Home ព័ត៌មានជាតិ ការលុបចោលវីដេអូសុខភាពរបស់ Dr. Tong ក្លាយជារឿងដ៏ចម្រូងចម្រាស់ក្នុងបណ្ដាញសង្គម

ការលុបចោលវីដេអូសុខភាពរបស់ Dr. Tong ក្លាយជារឿងដ៏ចម្រូងចម្រាស់ក្នុងបណ្ដាញសង្គម

99
0

ករណីដែល លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី (Dr. Tong) ប្រកាសលុបរាល់វីដេអូអប់រំសុខភាពទាំងអស់ពីបណ្ដាញសង្គម តាមការណែនាំពីគណៈគ្រូពេទ្យកម្ពុជា បានក្លាយជាប្រធានបទក្តៅគគុក និងបង្កើតឱ្យមានការដេញដោលគ្នាយ៉ាងខ្លាំងពីសំណាក់មហាជន។ ការសម្រេចចិត្តដកខ្លឹមសារអប់រំទាំងនេះ បានឆ្លុះបញ្ចាំងពីក្តីបារម្ភជាថ្មីជុំវិញតុល្យភាពនៃសីលធម៌សង្គម ព្រមទាំងការអនុវត្តច្បាប់រវាងមាតិកាមានប្រយោជន៍ និងមាតិការបំពុល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS0hsc8-GLgrzeGQD_xMr6HsQqF8r_b7125PwF00RaL-NCitnROOymAbV-nCrpYPZdN5FofCFSx9Ri3OM_5rMP1UxrvnE0Raz_L9_zNmLN5ghu0bGS45YHOc2KVP9ClYONtnCCy3taPzGPK9V1BInlJluKmLgPQ-0InehhQK1Ht3R-3H95cQkpwHa-kpo/s1280/photo_2026-06-03_09-06-23.jpg

បន្ទាប់ពីការប្រកាសរបស់ Dr. Tong កាលពីរសៀលថ្ងៃទី២ ខែមិថុនា នៅលើបណ្ដាញសង្គម សាធារណជនជាច្រើនបានសម្តែងការមិនពេញចិត្ត និងងឿងឆ្ងល់យ៉ាងខ្លាំងចំពោះចំណាត់ការរឹតបន្តឹងនេះ។ ប្រជាពលរដ្ឋបានលើកឡើងថា វីដេអូរបស់ Dr. Tong កន្លងមកមានសារៈសំខាន់ក្នុងការផ្តល់ចំណេះដឹងថែទាំសុខភាពទូទៅដល់ពលរដ្ឋទន់ខ្សោយដែលគ្មានលទ្ធភាពជួបគ្រូពេទ្យផ្ទាល់ ហើយអ្វីដែលធ្វើឱ្យមហាជនផ្ទុះការជជែកដេញដោលនោះគឺ «ស្តង់ដារនៃការគ្រប់គ្រងមាតិកា»។ ប្រជាពលរដ្ឋបានប្រៀបធៀបថា ខណៈពេលដែលមាតិកាអប់រំវិទ្យាសាស្ត្រ និងសុខភាពត្រូវបានតម្រូវឱ្យសុំច្បាប់អនុញ្ញាតយ៉ាងម៉ឺងម៉ាត់ ក្រុមអ្នកលក់ផលិតផលអនឡាញមួយចំនួនធំ ដែលផ្សព្វផ្សាយពាណិជ្ជកម្មភូតភរ បោកប្រាស់ និងពន្លើសការពិត បែរជាអាចឡាយ (Live) លក់ដូរ និងបំពុលសង្គមដោយសេរី ដោយមិនមានការរឹតបន្តឹង ឬលុបចោលឱ្យមានប្រសិទ្ធភាពដូចករណីនេះឡើយ។ ការណ៍នេះធ្វើឱ្យមហាជនបារម្ភថា សង្គមឌីជីថលនឹងសម្បូរទៅដោយព័ត៌មានមិនពិត និងខ្វះខាតមាតិកាមានតម្លៃអប់រំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieQmJ2SfmZTCKFykvZAhEcDUqAA57qDwEjiBgo_Q7-DxXHdduRM6UWbZ__A0-4N_nmcZf4hpniQz6m5gUqrM-tB30UwK7ilHihpQQERUGDE_tkzwWONjg3Tud9adxkBnK4LMZ562ypP39lHXLsoM-onNVjqMNjA0w5u3Q99dB-yNU8zIuwEzZ1RiRareg/s958/photo_2026-06-03_09-06-20.jpg

