មួយរយៈពេលចុងក្រោយនេះ វណ្ណដា មិនត្រឹមតែចំណាយពេលដើរកម្សាន្តប៉ុណ្ណោះទេប៉ុន្តែគេបានឃើញតារារ៉េបរូបនេះឧស្សាហ៍បញ្ចេញថ្វីដៃធ្វើម្ហូបឱ្យមនុស្សជុំវិញខ្លួនញុំារួមទាំងសម្ងួតផ្លែឈើដោយខ្លួនឯងដើម្បីផឹកជំនួយសុខភាព។ លើសពីទៅទៀត វណ្ណដា ថែមទាំងត្រូវបានគេទម្លាយថាមិនមែនធ្វើម្ហូបហើយញុំាមិនកើតនោះទេប៉ុន្តែអាហារដែលលោកធ្វើគឺពិតជាមានរសជាតិឆ្ងាញ់ពិសារ។

ថ្មីៗនេះ វណ្ណដា បានទៅហាងអាហារមួយកន្លែងជាពិសេសលោកបានបញ្ចេញថ្វីដៃផ្ទាល់ខ្លួនតែម្តងជាមួយនឹងម្ហូបជាច្រើនមុខដោយមិនបានឱ្យចុងភៅចម្អិនឡើយ។ ការធ្វើបែបនេះដោយសារតែ វណ្ណដា និងម្ចាស់ហាងមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាហើយតារារ៉េបរូបនេះក៏បានណែនាំទីតាំងអាហារនេះទៅកាន់អ្នកគាំទ្ររបស់លោកតាមរយៈការបង្ហោះ Story។ វីដេអូរបស់ វណ្ណដា ដែលចូលទៅធ្វើម្ហូបទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គមទិកតុក ជាមួយនឹងការបញ្ចញមតិយោបល់ជាច្រើន។
ការធ្វើម្ហូបរបស់ វណ្ណដា ក៏ត្រូវបានអ្នកគាំទ្រខម្មិនលេងសើចដែរថា លោកធ្វើហើយញុំាបានឬអត់ដោយសារតែ វណ្ណដា គឺជាតារារ៉េបជួរមុខដ៏មានឥទ្ធិពលដូច្នេះការធ្វើម្ហូបរបស់តារារ៉េបរូបនេះអាចនឹងធ្វើឱ្យទស្សនិកជនមួយចំនួនមិនជឿជាក់លើស្នាដៃរបស់លោក។ យ៉ាងណាមិញចម្ងល់របស់អ្នកគាំទ្រក៏អស់ការសង្ស័យក្រោយម្ចាស់ហាងបានបញ្ជាក់ការពិតថា វណ្ណដា គឺពិតជាចេះធ្វើម្ហូបពិតមែន ថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង។
គណនី The2Sisters Restaurant បានឆ្លើយតបទៅនឹងការខម្មិនមួយថា «គាត់គឺពិតជាចេះធ្វើម្ហូបមែន ហើយឆ្ងាញ់ណាស់អូន»។
កន្លងមកនេះ ក្នុងពេលសម្រាកលំហែនៅតាមតំបន់មាត់សមុទ្រ វណ្ណដា ក៏បានបញ្ចេញថ្វីដៃឱ្យមនុស្សជិតស្និទ្ធញុំាផងដែរ និងធ្លាប់ធ្វើម្ហូបឱ្យឪពុកខ្លួនពិសារទៀតក្នុងអំឡុងពេលគាត់ឡើងមកភ្នំពេញ។ មិនត្រឹមតែប៉ុណ្ណោះ កន្លងមក វណ្ណដា បានចិតផ្លែឈើនិងសម្ងួតដោយខ្លួនឯងផ្ទាល់ដើម្បីផឹកជំនួយដល់សុខភាព។.png)
នេះបញ្ជាក់ឱ្យឃើញថា មិនត្រឹមតែពូកែខាងតន្រ្តីប៉ុណ្ណោះទេប៉ុន្តែ វណ្ណដា ក៏ពូកែធ្វើម្ហូបមិនចាញ់នារីៗមួយចំនួនឡើយ។ លើសពីនេះទៅទៀត វណ្ណដា ក៏ធ្លាប់បានផ្តល់សម្ភាសន៍នាពេលកន្លងមកដែរថាស្រលាញ់មនុស្សស្រីដែលពូកែធ្វើម្ហូប៕










