យោធាថៃកំពុងបង្កើតលេសចោទប្រកាន់ចម្លែក ៗ ដោយប្រឌិតរឿងថាទាហានខ្មែរបានទៅបន្ទោរបង់ក្បែររបងលួសបន្លារបស់ខ្លួន មកធ្វើជាសំអាងដោះសារជុំវិញការបើកការបាញ់ប្រហារយ៉ាងអនាធិបតេយ្យរបស់ខ្លួន នៅក្នុងតំបន់អូរស្មាច់។ នេះមិនមែនជាលើកទីមួយទេ ដែលថៃប្រើលេសមិនសមទំនងបែបនេះចោទប្រកាន់កម្ពុជា។ ការណ៍នេះបានជំរុញឲ្យមានការចោទសួរថា តើសង្រ្គាមជុំទី៣រវាងខ្មែរ-ថៃអាចនឹងកើតមានដោយសាររឿងលា.ម.កមែនទេ?
តាមរបាយការណ៍ពីសារព័ត៌មានថៃ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានចុះផ្សាយដោយដកស្រង់ពាក្យសម្ដីរបស់ លោក វិនថៃ សុវារី អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ ដែលបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា «ពាក់ព័ន្ធនឹងករណីទាហានថៃ បាញ់បោះអនាធិបតេយ្យតាមព្រំដែនកម្ពុជាឋិតក្នុងតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នាពេលកន្លងទៅ គឺដោយសារតែមានរបាយការណ៍ (ក្រៅផ្លូវការ) រាយការណ៍មកថា៖ មានទាហានកម្ពុជា ទៅបន្ទោបង់លាមក (បត់ជើងធំ) នៅម្តុំរបងបន្លាលួសថៃ ក្នុងតំបន់ច្រកអូរស្មាច់»។
លោកសង្កត់ធ្ងន់ថា៖ «លោកកំពុងតែបើកការស៊ើបអង្កេតជាបន្ទាន់ទៅលើករណីរឿងបន្ទោបង់លាមក (បត់ជើងធំ) មួយនេះ ដើម្បីកងទ័ពថៃអាចមានភស្តុតាងគ្រប់គ្រាន់ ក្នុងការបកស្រាយពន្យល់ប្រាប់ទៅកាន់សហគមន៍អន្តរជាតិ»។
ជុំវិញការចេញមកបញ្ជាក់នេះ សាធារណជន និងអ្នកវិភាគយោធាបានមើលឃើញថា នេះគឺជាយុទ្ធសាស្ត្របំភាន់ និងជា «លេសចោទប្រកាន់ថ្មីមួយទៀត» របស់ភាគីថៃ ដែលមានទម្រង់ស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងព្រឹត្តិការណ៍មុនៗ។ កន្លងមក ថៃតែងតែប្រើប្រាស់ការចោទប្រកាន់មិនច្បាស់លាស់ ដូចជាការចោទថា កម្ពុជាបង្កប់មីនថ្មី ដើម្បីធ្វើជាលេសដោះសារក្នុងការបើកការវាយប្រហារ ឬការផ្ទុះអាវុធដាក់ភាគីកម្ពុជា។
កាលពីពេលមុនៗ រាល់ពេលដែលមានការផ្ទុះអាវុធ ឬយោធាថៃរងរបួសដោយសារជាន់មីនចាស់ៗដែលសេសសល់ពីសម័យសង្រ្គាមស៊ីវិល ភាគីថៃតែងតែចោទប្រកាន់ភ្លាមៗថា កម្ពុជាជាអ្នកលួចបង្កប់មីនថ្មី។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ ត្រូវបានថៃយកធ្វើជាសំអាងដើម្បីបើកការបាញ់ប្រហារទ្រង់ទ្រាយធំ និងឆ្លើយតបដោយអាវុធធុនធ្ងន់មកលើទឹកដីកម្ពុជា។ ជាក់ស្ដែង នៅក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធកន្លងមក ភាគីថៃមិនដែលទទួលស្គាល់កំហុស ឬការបំពានច្បាប់អន្តរជាតិរបស់ខ្លួនឡើយ ទោះបីជាមានភស្តុតាងបង្ហាញថា យោធាថៃខ្លួនឯងជាអ្នកវង្វេងផ្លូវល្បាតចូលមកក្នុងដីខ្មែរ និងជាន់មីនចាស់ៗដែលសេសសល់ពីសម័យសង្គ្រាមស៊ីវិលក៏ដោយ។
ស្របពេលជាមួយគ្នានេះដែរ បើទោះបីជាមានការចោទប្រកាន់ក្នុងរូបភាពប្លែកៗពីភាគីថៃយ៉ាងណាក៏ដោយ ក៏ភាគីកម្ពុជាតែងតែបង្ហាញជំហរអត់ធ្មត់ និងគោរពតាមកិច្ចព្រមព្រៀងព្រំដែន ដោយបដិសេធដាច់ខាតចំពោះការចោទប្រកាន់ទាំងឡាយណាដែលគ្មានភស្តុតាងវិទ្យាសាស្ត្រច្បាស់លាស់ និងដែលធ្វើឡើងក្នុងបំណងបង្កសង្រ្គាមជាថ្មី៕










