នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ ដោយធ្វើការប្រៀបធៀបកូរ៉េខាងត្បូងដាក់ពលករថៃមកពី៤ខេត្តក្នុងបញ្ជីខ្មៅ (Blacklist) ហាមទៅធ្វើការរយៈពេល១ឆ្នាំពេញ គឺដូចគ្នានឹង «ត្រីស្អុយតែ១ក្បាល នាំឱ្យស្អុយ១កន្ត្រក» គឺនាំឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរថៃទៅលេងកូរ៉េខាងត្បូងផងដែរ អាចនឹងពិបាកចូលប្រទេសនេះ លោកមិនអាចជួយអ្វីបានទេ ពីព្រោះពលករថៃបានប្រព្រឹត្តខុសច្បាប់ការងារ ។ រដ្ឋាភិបាលនឹងការពារ លុះត្រាតែពលកររងនូវការគំរា.មកំហែង ហើយក៏ផ្តាំផ្ញើឱ្យមានស្មារតីទទួលខុសត្រូវ កុំប្រព្រឹត្តកំហុស ។
លោកនាយករដ្ឋមន្ត្រី Anutin បាននិយាយពីកូរ៉េខាងត្បូងប្រកាសដាក់ពលករថៃមកពី៤ខេត្តក្នុងបញ្ជីខ្មៅហាមទៅធ្វើការរយៈពេល១ឆ្នាំ (ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦) រួមមាន ៖ ពលករខេត្តឧត្តរថានី, ខនកែន, ជ័យភូមិ និងមហាសារ៉ាខាម ដែលធ្វើការផ្នែកកសិកម្ម និងនេសាទតាមរដូវកាល ដោយសារពលករថៃមួយចំនួនធំធ្វើការក្រោមទិដ្ឋាការ E-8 (Visa E-8) លួ.ចរត់ចេញពីកន្លែងការងារ (កសិដ្ឋាន) និងបោះបង់ចោលកិច្ចសន្យាការងារជាមួយនិយោជកកូរ៉េខាងត្បូង ថា លោកពុំទទួលបានសេចក្តីរាយការណ៍ពីបញ្ហានេះទេ ប្រសិនបើពលករថៃទៅធ្វើការខុសច្បាប់ គឺកូរ៉េខាងត្បូងមានសិទ្ធិដាក់ក្នុងបញ្ជីខ្មៅ វាដូចគ្នានឹងពលករបរទេសធ្វើការខុសច្បាប់នៅថៃដែរ ហេតុនេះ កុំធ្វើអ្វីខុសច្បាប់នៅប្រទេសគេឱ្យសោះ ។
លោកថា ៖ «រដ្ឋាភិបាលថៃមិនការពារពលកររបស់ខ្លួនទេ ពីព្រោះពួកគេប្រព្រឹត្តខុសច្បាប់ដោយខ្លួនឯង ។ ប៉ុន្តែបើគោរពច្បាប់ ហើយរងនូវការគំរាមកំហែងនៅកូរ៉េខាងត្បូងនោះ រដ្ឋាភិបាលថៃនឹងជួយការពារយ៉ាងពេញទំហឹង» ។
លោកបានប្រៀបធៀបកូរ៉េខាងត្បូងដាក់ពលករថៃមកពី៤ខេត្តក្នុងបញ្ជីខ្មៅហាមទៅធ្វើការរយៈពេល១ឆ្នាំពេញ គឺដូចគ្នានឹង «ត្រីស្អុយ១ក្បាល នាំឱ្យស្អុយ១កន្ត្រក» គឺប៉ះពាល់ដល់ភ្ញៀវទេសចរថៃទៅលេងកូរ៉េខាងត្បូងផងដែរ មិនមែនប៉ះពាល់តែពលករទេ ប៉ុន្តែលោកចង់ឱ្យកូរ៉េខាងត្បូងបែងចែកឱ្យដាច់រវាងភ្ញៀវទេសចរ និងពលករ បើមិនដូច្នោះទេ នឹងខូចឈ្មោះដល់ជនជាតិថៃទាំងអស់ ។ កន្លងមក ភ្ញៀវទេសចរថៃជាច្រើនបានទៅទិញទំនិញ និងកែសម្ឆស្សនៅកូរ៉េខាងត្បូង ដែលថៃចាត់ទុកជាដៃគូពាណិជកម្មដ៏សំខាន់ ។
សូមរំឭកថា ពលករថៃដែលបានលួចរត់ នឹងត្រូវដាក់ក្នុងបញ្ជីខ្មៅ (Blacklist) មិនឱ្យចូលប្រទេសកូរ៉េខាងត្បូងជាថ្មីឡើយ រីឯអ្នកមានបំណងចង់ទៅធ្វើការពីខេត្តទាំង៤នេះ ក៏មិនអាចដាក់ពាក្យស្នើសុំទិដ្ឋាការ E-8 បានដែរក្នុងអំឡុងពេលហាមឃាត់ ។ ទោះយ៉ាងណា កូរ៉េខាងត្បូងនៅតែបន្តទទួលពលករបរទេសមកពីបណ្តាប្រទេសផ្សេងទៀត និងខេត្តផ្សេងនៃប្រទេសថៃដែលមិនរងការហាមឃាត់ ។
មន្ត្រីនាយកដ្ឋានការងារនៃក្រសួងការងារថៃដាស់តឿនថា ការរត់ចោលថៅកែ គឺជាការបំពានកិច្ចសន្យាការងារ និងខុសច្បាប់កូរ៉េខាងត្បូង ហើយពលករថៃដែលប្រព្រឹត្តខុសនឹងត្រូវកូរ៉េខាងត្បូងចាប់ខ្លួនដាក់ពន្ធនាគារ ឬបញ្ជូនត្រឡប់មកប្រទេសវិញ ដែលសកម្មភាពខុសច្បាប់ទាំងនេះនាំឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសថៃ ជំរុញឱ្យកូរ៉េខាងត្បូងបាត់បង់ទំនុកចិត្តលើពលករថៃទាំងអស់ ។ ជាលទ្ធផល ពលករថៃគ្រប់ខេត្តនឹងបាត់បង់ឱកាសទៅធ្វើការនៅកូរ៉េខាងត្បូង មិនមែនប៉ះពាល់តែពលករ៤ខេត្តទេ ។ នាយកដ្ឋានការងារនៃក្រសួងការងារថៃបានសំណូមពរទៅកាន់ពលករ ចៀសវាងរត់ចោលថៅកែ និងអនុវត្តតាមច្បាប់ការងាររបស់កូរ៉េខាងត្បូង ៕










