យកល្បិចចាស់ដដែលៗមកប្រើទៀតហើយ! នៅពេលកម្ពុជាចាប់បង្ខំថៃឱ្យដោះស្រាយវិវាទដែនសមុទ្រដោយប្រើប្រាស់ច្បាប់អន្តរជាតិ (UNCLOS) កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ស្រាប់តែកងទ័ពថៃប្រឌិតរឿងគ្រាប់មីនភ្លែត ពិតជាមិនចោលល្បិចចាស់មែន! ដើម្បីពន្យារពេល គេចវេះ មិនចង់ដោះស្រាយបញ្ហានៅអន្តរជាតិរួមគ្នាជាមួយកម្ពុជា ។
កាលពីថ្ងៃទី២ ខែមិថុនា កងទ័ពថៃបានយកគ្រាប់មីនថ្មីមកបង្កប់នៅតំបន់មុំបី រួចហើយចោទប្រកាន់កងទ័ពកម្ពុជា ដែលល្បិចនេះកងទ័ពថៃតែងតែប្រើប្រាស់ដើម្បីទម្លាក់កំហុស និងមួលបង្កាច់រហូតមក ។ វាគ្រាន់តែជាល្បិចពន្យារពេល គេចវេះមិនចង់ដោះស្រាយបញ្ហានៅអន្តរជាតិជាមួយកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាផ្ញើលិខិតជូនដំណឹងផ្លូវការទៅកាន់រដ្ឋាភិបាលថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ។
កងទ័ពថៃបានបន្តភូតកុហកបោកប្រាស់ពលរដ្ឋខ្លួនឯង និងអន្តរជាតិ ដោយរៀបចំឆាករកឃើញគ្រាប់មីនថ្មី ចំនួន១គ្រាប់ នៅតំបន់មុំបី កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២ ខែមិថុនា ហើយថា នឹងប្តឹងកម្ពុជាទៅកាន់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។ ការយកបញ្ហាគ្រាប់មីនមកចោទប្រកាន់ម្តងហើយម្តងទៀត នឹងពុំធ្វើឱ្យអន្តរជាតិជឿឡើយ ពីព្រោះវាជាល្បិចដដែលៗពេក ហើយប្រទេសណាក៏ដឹងដែរថា គ្រាន់តែជាការរៀបចំឆាកមួលបង្កាច់ប្រទេសជិតខាងប៉ុណ្ណោះ មុនពេលកងទ័ពថៃបើកការឈ្លានពានកាលពីឆ្នាំ២០២៥ ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod បន្ទាប់ពីកងទ័ពថៃចោទប្រកាន់កម្ពុជារួចហើយ មន្ត្រីពាក់ព័ន្ធនឹងធ្វើការតវ៉ាពីរឿងមីនទៅកាន់ថ្នាក់តំបន់ ព្រមទាំងប្តឹងទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចាត់វិធានការ ។
កន្លងមក ក្រសួងការពារជាតិ និងអាជ្ញាធរមីនកម្ពុជា បានប្រកាសបដិសេធយ៉ាងដាច់អហង្ការរួចមកហើយ ដោយសារការចោទប្រកាន់នេះ គឺជាការប្រឌិតគ្មានភស្តុតាងច្បាស់លាស់ ។ កម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា មិនដែលផលិត ឬដាក់ពង្រាយមីនថ្មីទេ ហើយកម្ពុជាធ្លាប់អំពាវនាវឱ្យមានការស៊ើបអង្កេតរួមគ្នាប្រកបដោយតម្លាភាព ជាជាងចោទប្រកាន់ធ្វើឱ្យបាត់បង់ទំនុកចិត្តរវាងប្រទេសទាំងពីរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមិថុនា កន្លងមក កងទ័ពថៃប្រមាណពី៤០ ទៅ៥០នាក់ បានចូលមករាយរបងបន្លាលួសប្រវែងប្រហែល១៥០ម៉ែត្រនៅភាគនិរតីនៃចំណុចយុទ្ធសាស្ត្រ ជិតច្រកឆងបុក ស្រុកណាមយឿន ខេត្តឧប៊ុនរ៉ាជថានី (តំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ) ។ កម្ពុជាបានផ្ញើលិខិតផ្លូវការទៅកាន់ RBC ថៃ ដើម្បីតវ៉ាដាច់អហង្ការចំពោះសកម្មភាពនេះ ដោយចាត់ទុកជាការរំលោភលើកិច្ចព្រមព្រៀង និងអធិបតេយ្យភាពរបស់កម្ពុជាក្នុងតំបន់មិនទាន់មានខណ្ឌសីម៉ាព្រំដែនច្បាស់លាស់ ៕










