ពេលផ្សព្វផ្សាយអ្វីដែលជាអត្ថប្រយោជន៍សម្រាប់វប្បធម៌ជាតិអ្នករិះគន់មិនបានសរសើរឬចូលរួមសកម្មភាពគាំទ្រឡើយ។ ផ្ទុយទៅវិញគ្រាន់តែហូប ហ៊ីង និងជាស អ្នកមិនពេញចិត្តទាំងនោះអង្គុយចាំតែទើស។ ឃើញសកម្មភាពទាំងនេះ ទេព បូព្រឹក្ស បានឌឺដងទៅកាន់អ្នករិះគន់និងឱ្យពួកគេធ្វើខ្លួនឱ្យមានប្រយោជន៍។
កាលពីកន្លងមកនេះតារាចម្រៀង ទេព បូព្រឹក្ស បានធ្វើវីដេអូ Mukbang ពីការហូបហ៊ីងនិងជាស ដែលធ្វើឱ្យមនុស្សមួយចំនួនវែកញែកនិងរិះគន់មកកាន់តារាចម្រៀងរូបនេះដោយចាត់ទុកសកម្មភាពរបស់នាងមិនសមរម្យ។ អ្នករិះគន់ខ្លះថែមទាំងបោះសម្តីធ្ងន់ៗមកកាន់តារាចម្រៀងរូបនេះទៀតផង។
យ៉ាងណាមិញនាបំណាច់ខែឧសភា នេះតារាចម្រៀង ទេព បូព្រឹក្ស បានស្លៀកពាក់យ៉ាងស្រស់ស្អាតផ្សព្វផ្សាយតំបន់អង្គរបន្ថែមពីការចូលរួមលេង Trend បទ Hooligan ជាមួយនឹង ជី ដេវីត កន្លងមក។ វីដេអូដែលទើបបង្ហោះនេះ ទេព បូព្រឹក្ស បានសរសេរថា «សៀមរាប ទីក្រុងដ៏អស្ចារ្យ ឋានសួគ៌ក្រោមមេឃ មានរបស់ដែលមានតម្លៃជាច្រើននៅទីនេះ ដែលមានតែមួយលើលោក »។ នៅក្នុងវីដេអូនេះ ទេព បូព្រឹក្ស បានស្លៀកពាក់សម័យកាលខ្មែរបារាំង ដោយបានធ្វើដំណើរជុំវិញប្រាសាទតាមមធ្យោបាយតុកតុក។ ទេព បូព្រឹក្ស ក៏បានបង្ហាញពីម្ហូបអាហារផ្លែឈើឆ្ងាញ់ៗនៅតំបន់នោះផងដែរ។

ក្រៅពីចូលរួមផ្សព្វផ្សាយកន្លែងទេសចរណ៍នៅខេត្តសៀមរាប គណនីហ្វេកប៊ុករបស់តារាចម្រៀងរូបនេះក៏បានចង្អុលត្រង់ៗទៅកាន់អ្នករិះគន់នាងរឿងហូបជាសនិងហ៊ីងនាពេលកន្លងមក។
ទេព បូព្រឹក្ស បានសរសេរថា «សង្ឃឹមថាបងប្អូននឹងជួយស៊ែរ videoមួយនេះឱ្យដូចvideoញុំាហ៊ីងនិងជាសផងណា ហើយpageខ្លះដែលខំផុស video ញុំាហ៊ីងនិងជាសហ្នឹងក៏ជួយយកvideoបែបនេះទៅផុសផង ហើយអ្នកខំមិនជេដៀលខ្ញុំក្នុង videoហ៊ីងជាសទាំងប៉ុន្មានបើអត់បានទាន់ធ្វើអីចេញមួយរឿងទេ ចូលមកនេះជួយស៊ែរឱ្យមានប្រយោជន៍តិចមើល»។

នេះត្រូវបានចាត់ទុកថា ទេព បូព្រឹក្ស បានវាយបកទៅកាន់អ្នករិះគន់និងឱ្យពួកគេធ្វើខ្លួនឱ្យមានប្រយោជន៍ចូលរួមចែករំលែកវីដេអូរបស់នាងដែលផ្សព្វផ្សាយពីប្រាសាទអង្គរវត្ត ម្ហូបអាហារនៅទីនោះជាជាងអង្គុយចាំតែទើសនាងគ្រប់ពេលវេលាមិនលើកឡើងសូម្បីតែការហូបអីរបស់នាង៕










