ជា ស្រីនា គឺជាអតីតសិស្សនិន្ទេស A ជាអ្នកបង្កើតមាតិកា រួមទាំងជា CEO មួយរូបដែលមានសមត្ថភាពនិងមានឈ្មោះបោះសំឡេងក្នុងវិស័យ Content Creator ដែលមហាជនស្រលាញ់ចូលចិត្តយ៉ាងខ្លាំង។ មានទាំងសមត្ថភាព មានទាំងចំណេះដឹង ការរស់នៅប្រកបដោយគុណធម៌ ជា ស្រីនា គឺជាបុគ្គលល្បីឈ្មោះមួយរូបដែលមនុស្សជាច្រើនចាត់ទុកថាជាមនុស្សគំរូ។
.png)
ទោះបីជាធ្វើវីដេអូអស់រយៈពេលជាច្រើនឆ្នាំនិងទទួលបានអត្ថប្រយោជន៍បានចំណូលពីវិស័យនេះច្រើនយ៉ាងណា ជា ស្រីនា នៅតែចាត់ទុកការសិក្សា មានចំណេះដឹង គឺជាចំណុចសំខាន់ដែលមិនត្រូវបោះបង់ចោលឡើយ។
ថ្មីៗនេះ ជា ស្រីនា បានចេញវីដេអូនៅលើបណ្តាញសង្គមទិកតុកដោយបានដាក់ចំណងជើងថា «មានតែចំណេះដឹងទេដែលគ្មានអ្នកណាអាចលួចពីយើងបាន ទោះយ៉ាងណាក៏ដោយកុំបោះបង់ការសិក្សាណា »។ ក្នុងវីដេអូនេះ ជា ស្រីនា បាននិយាយទៅកាន់ប្អូនៗដែលធ្វើមាតិកានៅលើបណ្តាញសង្គមថា ទោះបីជារកចំណូលបានពីទិកតុកយ៉ាងណាក៏ដោយកុំបោះបង់ការសិក្សាមិនថាកំពុងតែរៀននៅវិទ្យាល័យឬមហាវិទ្យាល័យ។

ជា ស្រីនា ថាយើងត្រូវមានចំណេះដឹង ជំនាញមួយសម្រាប់ខ្លួនឯង ពីព្រោះប្រាក់ចំណូលពីបណ្តាញសង្គមគឺមិនទៀងទាត់ឡើយជួនកាលក៏បាន ជួលកាលក៏មិនបាន ហើយការពឹងលើ Sponsor ក៏ជាចំណុចមួយដែលមិនស្ថិតថេរដែរ។ អ្នកបង្កើតមាតិការូបនេះលើកឡើងទៀតថាការពឹងលើលុយ Sponsor សុទ្ធពេលខ្លះធ្វើឱ្យយើងក្បត់មនសិការខ្លួនឯង នៅពេលយើងគ្មានចំណេះពឹងលុយ Sponsor គេឱ្យធ្វើអ្វីគឺត្រូវតែធ្វើតាមដោយសារតែគ្មានជម្រើស។ភរិយា ហេង វិសាល ថាទោះបីជាមិនល្បីក៏ដោយតែការមានចំណេះដឹង មានជំនាញច្បាសលាស់ មិនអាចរកលុយបានពីទិកតុកយើងក៏អាចរកលុយបានពីការងារផ្សេងដែរ។
ការចេញមកដាស់តឿននេះ ជា ស្រីនា បានកត់សម្គាល់ឃើញថាប្អូនៗមួយចំនួននៅពេលរកចំណូលបានពីទិកតុកលែងសូវខ្វល់ខ្វាយពីការសិក្សារៀនសូត្រ។ ជាងនេះទៅទៀត ជា ស្រីនា ថាបើសិនជាអាចយើងគួរតែរៀនចប់មហាវិទ្យាល័យលើជំនាញណាមួយហើយនៅពេលចង់ធ្វើមាតិកា នឹងទទួលបានតម្លៃខ្លួនអាចច្រើនជាងមុនទៅទៀត។ ការរៀនជំនាញដូចជាកាត់ដេរ ផាត់មុខ ឬផ្សេងទៀត ជា ស្រីនា ក៏បានលើកទឹកចិត្តឱ្យរៀនដែរសំខាន់គឺត្រូវឱ្យខ្លួនឯងមានជំនាញមួយដែលច្បាស់លាស់អាចរកចំណូលបាន៕










