ស្ដាប់ទៅវាជាបង្កើតថ្មីដ៏ចម្លែក និងគួរឲ្យអស់សំណើចមួយ។ ខណៈដែលដ្រូនយោធាជាធម្មតាត្រូវបានគេរចនាឡើងដោយលោហៈធាតុរឹងមាំ ធុន និងមានតម្លៃថ្លៃ ជប៉ុនបាននឹកឃើញវិធីសាស្រ្តថ្មីមួយដើម្បីកាត់បន្ថយចំណាយ នោះគឺការច្នៃដ្រូនចេញពីសំបកកេសអេតចាយ ឬក្រដាសកាតុងដែលមានតម្លៃថោ.កប៉ុន្តែមានសមត្ថភាពខ្ពស់ ធ្វើឲ្យវាស័ក្តិសមបំផុតសម្រាប់បេសកកម្មយោធាដោយអាចយកបញ្ជាទៅបំផ្ទុះនៅទីតាំងរបស់សត្រូវដោយមិនមានសោកស្ដាយ ឬខាតបង់ច្រើន។
.jpg)
យោងតាមការចុះផ្សាយរបស់គេហទំព័របច្ចេកវិទ្យា The MES Times កាលពីថ្មីៗនេះបានឲ្យដឹងថា ប្រទេសជប៉ុនបានចាប់ផ្តើមប្រើប្រាស់ដ្រូនប្រយុទ្ធ ដែលមានឈ្មោះថា AirKamuy 150 បង្កើតឡើងដោយក្រុមហ៊ុនការពារជាតិជប៉ុន AirKamuy ក្នុងគោលបំណងផ្លាស់ប្តូរយុទ្ធសាស្ត្រយោធាទៅរកការប្រើប្រាស់ដ្រូនឲ្យបានច្រើន និងចំណេញជាងមុន។

យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjirō Koizumi បាននិយាយថា បច្ចុប្បន្នកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុនកំពុងប្រើប្រាស់ដ្រូនដែលអាចបត់បានទាំងនេះជាគោលដៅផ្លូវអាកាសរួចហើយ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃដ៏ថោករបស់វាធ្វើឱ្យវាក្លាយជាឧបករណ៍ដ៏ល្អសម្រាប់សង្គ្រាមដ្រូនជាហ្វូងបាននាពេលអនាគត។ ងាយស្រួលសម្រាប់ បេសកកម្មអ.ត្តឃា.ត ធ្វើជាដ្រូនបញ្ឆោតរ៉ាដាដើម្បីបំផ្លាញប្រព័ន្ធការពារអាកាសរបស់សត្រូវ ឬការឈ្លបយកការណ៍យ៉ាងមានប្រសិទ្ធភាព។
.jpg)
យោងតាមក្រុមហ៊ុន AirKamuy ដ្រូនក្រដាសកាតុងទាំងនេះមានតម្លៃចន្លោះពី 2,000 ដុល្លារ ទៅ 2,500 ដុល្លារ/គ្រឿង ដែលជាតម្លៃដ៏សមរម្យបើប្រៀបធៀបទៅនឹងដ្រូន Shahed ដែលត្រូវបានដាក់ពង្រាយដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលមានតម្លៃចន្លោះពី 20,000 ដុល្លារ ទៅ 50,000 ដុល្លារក្នុងមួយគ្រឿង។

លក្ខណៈពិសេសរបស់ AirKamuy 150 គឺត្រូវបានគេដឹកជញ្ជូនជាកញ្ចប់សំប៉ែត ដូចប្រអប់ទំនិញ ហើយអាចបត់ដំឡើងរួចរាល់ក្នុងពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ ដោយមិនបាច់ប្រើឧបករណ៍ជំនាញ។ លក្ខណៈបច្ចេកទេស និងសមត្ថភាពហោះហើរ ដ្រូននេះមានល្បឿនប្រហែល ១០០ ទៅ ១២០ គីឡូម៉ែត្រ/ម៉ោង, មានទម្ងន់ស្រាលខ្លាំងដោយមានទម្ងន់ត្រឹមតែ ៤ គីឡូក្រាម ប៉ុណ្ណោះ, អាចហោះហើរបាន ៨០ នាទី ជាប់គ្នាក្នុងអាកាស, មានចម្ងាយប្រតិបត្តិការចន្លោះពី ៨០ ដល់ ១៥០ គីឡូម៉ែត្រ, អាចផ្ទុកគ្រឿងផ្ទុះ ឬកាមេរ៉ាស៊ើបការណ៍បានទម្ងន់ ១.៥ គីឡូក្រាម និងដើរដោយ ម៉ូទ័រអគ្គិសនី និងថ្មលីចូម ដែលធ្វើឱ្យវាមានសំឡេងស្ងាត់ខ្លាំងពេលហោះហើរ។
បន្ថែមលើនេះ ជាតិក្រដាសកាតុងមានអត្រាឆ្លុះបញ្ចាំងរលកសញ្ញារ៉ាដាតិចតួចបំផុត (ខុសពីដែក ឬកាបូន) ធ្វើឱ្យប្រព័ន្ធការពារអាកាសសត្រូវពិបាកចាប់សញ្ញារកវាឃើញផងដែរ។ បច្ចុប្បន្នក្រសួងការពារជាតិជប៉ុនកំពុងឈានទៅរកការបំពាក់ឧបករណ៍ដើម្បីប្រើប្រាស់វាសម្រាប់ បេសកកម្មឈ្លបយកការណ៍ និងការហោះហើរល្បាតតាមដែនសមុទ្រ ដើម្បីជួយសន្សំសំចៃថវិការដ្ឋបានរាប់លានដុល្លារ ព្រោះមិនបាច់ប្រើប្រាស់ដ្រូនគោលដៅតម្លៃថ្លៃៗមកហ្វឹកហាត់បាញ់កម្ទេចចោលឡើយ៕










