បន្ទាប់ពីក្លាយជាម្ចាស់ពាន JayX ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថាហាក់ដូចជាស្ងប់ស្ងាត់មិនទាន់មានអ្វីបង្ហាញជូនមហាជននៅឡើយទេ។ មិនឱ្យអ្នកគាំទ្រខកចិត្តនិងរង់ចាំចម្លើយយូរម្ចាស់ពានវ័យក្មេងរូបនេះបានបង្ហាញថារូបគេកំពុងតែសំងំថតបទថ្មី។
JayX ដែលមានឈ្មោះពិតថា ខុម យ៉ុងជេ បានក្លាយជាម្ចាស់ពានក្នុងកម្មវិធីប្រលងចម្រៀងកាលពីដើមខែឧសភា នេះ។ ក្រោយពីក្លាយជាម្ចាស់ពាន ភ្លាមៗ JayX បានឡើង Event ក្នុងផាប់ចំនួនពីរកន្លែង ប៉ុន្តែក្រោយស្រាប់តែគេពុំឃើញម្ចាស់ពានរូបនេះឡើងឆាកតន្រ្តីទៀតឡើយ។

មិនឱ្យអ្នកគាំទ្ររង់ចាំចម្លើយយូរ JayX បានបង្ហោះវីដេអូខ្លីមួយនៅលើគណនីទិកតុកក្នុងបន្ទប់ថតសំឡេងដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ស្ងាត់មានបាត់ទៅណាណា សំងំធ្វើបទតើ»។ ការបង្ហោះរបស់ JayX បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកលេងទិកតុកភ្លាមៗខណៈអ្នកគាំទ្រក៏បានផ្តល់ជាយោបល់ឱ្យម្ចាស់ពានវ័យក្មេងរូបនេះត្រូវពឹងលើខ្លួនឯងជាធំ។

អ្នកលេងអ៊ីនធឺណិតបានសរសេរថា «ការចេះធ្វើភ្លេង លាយសម្លេងនិងបទ និងភ្លេងចូលគ្នាជារឿងសំខាន់ខ្លាំង សង្ឃឹមថាជេអ៊ិចថ្ងៃក្រោយរៀនចេះធ្វើខ្លួនឯង ពឹងលើអ្នកធ្វើឱ្យយើងមិនបានទេ»។ អ្នកខ្លះទៀតក៏បានបង្ហាញការនឹករម្លឹកមកកាន់ JayX និងចង់ស្តាប់បទថ្មីរបស់គេ ខណៈអ្នកខ្លះទៀតក៏បង្ហាញការស្រលាញ់ចូលចិត្តមកកាន់ JayX ជាច្រើនជាមួយនឹងពាក្យកំពុងពេញនិយមថា «អនុញ្ញាត»។ មតិខ្លះទៀតបានបង្ហាញថា ពួកគេមិនចង់ឱ្យ JayX ស្ងាត់យូរពេកនោះទេពីព្រោះពួកគេនឹក JayX ។
គួរឱ្យដឹងថា JayX បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍តាំងពីបង្ហាញខ្លួនលើកដំបូង ហើយប្រជាប្រិយភាពរបស់ម្ចាស់ពានដែលមានកំណើតមកពីខេត្តព្រៃវែងរូបនេះកាន់តែកើនឡើងបន្ទាប់ពីបកស្រាយបទចម្រៀងមានចំណងជើងថា «ស្រែ»។ មិនត្រឹមតែទស្សនិកជនទូទៅចាប់អារម្មណ៍ប៉ុណ្ណោះទេ JayX ក៏បានធ្វើឱ្យឯកឧត្តម ហ៊ុន ម៉ានី ចាប់អារម្មណ៍ដូចគ្នា។
ទទួលបានការគាំទ្រពីទស្សនិកជនបូករួមជាមួយនឹងសមត្ថភាព ពីក្មេងដែលធ្លាប់ធ្វើការរោងចក្រ ជាក្មេងវត្ត និងធ្លាប់ត្រូវគេមើលងាយដោយការទះកំផ្លៀង JAYX បានផ្លាស់ប្តូរវាសនាខ្លួនឯងក្លាយជាតារាចម្រៀងកុងត្រានិងកំពុងតែបោះជំហានលើអាជីពសិល្បៈ៕










