ដល់ម្លឹងពេកមិនដឹងគួរនិយាយថាម៉េច! បើទោះជាបានដឹងហើយថាកម្ពុជាមិននិយាយចរចាជាមួយថៃតែពីរនាក់ ក៏រដ្ឋមន្រ្តីការបរទេសថៃនៅតែចចេសតវ៉ា ដោយសង្កត់ធ្ងន់ថា ថៃនិងកម្ពុជា ដាច់ខាតត្រូវតែមានការពិភាក្សាទ្វេភាគីដើម្បីកំណត់ទិសដៅរួមគ្នា មុននឹងឈានទៅដល់ការប្រើប្រាស់យន្តការនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS។

ថ្លែងបន្ទាប់ពីការប្រកាសរបស់ប្រមុខរដ្ឋស្តីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលជំរុញឲ្យរាជរដ្ឋាភិបាលកុំបើការចរចាទ្វេភាគីជាមួយថៃលើបញ្ហាព្រំដែនសមុទ្រ លោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ នៅថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០២៦ បានលើកឡើងយ៉ាងដូច្នេះថា៖ មុននឹងកម្ពុជា ឈានទៅដល់ការប្រើយន្តការច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ភាគីកម្ពុជា ត្រូវតែនិយាយគ្នាទ្វេភាគីជាមួយនឹងប្រទេសថៃឱ្យអស់ពីលទ្ធភាពជាមុនសិន។
លោកបញ្ជាក់ថា «យន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ មានទាំងការសម្របសម្រួលបែបស្ម័គ្រចិត្ត និងបែបចាប់បង្ខំ ដូច្នេះប្រសិនបើភាគីកម្ពុជាចង់ប្រើប្រាស់យន្តការនេះដើម្បីចាប់បង្ខំថៃឱ្យដោះស្រាយបញ្ហា ប្រទេសថៃទាមទារឲ្យមានការចរចាទ្វេភាគីជាមួយគ្នាជាមុនសិន មុននឹងឈានដល់ការប្រើប្រាស់យន្តការអន្តរជាតិរួមគ្នា»។.jpg)
ស្របពេលជាមួយគ្នានេះ លោក Sihasak ក៏បានបដិសេធផងដែរនូវព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយដែលចុះផ្សាយថា ថៃយល់ព្រមប្រើប្រាស់កិច្ចព្រមព្រៀង UNCLOS ក្នុងការសម្របសម្រួលទំនាស់ភ្លាមៗ ដោយលោកបានបញ្ជាក់ថា វាជាការប្រញាប់ប្រញាល់សន្និដ្ឋានរបស់ភាគីកម្ពុជាតែម្ខាង មិនទាន់មានការយល់ព្រមពីថៃនោះឡើយ។
សូមជម្រាបថា មុននឹងឈានមកដល់ការជជែកដេញដោលពាក់ព័ន្ធនឹងច្បាប់សមុទ្រ UNCLOS រដ្ឋាភិបាលថៃបានសម្រេចចិត្ត ប្រកាសលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MOU 44) ជុំវិញតំបន់ទាមទារត្រួតគ្នានៅលើសមុទ្រជាឯកតោភាគី។ ការលុបចោលនេះបានធ្វើឱ្យកម្ពុជាត្រូវស្វែងរកយន្តការថ្មី (គឺ UNCLOS) ដែលពីដំបូងភាគីថៃក៏បង្ហាញការយល់ស្រប ប៉ុន្តែក្រោយមកបែរជាក្រឡាស់សម្ដីចង់ងាកមកប្រើយន្តការទ្វេភាគី ដែលដូចទៅនឹងយន្តការចាស់ដែលភាគីថៃខ្លួនឯងទើបលុបចោលទៅវិញ។
អ្វីដែលសំខាន់គឺការបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសថៃ ផ្ទុយស្រឡះពីគោលជំហររបស់នាយករដ្ឋមន្រ្តី អនុទីន ដែលទើបប្រកាសកាលពីប៉ុន្មានថ្ងៃមុនយ៉ាងច្បាស់ថា៖ ប្រទេសថៃ នឹងលែងចរចាទ្វេភាគីជាមួយនឹងកម្ពុជាបន្តទៀតហើយ ដោយជំហរម៉ឺងម៉ាត់របស់ថៃ គឺនឹងដឹកដៃកម្ពុជាឆ្ពោះទៅរកប្រើប្រាស់យន្តការច្បាប់សមុទ្រអន្តរជាតិ (UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្ររួមគ្នាតែម្ដង»។ តើការប្រកាសខាងលើទាំងពីរនេះ មួយណាជាចេតនាពិតរបស់ថៃ?










