ឃើញហើយព្រឺរោម! សហរដ្ឋអាមេរិកបានរកឃើញវត្តមានដង្កូវប៉ារ៉ាសិតស៊ីសាច់ស្រស់ប្រភេទ New World Screwworm ជាលើកដំបូងក្នុងរយៈពេល ៦០ ឆ្នាំ ដែលបង្កការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំងពេញពិភពលោក។ ប៉ារ៉ាសិតដ៏គួរឱ្យខ្លាចនេះ ត្រូវបានរកឃើញលើកូនគោអាយុ ៣ សប្តាហ៍មួយក្បាល នៅភាគខាងត្បូងរដ្ឋតិចសាស់ ក្បែរព្រំដែនម៉ិកស៊ិក ដោយវាបានបង្ហាញពីលក្ខណៈជីវសាស្ត្រដ៏សាហាវ និងគួរឲ្យខ្លាចរអាដែលខុសពីដង្កូវរុយធម្មតា។.jpg)
យោងតាមរបាយការណ៍ផ្លូវការពីក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) ប៉ារ៉ាសិតប្រភេទនេះមិនស៊ីជាលិកាងាប់ឡើយ គឺពួកវាខាំចោះស៊ីតែសាច់ស្រស់ៗ និងជាលិការស់របស់សត្វដែលមានឈាមក្តៅទាំងរស់ពីខាងក្នុង។ ដង្កូវនេះកើតចេញពីរុយញីដែលពងដាក់លើរបួសតូចៗ ឬសូម្បីតែស្នាមមូសខាំ ឬទងផ្ចិតកូនសត្វកើតថ្មី ហើយនៅពេលកូនដង្កូវរាប់រយក្បាលញាស់ភ្លាម ពួកវានឹងប្រើមាត់មុតស្រួចរបស់វាខាំទម្លុះសាច់ បណ្តាលឱ្យសត្វរងគ្រោះងាប់ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃបើគ្មានការព្យាបាល។
ទោះជាយ៉ាងណា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានបញ្ជាក់ថា ហានិភ័យនៃការឆ្លងដល់មនុស្សមានកម្រិតទាបខ្លាំង ប៉ុន្តែក៏មិនមែនមិនអាចឆ្លងសោះដែរ។ ដូចគ្នានេះវាអាចបំផ្លាញឧស្សាហកម្មចិញ្ចឹមសត្វ និងបង្កការខាតបង់រហូតដល់ ១,៨ ពាន់លានដុល្លារ។ ដើម្បីឆ្លើយតបនឹងគ្រោះអាសន្ននេះ អាជ្ញាធរអាមេរិកបានដាក់តំបន់ចត្តាឡីស័កក្នុងរង្វង់ ២០ គីឡូម៉ែត្រ ដាក់ពង្រាយកងទ័ពឆ្កែហិតក្លិន (Beagle Brigade) នៅតាមព្រំដែន និងត្រៀមលែង «រុយអនកូន» រាប់លានក្បាលទៅក្នុងធម្មជាតិដើម្បីបង្អាក់ការបន្តពូជ។
គួររំលឹកផងដែរថា ដង្កូវប៉ារ៉ាសិតស៊ីសាច់ស្រស់ New World Screwworm នេះ ត្រូវបានរកឃើញជាលើកដំបូងបំផុតនៅលើពិភពលោកនៅក្នុងសតវត្សរ៍ទី១៩ ហើយវាធ្លាប់ត្រូវបានសហរដ្ឋអាមេរិកប្រើប្រាស់បច្ចេកវិទ្យាវិទ្យាសាស្ត្រទំនើបកម្ចាត់ឱ្យរលាយសាបសូន្យទាំងស្រុងពីទឹកដីរបស់ខ្លួនតាំងពីឆ្នាំ ១៩៦៦ មកម៉្លេះ មុនពេលវាកម្រើកឡើងវិញយ៉ាងគួរឱ្យរន្ធត់នាពេលនេះ។.jpg)
ការកម្រើកឡើងវិញនៃដង្កូវប៉ារ៉ាសិតដ៏គ្រោះថ្នាក់នេះ កំពុងតែដាស់តឿនដល់បណ្តាប្រទេសជុំវិញពិភពលោក ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់លើប្រព័ន្ធជីវសុវត្ថិភាព និងការត្រួតពិនិត្យការចល័តសត្វពាហនៈឆ្លងដែន។ ក្រុមអ្នកជំនាញផ្នែកសុខភាពសត្វបានព្រមានថា ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃសីតុណ្ហភាពសកលលោក អាចជាកត្តាជំរុញឱ្យសត្វល្អិតចម្លងរោគ និងប៉ារ៉ាសិតសាហាវៗទាំងនេះ បន្តពង្រីកវិសាលភាពរស់នៅ និងរាលដាលចូលទៅកាន់តំបន់ថ្មីៗដែលមិនធ្លាប់មានពីមុនមក ដែលទាមទារឱ្យមានកិច្ចសហការអន្តរជាតិយ៉ាងស្អិតរមួតក្នុងការទប់ស្កាត់៕










