ព្រឹត្តិការណ៍ប្រគំតន្រ្តីរបស់ ជី ដេវីត នាពេលថ្មីៗនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនមិនត្រឹមតែបកស្រាយបទចម្រៀងជាច្រើនបទនោះទេប៉ុន្តែតារាប្រុសរូបនេះថែមទាំងរាំបទ Kpop យ៉ាងឡូយជូនអ្នកគាំទ្រទស្សនាតាមរយៈបទរបស់ក្រុម BTS និង BIGBANG។ ទោះយ៉ាងណា វីដេអូមួយបានទាក់ទាញអារម្មណ៍អ្នកលេងបណ្តាញសង្គមយ៉ាងឆាប់រហ័សនាំឱ្យមានមតិរិះគន់ទៅកាន់អ្នកមិនគោរពលើតារាចម្រៀង ជី ដេវីត។

តាមការចែករំលែកវីដេអូនៅលើបណ្តាញសង្គមទិកតុក គេបានឃើញ ជី ដេវីត កំពុងតែផ្អៀងក្បាលរបស់ខ្លួនចូលទៅការថតរបស់អ្នកគាំទ្រ ប៉ុន្តែរំពេចនោះស្រាប់តែដៃរបស់អ្នកចូលរួមផ្សេងទៀតបានទាញសក់របស់ ជី ដេវីត។ ភ្លាមៗ ជី ដេវីត បានរើខ្លួនចេញយ៉ាងឆាប់រហ័សដើម្បីបន្តការសម្តែងរបស់លោក។
វីដេអូខ្លីនេះបានជំរុញឱ្យអ្នកលេងអ៊ីនធឺណិត បញ្ចេញមតិទៅកាន់អ្នកប្រព្រឹត្តថា ហួសហេតុពេកដែលមិនគោរពដល់សិល្បករ។ មតិខ្លះទៀតថាអ្នកទាញនោះហាក់ដូចជាចង់ពិសោធន៍ថាសក់របស់ ជី ដេវីត ពាក់ឬអត់។ មតិភាគច្រើនគឺបានរិះគន់ចំពោះទង្វើមិនសមរម្យនេះ ហើយថាទោះបីជាស្រលាញ់អាយដលខ្លាំងយ៉ាងណាក៏ដោយមិនគួរធ្វើបែបនេះនោះទេ។
គេចាំបានដែរថា កន្លងមកតារាចម្រៀង ពេជ្រ សូលីកា ក៏ប្រឈមនឹងបញ្ហាស្រដៀងគ្នានេះដូចគ្នាគឺនៅពេលនាងច្រៀងនៅលើឆាកស្រាប់តែអ្នកគាំទ្រស្រីៗមួយក្រុមបានសុំថតតារាចម្រៀងរូបនេះដោយកាយវិការទាញតារាចម្រៀងរូបនេះយ៉ាងខ្លាំងដែលធ្វើឱ្យមហាជនរិះគន់ថាជ្រុលហួសហេតុមិនគោរពដល់សិល្បករ។
គួរបញ្ជាក់ផងដែរថា ចុងក្រោយនេះ ជី ដេវីត គឺជាហ្វេន Kpop កម្ពុជាមួយដែលសំណាងជាងគេដែលវីដេអូរបស់លោកចំនួន២ត្រូវបាន Jungkook សមាជិក BTS បានបង្ហោះឡើងវិញចំនួនពីរដង។ ក្រៅពីបានម៉ូតូធំពីរគ្រឿងពីភរិយា ជី ដេវីត បានចូលរួមបរិច្ចាគទឹកប្រាក់មួយចំនួនទៅកាន់ Army Cambodia ដើម្បីធ្វើសប្បុរសធម៌ផងដែរ៕










