រដ្ឋធានីឡុងដ៍៖ ក្រុមគ្រូពេទ្យជំនាញនៅក្នុងប្រទេសអង់គ្លេស បានចេញមុខព្រមានជាសាធារណៈថា ការញៀនបណ្តាញសង្គមរបស់យុវជនបច្ចុប្បន្ន មានកម្រិតគ្រោះថ្នា.ក់ខ្លាំងប្រហាក់ប្រហែលនឹងការជក់បារីដែរ។ ការព្រមាននេះធ្វើឡើងដោយសារតែស្ថាប័នបច្ចេកវិទ្យាបានរចនាបណ្តាញសង្គមឡើង ក្នុងគោលបំណងទាក់ទាញឱ្យអ្នកប្រើប្រាស់ដកចិត្តមិនរួច ដែលមិនខុសអ្វីពីសារធាតុនីកូទីននៅក្នុងបារីនោះឡើយ។ ក្រុមគ្រូពេទ្យបានសំណូមពរឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ ដើម្បីកាត់បន្ថយការចំណាយពេលច្រើនហួសហេតុរបស់យុវជនជាមួយឧបករណ៍អេឡិចត្រូនិក។

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ ស្ថាប័នសាកលវិទ្យាល័យអង់គ្លេស និងអៀរឡង់ (តំណាងឱ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រចំនួន ២៣) បានបញ្ជូនឯកសារស្រាវជ្រាវស្តីពី «ផលប៉ះពាល់លើយុវជនដោយសារការប្រើប្រាស់បណ្តាញសង្គម» ទៅកាន់រដ្ឋាភិបាលអង់គ្លេស។ ក្នុងឯកសារនោះ ក្រុមគ្រូពេទ្យបានសង្កត់ធ្ងន់ថា ការចំណាយពេលយូរពេកនៅលើបណ្តាញសង្គម បង្កផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរ មិនខុសពីការជក់បារី ឬការបើកបរដោយមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនោះឡើយ។
យោងតាមរបាយការណ៍ដដែល ផលប៉ះពាល់ទាំងនោះរួមមាន៖ យុវជនងាយរងការអូសទាញ និងយកគំរូតាមទង្វើមិនល្អពីការបង្ហោះនានា ព្រមទាំងបំផ្លាញសុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរតាមរយៈការមើលឃើញរូបភាពហិង្សា ជាពិសេស ចំពោះយុវជនដែលប្រើប្រាស់លើសពី ៣ម៉ោងក្នុងមួយថ្ងៃ។ លើសពីនេះ ពួកគេត្រូវបាត់បង់ពេលវេលាសម្រាកដោយសារការលួចលេងទូរស័ព្ទកណ្តាលយប់ ដែលជាហេតុធ្វើឱ្យលទ្ធផលសិក្សាធ្លាក់ចុះយ៉ាងគំហុក។

បច្ចុប្បន្ន ក្រុមគ្រូពេទ្យអង់គ្លេសកំពុងពិភាក្សាលើការកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការប្រើប្រាស់បណ្តាញសង្គម និងបានណែនាំឱ្យអាណាព្យាបាលគ្រប់រូបកំណត់ពេលលេងទូរស័ព្ទរបស់កូនៗ ព្រមទាំងតាមដានការសិក្សាឱ្យបានដិតដល់។
ទោះបីជាច្បាប់សុវត្ថិភាពអនឡាញរបស់អង់គ្លេស តម្រូវឱ្យក្រុមហ៊ុនបណ្តាញសង្គមមានវិធានការការពារយុវជនពីខ្លឹមសារខុសច្បាប់ និងគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែអ្នកជំនាញយល់ឃើញថា វាមិនអាចហាមឃាត់បានទាំងស្រុង ឬមានប្រសិទ្ធភាព ១០០% នោះឡើយ។.jpg)
សូមរំឭកថា រដ្ឋាភិបាលអង់គ្លេសធ្លាប់បានអនុវត្តច្បាប់តឹងរ៉ឹង ដោយហាមឃាត់ ឬរឹតបន្តឹងការប្រើប្រាស់បណ្តាញសង្គមចំពោះយុវជនអាយុក្រោម ១៦ឆ្នាំ។ ទោះជាយ៉ាងណា យុវជននៅតែបន្តញៀនខ្លាំង ជាពិសេស លើកម្មវិធី TikTok ដោយសារពួកគេខ្លាចបាត់បង់ការប្រកួតប្រជែងព័ត៌មានក្នុងចំណោមមិត្តភក្តិ ចង់ដឹងរឿងរ៉ាវឯកជនរបស់អ្នកដទៃ និងប្រើប្រាស់វាដើម្បីកាត់បន្ថយភាពតានតឹងក្នុងការសិក្សា ក៏ដូចជាការដោះស្រាយភាពឯកោរបស់ខ្លួន៕










