រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ បានធ្វើការឆ្លើយតបនឹងការចុះប្រាសាទតាមាន់ និងប្រាសាទតាក្របីរបស់កម្ពុជាចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌជាតិថៃ ដោយចាត់ទុកថាទង្វើនេះ គឺជារឿងខុសច្បាប់ ហើយក៏គ្មានន័យផ្លូវច្បាប់ ដើម្បីកំណត់នូវអធិបតេយ្យភាពរបស់ថៃនោះដែរ។

យោងតាមប្រសាសន៍របស់លោកស៊ុ ម៉ាប់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌កម្ពុជា បានបញ្ជាក់ថា៖ ការចុះបញ្ជីប្រាសាទតាក្របី និងប្រាសាទតាមាន់ ទៅក្នុងបញ្ជីបេតិកភណ្ឌជាតិថៃ គឺជារឿងខុសច្បាប់ និងគ្មានតម្លៃគតិយុត្តិ ក្នុងការកំណត់អធិបតេយ្យភាពទឹកដីឡើយ។ លោកបានបន្ថែមថា ក្រសួងវប្បធម៌នឹងចាត់វិធានការប្រឆាំងនឹងការចុះបញ្ជីប្រាសាទតាក្របីនិងតាមាន់ ដោយភាគីថៃ។
.jpg)
គួរបញ្ជាក់ថា ការពន្យល់របស់លោកខាងលើនេះគឺស្របនឹងជំហររួមរបស់ក្រសួង ដែលរំលឹកថាប្រាសាទទាំងពីរស្ថិតក្នុងទឹកដីកម្ពុជាទាំងស្រុង យោងតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧។ កន្លងមក ក្រសួងវប្បធម៌កម្ពុជាបានទាត់ចោលឯកសាររបស់ថៃ ដោយបញ្ជាក់ថា រាល់ការចុះបញ្ជីឯកតោភាគី ឬលិខិតរដ្ឋបាលផ្ទៃក្នុងរបស់ថៃ (ដូចជាការអះអាងច្បាប់ក្នុងឆ្នាំ១៩៣៥ ឬ១៩៦២) គឺមិនអាចយកមកលុបលើសន្ធិសញ្ញាព្រំដែនទ្វេភាគីបានឡើយ។

កម្ពុជាទាមទារដាច់ខាតឱ្យក្រសួងវប្បធម៌ថៃ បញ្ឈប់រាល់សកម្មភាពឯកតោភាគី ទាំងការជួសជុល ការអភិរក្ស ឬការសាងសង់នានាដោយគ្មានការយល់ព្រមពីកម្ពុជា។ សកម្មភាពរបស់ថៃបានរំលោភលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU 2000) ស្តីពីការខណ្ឌសីមាព្រំដែនគោក និងបំផ្លាញស្មារតីសហគមន៍អាស៊ាន។
ជាមួយគ្នានេះ ក្រសួងក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការខូចខាត និងការប្រែប្រួលស្ថានភាពដើមនៃបុរាណស្ថានទាំងនោះផងដែរ៕










