ស្របពេលដែលច្បាប់កាតព្វកិច្ចយោធាត្រូវបានសម្រេចឲ្យអនុវត្តជាផ្លូវការ យុវជនខ្មែរដែលមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ កំពុងមានអារម្មណ៍ភ័យផងអរផងជុំវិញការត្រៀមខ្លួនចូលបំពេញភារកិច្ចបម្រើជាតិរយៈពេល ២ឆ្នាំ។ ទោះជាយ៉ាងណា ក្ដីបារម្ភមយយចំនួនអាចត្រូវបានកាត់បន្ថយឲ្យរសាយទៅវិញខ្លះ ក្រោយពេលដែលសេចក្តីលម្អិតនៃច្បាប់ថ្មីនេះបានបញ្ជាក់យ៉ាងច្បាស់ថា នឹងមានការលើកលែងសម្រាប់ក្រុមមនុស្សពិសេសចំនួន ៥ ក្រុមនេះ។ 
តើក្រុមមនុស្សពិសេសទាំង ៥ក្រុមនេះសំដៅលើក្រុមមនុស្សដែលមានលក្ខណៈបែបណាខ្លះ? ផ្អែកលើសម្រេចចុងក្រោយនៃច្បាប់ដែលមាន ៨ ជំពូក និង ២០ មាត្រានេះ ប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ ត្រូវមានកាតព្វកិច្ចចូលបម្រើទ័ពរយៈពេល ២៤ ខែ (២ឆ្នាំ) លើកលែងតែប្រជាពលរដ្ឋចំនួន ៥ ក្រុមនេះប៉ុណ្ណោះ ដែលនឹងរួចផុតពីកាតព្វកិច្ចចូលបម្រើទ័ព។ មនុស្ស ៥ ក្រុមដែលត្រូវបានលើកលែងឱ្យរួចផុតពីកាតព្វកិច្ចយោធាទាំងនោះមានដូចជា៖
ក្រុមទី១៖ ព្រះសង្ឃ និងបព្វជិតនៃសាសនាផ្សេងៗ ដែលមានការទទួលស្គាល់ដឹងឮជាផ្លូវការពីក្រសួងធម្មការ និងសាសនា។
ក្រុមទី២៖ ប្រជាពលរដ្ឋដែលមានសមត្ថភាព ឬទេពកោសល្យពិសេស ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការបញ្ជាក់ត្រឹមត្រូវពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច។
ក្រុមទី៣៖ អ្នកឯកទេសជំនាញ ដែលបានចុះកិច្ចសហប្រតិបត្តិការបំពេញបេសកកម្មស្រាវជ្រាវ ឬអនុវត្តផ្ទាល់នូវកិច្ចការដែលជាប្រយោជន៍ផ្នែកសាធារណៈនៃកងយោធពលខេមរភូមិន្ទ។
ក្រុមទី៤៖ ប្រជាពលរដ្ឋដែលបានបញ្ចប់សេវាជាយោធិនជាប់កិច្ចសន្យា រួចរាល់ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ក្រុមទី៥៖ ប្រជាពលរដ្ឋដែលមានកាយសម្បទាមិនគ្រប់គ្រាន់តាមការតម្រូវ (ផ្អែកលើការពិនិត្យជាក់ស្តែងពីគ្រូពេទ្យយោធា)។.jpg)
គួរបញ្ជាក់ថា ការអនុម័តច្បាប់នេះ មិនមែនជាការបង្ខំឱ្យយុវជនទៅធ្វើសង្គ្រាមនោះទេ ប៉ុន្តែវាជាការផ្តល់ឱកាសមាស និងគុណសម្បត្តិជាច្រើនដល់ប្រទេសជាតិ និងយុវជនផ្ទាល់។ ក្នុងនោះសម្រាប់ប្រទេសជាតិ គឺនឹងទទួលបានកម្លាំងការពារជាតិដ៏ក្មេងខ្ចី ស្វាហាប់ និងមានចំណេះដឹងខ្ពស់ (យុវជនសម័យឌីជីថល)។ លើសពីនេះ យុទ្ធជនទាំងនោះអាចចូលរួមជួយសង្គមជាតិបានភ្លាមៗក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ (ទឹកជំនន់, ការបាក់ស្រុតដី) ឬការងារសង្គ្រោះបន្ទាន់ផ្សេងៗ។.jpg)
ស្របពេលជាមួយគ្នានេះដែរ ផលប្រយោជន៍ចំពោះយុវជន គឺក្នុងអំឡុងពេល ២ ឆ្នាំនៅក្នុងជួរទ័ព យុវជននឹងត្រូវបានហ្វឹកហ្វឺនឱ្យមានវិន័យខ្ពស់ សុខភាពមាំមួន និងស្មារតីស្នេហាជាតិ។ អ្វីដែលពិសេសបំផុតនោះគឺ ពួកគេនឹងទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេស-វិជ្ជាជីវៈច្បាស់លាស់។ ក្រោយពេលបញ្ចប់កាតព្វកិច្ច ២ ឆ្នាំ យុវជននឹងទទួលបានអាទិភាពខ្ពស់បំផុតក្នុងការប្រឡងចូលក្របខណ្ឌរដ្ឋ (ទាហានអាជីព, ប៉ូលិស, មន្ត្រីរាជការ) ឬទទួលបានឱកាសការងារល្អៗនៅក្នុងវិស័យឯកជន ដោយសារតែពួកគេជាបុគ្គលដែលមានវិន័យការងារខ្ពស់។
សរុបជារួមមក ច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០២៦ នេះ គឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃការកែទម្រង់វិស័យការពារជាតិរបស់កម្ពុជា។ ការកំណត់លើកលែងចំពោះមនុស្សទាំង ៥ ក្រុមខាងលើ ឆ្លុះបញ្ចាំងពីភាពបត់បែន និងការគិតគូរដ៏ល្អិតល្អន់របស់រដ្ឋាភិបាល ដើម្បីធានាថា ច្បាប់នេះដើរទៅមុខដោយរលូន ស្របពេលដែលវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងសាសនារបស់ជាតិ នៅតែបន្តដំណើរការទៅមុខដោយគ្មានការរអាក់រអួលឡើយ៕










