Home ព័ត៌មានអន្តរជាតិ មេដឹកនាំគណបក្សប្រឆាំងណែនាំឱ្យ Anutin អញ្ជើញប្រធានាធិបតីបារាំងមកដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

មេដឹកនាំគណបក្សប្រឆាំងណែនាំឱ្យ Anutin អញ្ជើញប្រធានាធិបតីបារាំងមកដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

137
0

មេដឹកនាំគណបក្សប្រឆាំង លោក Natthaphong Ruengpanyawut នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានណែនាំទៅនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul អញ្ជើញប្រធានាធិបតីបារាំង លោក Emmanuel Macron មកបំពេញទស្សនកិច្ចនៅប្រទេសថៃ ដើម្បីជួយសម្របសម្រួល និងដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ។ ការណែនាំនេះ ស្របពេលលោក Anutin ធ្វើដំណើរទៅប្រទេសបារាំង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែឧសភា ក្នុងបំណងពិភាក្សាការងារឆ្ពោះទៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រ ។

លោក Natthaphong មេដឹកនាំគណបក្សប្រឆាំង បានណែនាំឱ្យនាយករដ្ឋមន្ត្រីថៃគួរតែប្រើប្រាស់ឱកាសនៃការទំនាក់ទំនងការទូតជាមួយបារាំង ដើម្បីអញ្ជើញលោក Macron មកបំពេញទស្សនកិច្ចនៅប្រទេសថៃជាមុនសិន មុនពេលប្រធានាធិបតីបារាំងរូបនេះមានគម្រោងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នាចុងឆ្នាំ២០២៦ ។ លោកយល់ឃើញថា ការធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំបារាំង នឹងជួយផ្តល់ឱកាស និងបរិយាកាសការទូតដ៏ល្អប្រសើរក្នុងការដោះស្រាយជម្លោះព្រំដែនដ៏តានតឹងរវាងកម្ពុជា និងថៃ ។

ក្រៅពីដោះស្រាយជម្លោះព្រំដែន លោកសង្ឃឹមថា ការអញ្ជើញប្រធានាធិបតីបារាំងមកបំពេញទស្សនកិច្ចនៅប្រទេសថៃ ក៏ជាការទាក់ទាញវិនិយោគិនបរទេសមានគុណភាពមកវិនិយោគនៅថៃផងដែរ ដូចជា ៖ វិនិយោគផ្នែកថាមពលស្អាត ពីព្រោះបារាំង គឺជាប្រទេសឈានមុខគេមួយដែលបំភាយកាបូនទាបក្នុងវិស័យថាមពល ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ។

គួរបញ្ជាក់ថា មេដឹកនាំគណបក្សប្រឆាំងចង់ឱ្យប្រធានាធិបតីបារាំងមកជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ពីព្រោះមើលឃើញថា ប្រទេសបារាំងក្រោមការដឹកនាំរបស់លោក Macron បានបង្ហាញនូវគោលជំហរចង់ជួយសម្របសម្រួលអព្យាក្រឹត និងផ្តល់ឯកសារប្រវត្តិសាស្ត្រ/ផែនទីនានាតាំងពីសម័យអាណានិគមដល់ប្រទេសទាំងពីរ ប្រសិនបើមានការស្នើសុំ ដើម្បីជំរុញឱ្យមានកិច្ចចរចាទ្វេភាគីដោយសន្តិវិធី ។

កន្លងមក មេដឹកនាំគណបក្សប្រជាជន ឬគណបក្សប្រឆាំងថៃ តែងតែរិះគន់ពីការដឹកនាំប្រទេសគាំទ្រក្រុមជ្រុលនិយម និងពឹងផ្អែកលើកម្លាំងកងទ័ពតែម្យ៉ាងរបស់លោក Anutin ដោយគណបក្សប្រឆាំងជំរុញឱ្យរដ្ឋាភិបាលថៃប្រើប្រាស់យុទ្ធសាស្ត្រការទូតអន្តរជាតិ បង្កើនភាពស្របច្បាប់លើឆាកអន្តរជាតិ ។

ចំណែកលោក Anutin ធ្វើដំណើរទៅប្រទេសបារាំង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែឧសភា គឺក្នុងបំណងពិភាក្សាការងារឆ្ពោះទៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រ និងទាក់ទាញការវិនិយោគលើវិស័យអាកាសចរណ៍ ។ ដំណើរទស្សនកិច្ចនេះដែរ នឹងពង្រឹងកិច្ចសហការសេដ្ឋកិច្ច ការទូតឱ្យកាន់តែស៊ីជម្រៅ ក្នុងឱកាសប្រទេសទាំងពីរប្រារព្ធខួបលើកទី១៧០ នៃទំនាក់ទំនងការទូតរវាងគ្នា ៕