ប្រមុខរដ្ឋស្តីទី សម្តេចតេជោ «ហ៊ុន សែន» បានស្នើឱ្យពិនិត្យដកមន្រ្តី ក.ប.ប ខេត្តបាត់ដំបង ដែលកុហករឿងទុរេននាំចូល។ ការស្នើនេះ គឺដើម្បីជាសារព្រមានមន្រ្តីទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លើ និង ប្រជាជន។ នេះបើយោងតាមការឲ្យដឹងពីឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេច ហ៊ុន សែន។
ថ្លែងនៅក្នុងវេទិកាជួបក្រុមប្រឹក្សា ខេត្ត ក្រុង ឃុំ-សង្កាត់ នៅខេត្តស្វាយរៀងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូ ដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លើនិងប្រជាជនតទៅទៀត។ សម្ដេចបានមានប្រសាសន៍ថា «ហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូច ខណៈជនខិលខូចបានសារភាពថា បាននាំចូលពីប្រទេសថៃ។ […] ប្រជាពលរដ្ឋមិនទាន់អស់ចិត្តទេ ខ្ញុំក៏មិនទាន់អស់ចិត្តដែរ។ តើមន្ត្រីរូបហ្នឹងបានមានវិធានការហើយនៅ»។
បន្ថែមលើនោះ សម្ដេចបានបញ្ជាក់ថា បញ្ហានេះមិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានណែនាំដល់មន្ត្រីគ្រប់រូប មិនគួរយកគំរូតាមមន្ត្រីរូបនេះនោះឡើយ។ សម្រាប់មន្ត្រីបែបនេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា មិនគួរចាត់វិធានការត្រឹមអនុវត្តន៍វិន័យរបស់មន្ត្រីនោះទេ គួរចាត់វិធានការផ្លូវច្បាប់ ដើម្បីព្រមានមន្ត្រីខិលខូច ដែលមិនគួរកើតមាន។

គួរជម្រាបថា ការស្នើរបស់សម្ដេចតេជោដូចខាងលើធ្វើឡើងបន្ទាប់ពីមានករណីលួចនាំចូលទុរេនពីថៃតាមខេត្តបាត់ដំបង ដែលករណីនោះ មន្ត្រី ក.ប.ប. នៅបាត់ដំបង បានចុះពិនិត្យ ប៉ុន្តែរកពុំឃើញការលួចនាំចូលឡើយ។ ផ្ទុយពីការអះអាងរបស់មន្ត្រី ក.ប.ប. ក្រោយមកសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្តបាត់ដំបង បានស្រាវជ្រាវរកឃើញអាជីវករ ២នាក់ដែលជាប់ពាក់ព័ន្ធ និងឃាត់ខ្លួនបានរម្នាក់ឈ្មោះ អឿន សាក់ឡែន (ហៅអាឡែន) ដែលបានសារភាពថាខ្លួនពិតជាបានលួចនាំចូលទុរេនពីថៃ តាមច្រករបៀង (ច្រកកាប៊ីន ស្រុកភ្នំព្រឹក) ចំនួន ៣ លើកពិតប្រាកដមែន។.jpg)
ជុំវិញបញ្ហានេះ មហាជនបានរិះគ.ន់យ៉ាងចាស់ដៃ និងបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង នៅពេលដែលឃើញតុលាការចាត់វិធានការច្បាប់ និងចោទប្រកាន់តែលើភាគីអាជីវករ។ ផ្ទុយទៅវិញ មន្ត្រីជំនាញ ក.ប.ប. ដែលចុះទៅស្រាវជ្រាវបែបលំអែកាលពីដំបូង និងរកមិនឃើញកំហុស បែរជាមិនទាន់មានការទទួលខុសត្រូវ ឬទោសទណ្ឌអ្វីសោះ។
ហេតុដូចនេះ ក្រោយពេលសម្តេច ហ៊ុន សែន បញ្ជាឱ្យដកតំណែងមន្ត្រី ក.ប.ប ខេត្តបាត់ដំបង មហាជនជាច្រើនបានសម្តែងការសាទរយ៉ាងខ្លាំង ដោយចាត់ទុកថាជាសារព្រមានដ៏មានប្រសិទ្ធភាពមួយ កុំឱ្យមន្ត្រីថ្នាក់ក្រោមទម្លាប់ធ្វើរបាយការណ៍ភូតភរថ្នាក់លើ និងប្រជាជនបន្តទៀត៕










