ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរតំបន់ទេសចរណ៍ដ៏ល្បីល្បាញ ស៊ិប៊ូយ៉ា (Shibuya) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានចាប់ផ្តើមអនុវត្តវិធានការផាកពិន័យជាប្រាក់ចំនួន២,០០០យ៉េន (ឬ១៣ដុល្លារ) នៅនឹងកន្លែង ចំពោះពលរដ្ឋក្នុងស្រុក និងភ្ញៀវទេសចរបរទេស ដែលបោះចោលសំរាមមិនត្រឹមត្រូវនៅលើដងផ្លូវ ឬតាមទីសាធារណៈ ។ ការពិន័យប្រាក់នេះធ្វើឡើងក្នុងគោលបំណងជំរុញឱ្យគ្រប់គ្នាបោះចោលសំរាមមានសណ្តាប់ធ្នាប់ និងជំរុញឱ្យតំបន់ស៊ិប៊ូយ៉ា មានបរិស្ថានស្អាត ។.jpg)
មន្ត្រីល្បាតចាប់ពី៥០នាក់ ទៅ៦០នាក់ ត្រូវបានដាក់ពង្រាយនៅតាមទីប្រជុំជន និងស្ថានីយរថភ្លើងនានា ដើម្បីតាមដាន និងត្រួតពិនិត្យស្ថានភាពរយៈពេល២៤ម៉ោង ដោយមានសិទ្ធិផាកពិន័យអ្នកបោះចោលសំរាមភ្លាមៗនៅនឹងកន្លែងតែម្តង ហើយពួកគេអាចនិយាយបានច្រើនភាសា ដូចជា ៖ អង់គ្លេស ចិន និងកូរ៉េ ទៅកាន់ភ្ញៀវទេសចរឱ្យយល់ពីច្បាប់ទម្លាប់ ។ លើសពីនេះ ដើម្បីឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស ក៏មានការផ្តល់ QR Code ដើម្បីឱ្យអ្នកប្រព្រឹត្តខុស ស្កេនបង់ប្រាក់ផងដែរ ។
ក្រៅពីនេះ អាជ្ញាធរតំបន់ស៊ិប៊ូយ៉ា ក៏បានកំណត់វិធានការថ្មីតម្រូវឱ្យភោជនីយដ្ឋាន និងហាងលក់ភេសជ្ជៈក្នុងតំបន់ ត្រូវតែដាក់សំរាមនៅបរិវេណខាងមុខ ប្រសិនបើមិនអនុវត្តតាម នឹងត្រូវផាកពិន័យរហូតដល់៥០,០០០យ៉េន (ប្រមាណ៣២០ដុល្លារ) ។ វិធានការដ៏តឹងរ៉ឹងនេះធ្វើឡើងដោយសារតែបញ្ហាកំណើនសំរាមយ៉ាងគំហុកនៅលើដងផ្លូវ បន្ទាប់ពីចំនួនភ្ញៀវទេសចរកើនឡើងខ្លាំង ហើយដើរកម្សាន្តពេលរាត្រីជាមួយសំរាមរាយប៉ាយ ។
.jpg)
អាជ្ញាធរតំបន់ស៊ិប៊ូយ៉ា បានសំណូមពរទៅកាន់ពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបរទេស ចូលរួមបង្ហាញការទទួលខុសត្រូវចំពោះបរិស្ថានដោយទុកដាក់សំរាមក្នុងធុងត្រឹមត្រូវ ពីព្រោះតំបន់នេះ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនមកពីជុំវិញពិភពលោក ។.jpg)
ជុំវិញបញ្ហានេះ ភ្ញៀវទេសចរបរទេសបានបង្ហាញការគាំទ្រដើម្បីឱ្យមានភាពស្អាត និងរបៀបរៀបរយក្នុងទីប្រជុំជន ប៉ុន្តែខ្លះទៀត ចង់ឱ្យអាជ្ញាធរជប៉ុនដោះស្រាយបញ្ហាខ្វះខាតធុងសំរាមនៅទីសាធារណជាមុនសិន ហើយសរសេរអក្សរជាភាសាអង់គ្លេសដើម្បីបញ្ជាក់ពីការបែងចែកប្រភេទសំរាម ។
សូមរំឭកដែរថា តំបន់នេះមានពលរដ្ឋរស់នៅប្រមាណ២៤០,០០០នាក់ និងមានភ្ញៀវទេសចរមកកម្សាន្តយ៉ាងច្រើនលើសចំនួនពលរដ្ឋរហូតដល់ទ្វេដង ជាពិសេស បន្ទាប់ពីការឆ្លងរាតត្បាតជំងឺកូវីដ-១៩ មានភ្ញៀវទេសចរជាច្រើនមកកាន់ទីនេះ ។ កំណើនភ្ញៀវទេសចរនាំឱ្យមានបញ្ហាសំរាមកើនឡើងជាបន្តបន្ទាប់ បើទោះជាអាជ្ញាធរសំណូមពរឱ្យយកទៅបោះចោលនៅផ្ទះ ឬកន្លែងស្នាក់នៅក៏ដោយ ប៉ុន្តែមិនសូវមានអ្នកអនុវត្ត ទើបកំណត់វិធានការតឹងរ៉ឹង ៕










