ភ្នាក់ងារស្រាវជ្រាវជាតិឥណ្ឌូណេស៊ី (BRIN) កាលពីដើមខែមិថុនា ឆ្នាំ២០២៦ បានបង្កើតបច្ចេកវិទ្យាថ្មីឈ្មោះ «Pyrolysis» ដែលអាចបំលែងកាកសំណល់ផ្លាស្ទិកទៅជាប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ។ វាមានសមត្ថភាពបំលែងសំរាមរហូតដល់១.២៥តោនក្នុងមួយថ្ងៃ ហើយជំហានបន្ទាប់ សមត្ថភាពបំលែងនឹងកើនឡើងរហូតដល់៥តោនក្នុងមួយថ្ងៃ ដើម្បីដោះស្រាយវិបត្តិការបំពុលដោយកាកសំណល់ផ្លាស្ទិកដ៏ច្រើនក្នុងប្រទេស និងជួយកាត់បន្ថយបរិមាណសំរាមនៅតាមទីលានចាក់សំរាម ។.jpg)
កាលពីថ្ងៃទី១ ខែមិថុនា អ្នកស្រាវជ្រាវមកពីភ្នាក់ងារ BRIN ឱ្យដឹងថា បច្ចេកវិទ្យាថ្មីនេះមានឈ្មោះជាផ្លូវការ គឺ «ប្រេងឥន្ធនៈរាវពីកាកសំណល់ផ្លាស្ទិកជាមួយបច្ចេកវិទ្យា Pyrolysis កម្រិតខ្ពស់សម្រាប់វិស័យឧស្សាហកម្ម» ។ វាធ្វើប្រតិបត្តិការជាច្រើនដំណាក់កាលបន្តបន្ទាប់គ្នា ដោយការដាក់បញ្ចូលកាកសំណល់ផ្លាស្ទិកទៅក្នុងម៉ាស៊ីនបំលែងបានភ្លាមៗ និងពុំចាំបាច់បែងចែក ឬជ្រើសរើសប្រភេទជាមុនឡើយ ។

បច្ចុប្បន្ន បច្ចេកវិទ្យានេះកំពុងត្រូវបានអភិវឌ្ឍន៍បន្ថែមទៀតដើម្បីបង្កើនសមត្ថភាពបំលែងសំរាមរហូតដល់៥តោនក្នុងមួយថ្ងៃ ខណៈបច្ចេកវិទ្យាកន្លងមករបស់ឥណ្ឌូណេស៊ី អាចបំលែងសំរាមត្រឹមតែ៤០០គីឡូក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ ។.jpg)
ចំណែកប្រេងផលិតចេញមក ត្រូវបានគេហៅថា «Petasol» ដែលឆ្លងកាត់ការពិសោធន៍ និងមានការទទួលស្គាល់ពីគុណភាពស្តង់ដារស្មើនឹងប្រេងម៉ាស៊ូតប្រភេទ Biodiesel សម្រាប់យកទៅប្រើប្រាស់ក្នុងឧស្សាហកម្ម ម៉ាស៊ីនភ្លើង និងរោងចក្រនានា ។.jpg)
អ្នកស្រាវជ្រាវភ្នាក់ងារ BRIN សង្ឃឹមថា បច្ចេកវិទ្យានេះដែរ នឹងជួយជំរុញដល់កំណើនរោងចក្រ និងមជ្ឈមណ្ឌលកែច្នៃសំរាមនៅទូទាំងប្រទេស ។ វាក៏ជួយបង្កើនតម្លៃដល់កាកសំណល់ផ្លាស្ទិក ព្រមទាំងលើកកម្ពស់ការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាពក្នុងប្រទេស ។

គួរបញ្ជាក់ថា ការបង្កើតបច្ចេកវិទ្យានេះឡើងក្នុងគោលបំណងដោះស្រាយវិបត្តិការបំពុលដោយកាកសំណល់ផ្លាស្ទិកដ៏ច្រើននៅឥណ្ឌូណេស៊ី ក៏ដូចជាជួយកាត់បន្ថយបរិមាណសំរាមនៅតាមទីលានចាក់សំរាម, ទទួលបានផលប្រយោជន៍សេដ្ឋកិច្ចពីកាកសំណល់ និងជំរុញសន្តិសុខថាមពលដោយការបង្កើតប្រភពថាមពលជំនួស ៕










