ព្រឹត្តិការណ៍ និងការវិវត្តសភាពការណ៍ព្រំដែនដ៏តានតឹងរវាងកម្ពុជា និងថៃ នាអំឡុងខែឧសភា ឆ្នាំ២០២៦នេះបានចាប់ផ្ដើមក្លាយជាប្រធានបទក្ដៅសម្រាប់ការជជែកវែកញែកពីសំណាក់ក្រុមអ្នកវិភាគ និងអ្នកជំនាញខាងភូមិសាស្រ្តនយោបាយសារជាថ្មី ក្រោយមានរបាយការណ៍ជាបន្តបន្ទាប់ថា ភាគីថៃទាមទារលុប MOU ២០០០ ស្ដីពីការកំណត់ព្រំដែនគោកចោលមួយទៀតបន្ទាប់ពីពួកគេទើបសម្រាប់លុបចោល MOU ២០០១ ស្ដីពីដែនសមុទ្រជាឯកតោភាគី។ ក្នុងនោះសំណួររសើបដែលត្រូវបានចោទសួរច្រើនបំផុតគឺ តើភាគីថៃធ្វើបែបនេះក្នុងគោលបំណងអ្វី?
ពាក់ព័ន្ធនឹងសំណួរនេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានធ្វើការលើកឡើងយ៉ាងដូច្នេះថា ការទាមទារលុបចោលនូវ MOU 2000 (MOU 43) និងMOU 2001 (MOU 44 ដែនសមុទ្រ) គឺជាចេតនារបស់នាយករដ្ឋមន្រ្តី អានុទីន ដែលត្រូវការកម្ពុជាធ្វើជា «ផ្ទាំងស៊ីប» ដើម្បីបង្វែរអារម្មណ៍សាធារណជនថៃ ចេញពីវិបត្តិសេដ្ឋកិច្ចផ្ទៃក្នុង និងរុញកំហឹងប្រជាជនឱ្យទៅលើរឿងព្រំដែនវិញ។
លោកការអះអាងរបស់លោកបណ្ឌិត នៅពីក្រោយរលកជាតិនិយមជ្រុល (Hyper-nationalism) នេះ គឺ ជា«វិបត្តិរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ថៃ» ដោយទីក្រុងបាងកកកំពុងប្រឈមនឹង «អន្ទាក់បួនទិស»ដែលរួមមាន៖
▪️ បំណុលគ្រួសារ លោតហួស 90% នៃ GDP (ប្រជាជនរស់ក្នុងភាពតានតឹងនៃបំណុលរស់រានមានជីវិត)។
▪️ វិបត្តិថាមពល និងអតិផរណាដែលហក់ឡើង 4-5% បង្ខំឱ្យរដ្ឋាភិបាលគ្រោងខ្ចីប្រាក់បន្ទាន់រហូតដល់ ៤០០ ពាន់លានបាតដើម្បីឧបត្ថម្ភធន។
▪️ សេដ្ឋកិច្ចជាតិគាំង លូតលាស់ត្រឹម 2% ក្នុងមួយឆ្នាំ ដោយសារបាត់បង់ភាពប្រកួតប្រជែងសកល។
▪️សង្គមមនុស្សចាស់កម្រិតកំពូល ដែលមានអត្រាបង្កកំណើតទាបជាង 1.0។.jpg)
តាមន័យលោកបណ្ឌិតខាងលើ គឺចេតនានេះកើតឡើងដោយសារឥទ្ធិពលនយោបាយផ្ទៃក្នុងរបស់ថៃ (ក្រុមអ្នកនយោបាយអភិរក្សនិយម និងជ្រុលនិយម) ដែលយកបញ្ហាព្រំដែនធ្វើជាឈ្នាន់នយោបាយដើម្បីទាញយកប្រជាប្រិយភាព និងផលប្រយោជន៍យុទ្ធសាស្ត្រផ្ទាល់ខ្លួន។ តែទោះជាយ៉ាងណា ភាគីថៃមិនអាចលុបចោល MOU ទាំងនេះតាមតែចិត្តចង់ដោយងាយៗនោះឡើយ។

ផ្អែកតាមច្បាប់អន្តរជាតិ (អនុសញ្ញាទីក្រុងវីយែនឆ្នាំ១៩៦៩ ស្តីពីច្បាប់សន្ធិសញ្ញា) MOU ទាំងពីរនេះត្រូវបានចុះបញ្ជីជាផ្លូវការនៅអង្គការសហប្រជាជាតិ (UN)។ ឯកសារទាំងនេះគ្មានចែងអំពីកាលបរិច្ឆេទផុតកំណត់ ឬមាត្រាណាមួយអនុញ្ញាតឱ្យភាគីណាមួយលុបចោលតាមចិត្តនោះទេ។ ដូច្នេះ ទោះបីជាថៃប្រកាសលុបចោលជាឯកតោភាគី ឬតាមរយៈរដ្ឋសភារបស់ខ្លួនក៏ដោយ ក៏វាមានឥទ្ធិពលត្រឹមតែផ្ទៃក្នុងប្រទេសថៃប៉ុណ្ណោះ ប៉ុន្តែមិនអាចរំលាយកាតព្វកិច្ចអន្តរជាតិដែលមានជាមួយកម្ពុជាបានឡើយ។.jpg)
ដោយឡែកចំពោះជំហររបស់កម្ពុជា ក្នុងនាមជាប្រទេសតូច កម្ពុជាកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវបំផុត។ ប្រសិនបើភាគីថៃបោះបង់ចោលយន្តការចរចាទ្វេភាគី កម្ពុជានៅតែមានសិទ្ធិពេញលេញក្នុងការយោងទៅលើច្បាប់អន្តរជាតិ ពិសេសគឺ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទដែនសមុទ្រតាមរយៈតុលាការអន្តរជាតិ ឬយន្តការសម្រុះសម្រួលរបស់ UN៕










