ជុទីមា និង Yung JX កំពុងធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់និងសង្ស័យកាន់តែខ្លាំងឡើងជុំវិញទំនាក់ទំនងអ្នកទាំងពីរបន្ទាប់ពីពួកគេបញ្ចេញកាយវិការស្និទ្ធស្នាលដាក់គ្នាខុសពីធម្មតាហាក់ដូចជាគូស្នេហ៍ក្នុងជីវិតពិត។ ហ្វេនៗដែលតែងតែផ្គូផ្គងអ្នកទាំងពីរថែមទាំងបញ្ចេញមតិទៀតថា ជុទីមា និង Yung JX កំពុងតែបើកចំហចំណងស្នេហ៍ជាសាធារណៈទើបបានជាកៀកកិតជិតគ្នាបែបនេះ។

បន្ទាប់ពីបញ្ចប់ការប្រកួតរួចគេសង្កេតឃើញថាបេក្ខភាពមួយចំនួនដែលឈានដល់១៣នាក់ចុងក្រោយក្នុងកម្មវិធី The Next Level Rapstar បានបង្ហាញពីការចុះសម្រុងគ្នាយ៉ាងខ្លាំងដោយពួកគេបានធ្វើដំណើរកម្សាន្តជុំគ្នាទៅខេត្តសៀមរាប ខណៈថ្មីៗនេះមកបន្តនៅតំបន់មាត់សមុទ្រម្តង។ ស្ថិតនៅក្នុងការប្រកួតនេះអ្នកគាំទ្របានកត់សម្គាល់ទៅលើ ជុទីមា និង Yung JX ជាពិសេសដោយមានអ្នកគាំទ្រខ្លះថែមទាំងជំរុញឱ្យពួកគេមានទំនាក់ទំនងទៀតផង។

ការចាប់ផ្តើមផ្គូផ្គងពីសំណាកទស្សនិកជនដោយសារតែសកម្មភាពរវាង ជុទីមា និង Yung JX គឺខុសពីមិត្តរួមក្រុមដទៃទៀត ចំណែកឯហ្វេនៗក៏បញ្ចេញមតិថាអ្នកទាំងពីរគឺពិតជាសមគ្នា។ ជាក់ស្តែងថ្មីៗនេះ ស្របពេលដំណើរកម្សាន្តទៅកាន់ទឹកដីខេត្តកំពត អ្នកគាំទ្រស្រាប់តែបានឃើញ ជុទីមា និង Yung JX ថតវីដេអូបង្ហោះនៅលើទិកតុកយ៉ាងផ្អែមល្ហែមស៊ីសង្វាក់គ្នាដែលជំរុញឱ្យអ្នកគាំទ្ររិតតែ Ship អ្នកទាំងពីរទ្វេដង។

អ្នកគាំទ្របានបញ្ចេញមតិដោយចោទសួរថា ជុទីមា និង Yung JX បង្ហាញស្នេហាជាសាធារណៈហើយឬ ចំណែកអ្នកគាំទ្រមួយចំនួនទៀតសរសើរថាពួកគេទាំងពីរពិតជាផ្អែមល្ហែមនឹងគ្នាណាស់។ ទោះយ៉ាងណា ពួកគេទាំងពីរនាក់ពុំដែលនិយាយទទួលស្គាល់ឬបដិសេធជាសាធារណៈទៅលើពាក្យចចាមអារ៉ាម និងការផ្គូផ្គងរបស់អ្នកគាំទ្រជុំវិញទំនាក់ទំនងនេះឡើយ។
គួរឱ្យដឹងថានៅក្នុងដំណើរការប្រកួត ជុទីមា បានធ្វើឱ្យមហាជនចាប់អារម្មណ៍ដំបូងក្នុងនាមជានាដការីមួយរូបហើយបានសម្រេចចិត្តចូលរួមនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េប។ បទចម្រៀងក្នុងការប្រកួតរបស់ ទីមា ដែលមានការចាប់អារម្មណ៍ច្រើនមានចំណងជើងថា «ស្រីស្អាត»។ រូបនាងក៏ទទួលបានពានរង្វាន់ «FAN FAVORITE» ជាមួយនឹងទឹកប្រាក់ជាច្រើនលានរៀលផងដែរ។
ងាកមកកាន់ Yung JX ពេញមួយការប្រកួតរបស់គេបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងតាមរយៈបទ «ស្ទាវភូមិ» រហូតល្បីកក្រើកមានការរាំ Trend ពេញបណ្តាញសង្គមទិកតុក។ Yung JX ក៏ទទួលបានពានរង្វាន់ «ROARING AWARD» និងទឹកប្រាក់ដូចគ្នា សម្រាប់ការប្រកួតដែលបញ្ចប់កាលពីដើមខែឧសភា នេះ៕










