថ្នាក់ល្ងាចមិញ គឺដោយសារឈប់ស្តុប ហើយខ្ញុំច្រលំជាន់ហ្គាស បណ្តាលឱ្យបុកម៉ូតូ4 នៅខេត្តសៀមរាប។ វាជាកំហុសអចេតនារបស់ខ្ញុំ ហើយបងប្អូននៅកន្លែងនោះក៏បានឃើញដែរថា ទ្វារឡានគៀបនឹងម៉ូតូបើកមិនចេញ បងៗដែលជាម្ចាស់ម៉ូតូក៏បានប្រាប់ដែរថា មិនអីទេ ចុះអត់កើតទេ ដោះស្រាយគ្នាតាមជាក់ស្តែងក៏បាន»។

បុគ្គលល្បីឈ្មោះរូបនេះបានបញ្ជាក់ថា គ្រោះថ្នាក់នេះក៏មានប៉ូលិសមកអន្តរាគមន៍ភ្លាមៗ ដោយមិនមានអ្នកបាក់ដៃជើងដូចព័ត៌មានចុះផ្សាយទេ គឺមានតែបងប្រុសម្នាក់រលាត់ជើង ហើយគាត់ក៏បានទៅscan និងអេកូរួចរាល់ដែរ ថាមិនមានបញ្ហាអីទេ។ ពួកយើងបានសម្រួលគ្នា ខ្ញុំក៏បានសងការខូចខាត ដោយមានប៉ូលិសដឹងលឺ និងការយល់យោគពីសាម៉ីខ្លួនផ្ទាល់»។

គ្រោះថ្នាក់ចរាចរណ៍នេះក៏បានបង្កឱ្យមានការជជែកវែកញែកនៅលើបណ្តាញសង្គមសាជាថ្មីដោយអ្នកដែលស្អប់លោកបានខម្មិនឌឺដងជាមួយនឹងពាក្យថាយុគ្គ៩ ជាដើម។ យ៉ាងណាសម្រាប់អ្នកគាំទ្រដែលនៅតែជឿជាក់លោកបានផ្តល់កម្លាំងចិត្តនិងតបទៅកាន់អ្នកស្អប់នោះវិញថាគ្រោះថ្នាក់គឺមើលមិនឃើញឡើយមិនមែនជាយុគ្គ៩ យុគ្គ១០អ្វីនោះទេ។
អ្នកខ្លះក៏លើកឡើងថា ប៉ីប៉ី ឌី ហាក់មានរាសីដាក់ជាខ្លាំងពីព្រោះលោកទើបតែជួបគ្រោះថ្នាក់ចរាចរណ៍លើកមុន ហើយត្រឹមរយៈពេលខ្លីបានជួបគ្រោះថ្នាក់ម្តងទៀត។ គួរឱ្យដឹងថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ប៉ីប៉ី ឌី បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយគេចម៉ូតូមួយគ្រឿងទៅប៉ះឡានដែលកំពុងចតនៅលើផ្លូវដោយគ្រោះថ្នាក់នេះបានបញ្ចប់ដោយការសងសំណងខណៈពុំមានអ្នករងរបួសពីហេតុការណ៍នេះឡើយ៕