ជាការឆ្លើយតបទៅនឹងការវែកញែកនេះ គណៈគ្រូពេទ្យកម្ពុជា បានបញ្ជាក់ជំហរផ្លូវការថា រាល់ការណែនាំគឺធ្វើឡើងដើម្បីការពារតម្លៃនិងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈវេជ្ជសាស្ត្រតែប៉ុណ្ណោះ។ យោងតាមក្រមសីលធម៌ សមាជិកគ្រូពេទ្យទាំងអស់អាចចូលរួមផ្សព្វផ្សាយក្នុងគោលបំណងអប់រំសុខភាព និងបង្ការជំងឺបាន ប៉ុន្តែត្រូវបានបដិសេធដាច់ខាតចំពោះការផ្សព្វផ្សាយដែលក្នុងន័យ លើកតម្កើងខ្លួនឯង ឬក្រុមរបស់ខ្លួន ដើម្បីទាញរកផលប្រយោជន៍ពាណិជ្ជកម្មផ្ទាល់ខ្លួន។ លើសពីនេះ គណៈគ្រូពេទ្យបានសង្កត់ធ្ងន់ថា រាល់មាតិកាផ្សព្វផ្សាយក្នុងវិស័យសុខាភិបាល ត្រូវតែឆ្លងកាត់ការពិនិត្យ និងមានលិខិតអនុញ្ញាតត្រឹមត្រូវពីស្ថាប័នសមត្ថកិច្ចជាមុនសិន ដើម្បីធានាថាព័ត៌មានទាំងនោះត្រឹមត្រូវតាមបច្ចេកទេស និងមិនបង្កការភាន់ច្រឡំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA5LsiprnPVTZwM28NwTWG9UM40AElfBIsQNA-Qiknf1dFyglTyH8xArO8PhznYUwwIuedOCJVaqPKiEqirIhx7pQ-fcGYfku3OKW99zeFra_MjJ4wrmgz4MWSxpNnzrFABMBiI52mELdk-URYkeVRZ012icJ4WRWnSwSwFD33dpGSc_TCCVWgczSwpYk/s1280/photo_2026-06-03_09-06-23%20(2).jpg

ដោយឡែក ខាងភាគីលោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី (Dr. Tong) វិញ លោកក៏បានបង្ហាញជំហរទន់ភ្លន់ និងសហការដោយការគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំវិជ្ជាជីវៈ។ លោកបានបញ្ជាក់ច្បាស់ថា មែនទែនទៅលោកពិតជាមានកំហុស ដោយសារតែលោកបានបង្ហោះវីដេអួដែលផ្សព្វផ្សាយអំពីផលិតផលមួយដែលមិនមានលិខិតអនុញ្ញាត ដូច្នេះលោកបានសម្រេចចិត្តលុបវីដេអូទាំងអស់ចេញពីគណនីផ្លូវការរបស់លោកតាមការណែនាំពីគណៈគ្រូពេទ្យ ដើម្បីកុំឱ្យមានការខុសឆ្គងបន្តទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT_lK-FxMYkx82ke0L8Qme2sx1o2Zck8S93w-ibQ9KvkeA3m0XygTl9oany92dxewthv5xez0CUz_Ih4dECtBRidUmtrYy-UuODgRBT7tTPQEIcs6VuL101hf0ip1xKUvVeUKZLie5IIJ8XJjEvEz8IK9Umg9WKWFAeATO6mlFipftOsagC3g1ZYdH6yI/s1280/photo_2026-06-03_09-06-22.jpg

សរុបមក បើទោះបីជាមានការចេញមុខបកស្រាយយ៉ាងច្បាស់លាស់ពីសំណាក់គណៈគ្រូពេទ្យកម្ពុជា ទៅលើទិដ្ឋភាពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងមានការទទួលស្គាល់កំហុសពីលោក Dr. Tong ក្នុងការលុបវីដេអូទាំងអស់ក៏ដោយ ក៏រឿងរ៉ាវនេះនៅតែបន្សល់ទុកនូវមន្ទិលសង្ស័យ និងការមិនអស់ចិត្តពីសំណាក់មហាជនដដែល។ ការណ៍នេះកើតមានដោយសារតែមហាជននៅតែមើលឃើញថា វិធានការរឹតបន្តឹងហាក់ដូចជាមានប្រសិទ្ធភាពខ្លាំងតែលើអ្នកផលិតមាតិកាអប់រំដែលមានប្រយោជន៍ ចំណែកឯក្រុមអាជីវករអនឡាញដែលបំផ្លិចបំផ្លាញសីលធម៌សង្គម និងផ្សព្វផ្សាយបោកប្រាស់ បែរជាបន្តមានសេរីភាពយ៉ាងទូលំទូលាយ៕