រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក Anutin Charnvirakul នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានសុំប្រទេសជិតខាង គឺឡាវ និងមីយ៉ាន់ម៉ា ជួយដោះស្រាយបញ្ហាខ្យល់ពុល PM2.5 កើនឡើងខ្លាំងក្នុងប្រទេសរបស់ខ្លួនដោយសារការដុតព្រៃ និងកាកសំណល់កសិកម្ម ។ ថៃសុំបង្កើតបន្ទប់ត្រួតពិនិត្យ (War Room) ក្នុងប្រទេសទាំងពីរ ដើម្បីតាមដានខ្យល់ពុល, ប្រើប្រាស់ផ្កាយរណបចែករំលែកទិន្នន័យ, ប្រើប្រាស់ប្រព័ន្ធតាមដានពេលវេលាជាក់ស្តែង (Real-time) កំណត់ចំណុចក្តៅនៃភ្លើងឆេះព្រៃ និងតាមដានការដុតកសិកម្មតាមបណ្តោយព្រំដែន ដែលការសុំជំនួយនេះ បន្ទាប់ពីរដ្ឋាភិបាលថៃពុំអាចដោះស្រាយបាន និងភ្ញៀវទេសចរបរទេសលុបចោលដំណើរកម្សាន្ត ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី១៤ ខែឧសភា អ្នកនាំពាក្យរដ្ឋាភិបាលថៃ អ្នកស្រី ឡាលិដា ផឺតវិវឌ្ឍនា ឱ្យដឹងថា រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក Anutin បានស្នើឱ្យស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហាខ្យល់ពុល PM2.5 កំពុងកើនឡើងខ្លាំង និងសុំប្រទេសជិតខាងជួយដោះស្រាយផងដែរ ។ បន្ទាប់ពីផ្កាយរណបបង្ហាញរូបភាពពីចំណុចក្តៅដោយសារការដុតក្នុងប្រទេសថៃ និងប្រទេសជិតខាង នាយកដ្ឋានត្រួតពិនិត្យការបំពុល បានសហការជាមួយស្ថាប័នពាក់ព័ន្ធបង្កើតបន្ទប់ត្រួតពិនិត្យ (War Room) នៅឡាវ និងមីយ៉ាន់ម៉ា ដើម្បីតាមដានការបំពុលបរិយាកាសយ៉ាងយកចិត្តទុកដាក់ ។.jpg)
កាលពីឆ្នាំ២០២៤ ថៃបានសុំបង្កើតបន្ទប់ត្រួតពិនិត្យ (War Room) នៅតំបន់បរកែវ និងតំបន់សៃយ៉ាក់ប៊ូលី ប្រទេសឡាវ ព្រមទាំងសុំបង្កើតបន្ទប់នេះនៅខេត្តថាឃិឡិក ប្រទេសមីយ៉ាន់ម៉ា ។ បន្ទាប់មក នៅឆ្នាំ២០២៥ ថៃសុំឡាវ បង្កើតបន្ទប់នេះបន្ថែមទៀតនៅតំបន់ហ្លួងណាមថា និងសុំមីយ៉ាន់ម៉ា បង្កើតបន្ទប់នេះនៅខេត្តឈៀងទុង និងទីក្រុងណៃពិដា ហើយនៅខែឧសភា ឆ្នាំ២០២៦ បង្កើតនៅខេត្តតុងជី ប្រទេសមីយ៉ាន់ម៉ា ។

បន្ទប់ត្រួតពិនិត្យ (War Room) ធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យប្រភពខ្យល់ពុល, ស្វែងរកចំណុចក្តៅតាមរយៈរូបភាពផ្កាយរណប និងតាមដានព័ត៌មានឧតុនិយម ដើម្បីបង្កើនការប្រុងប្រយ័ត្ន ក៏ដូចជារៀបចំគម្រោងដោះស្រាយការបំពុលបរិយាកាសក្នុងតំបន់យ៉ាងមានប្រសិទ្ធភាព ។
ការសុំជំនួយឱ្យអ្នកជិតខាងជួយប្រទេសខ្លួន នឹងធ្វើឱ្យថៃអាចដោះស្រាយបញ្ហាខ្យល់ពុល PM2.5, កាត់បន្ថយផលប៉ះពាល់សុខភាពពលរដ្ឋ និងលើកកម្ពស់វិស័យទេសចរណ៍នៅភាគខាងជើងឡើងវិញ បន្ទាប់ពីភ្ញៀវទេសចរបរទេសលុបចោលដំណើរកម្សាន្តព្រោះតែបារម្ភពីផលប៉ះពាល់សុខភាព ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ ។.jpg)
គួរបញ្ជាក់ថា បញ្ហាខ្យល់ពុល PM 2.5 បានគ្របដណ្តប់ប្រទេសថៃបណ្តាលឱ្យពលរដ្ឋធ្លាក់ខ្លួនឈឺ ស្វែងរកការព្យាបាល និងប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ។ តំបន់រងផលប៉ះពាល់ខ្លាំងជាងគេ គឺភាគខាងជើង ជាពិសេស ខេត្តឈៀងម៉ៃ តែងតែជាប់ចំណាត់ថ្នាក់លេខ១ គឺជាខេត្តរងការបំពុលខ្យល់ខ្លាំងបំផុតនៅលើពិភពលោក ដោយសារកម្រិតខ្យល់ពុលហក់ឡើងខ្ពស់ហួសពីស្តង់ដារ ដែលជាកម្រិតគ្រោះថ្នាក់បំផុត បន្ទាប់មក ទីក្រុងបាងកក និងតំបន់ជុំវិញ ដែលបង្ខំឱ្យពលរដ្ឋពាក់ម៉ាស់ កាត់បន្ថយការងារក្រោមកំដៅថ្ងៃ ។
ពលរដ្ឋថៃក្នុងតំបន់ទាំងនេះជួបប្រទះបញ្ហារលាកភ្នែក ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ និងប្រឈមជំងឺមហារីកសួត ដោយសារស្រូបខ្យល់ពុលរយៈពេលវែង ។ វាក៏ប៉ះពាល់ដល់វិស័យទេសចរណ៍ដែលជាប្រភពចំណូលជាតិដ៏សំខាន់ផងដែរ ជំរុញឱ្យភ្ញៀវទេសចរបរទេសលុបចោលដំណើរកម្សាន្តទៅកាន់តំបន់រងផលប៉ះពាល់ ។ រីឯរដ្ឋាភិបាលថៃមិនអាចដោះស្រាយបញ្ហាបានឡើយ បានត្រឹមតែឱ្យពលរដ្ឋធ្វើការពីផ្ទះ (Work from Home), ចែកម៉ាស់ឱ្យពាក់ និងសុំអ្នកជិតខាងជួយដោះស្រាយ ៕










