អតីតឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Loveriya បានចេញលិខិតពីមេធាវីស្នើសុំមហាជនជាសាធារណៈក្នុងនាមជាស្រ្តីមេម៉ាយនិងជាម្តាយកូន៤នាក់សូមឱ្យបញ្ឈប់ និងប្រើប្រាស់រូបភាព មិនសមរម្យរបស់ខ្លួនក្នុងអំឡុងពេលនៃការឃាត់និងឃុំខ្លួន មកផ្សព្វផ្សាយជាសាធារណៈដែលនាំឱ្យប៉ះពាល់ដល់សតិអារម្មណ៍កូនៗ។
ស្ងប់ស្ងាត់ពីបណ្តាញសង្គមអស់រយៈពេលជាច្រើនខែចាប់តាំងពីមានការឃាត់ខ្លួននិងដាក់ពន្ធនាគារមកពេលនេះបណ្តាញសង្គមអ្នកលក់អនឡាញ Loveriya បានបង្ហោះលិខិតមួយជាសាធារណៈនៅថ្ងៃទី១២ ខែឧសភា។ ក្នុងលិខិតដែលចេញពីមេធាវី លឹម ច័ន្ទលីដា ចុះថ្ងៃទី១១ ខែឧសភា ឆេង ស្រីរ័ត្ន ហៅ Loveriya បានចេញមកស្នើសុំសាធារណជនឱ្យបញ្ឈប់ និងប្រើប្រាស់រូបភាព មិនសមរម្យក្នុងអំឡុងពេលឃាត់ខ្លួន និងឃុំខ្លួន កន្លងមក។

ក្នុងលិខិតបញ្ជាក់ថា ឆេង ស្រីរ័ត្ន ហៅ Loveriya បានទទួលស្គាល់ និង មានវិប្បដិសារីយ៉ាងក្រៃលែង នូវកំហុសខុសឆ្គង ដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ជាពិសេសការប៉ះពាល់លើទឹក ចិត្តស្នេហាជាតិមាតុភូមិរបស់បងប្អូនប្រជាពលរដ្ឋ និងវិរៈកងទ័ពដ៏អង់អាចក្លាហាន ក្នុងអំឡុងពេលនៃការឈ្លានពានពី សំណាក់កងទ័ពសៀមឈ្លានពាន។ ហើយសកម្មភាពនេះរូបនាងក៏បានទទួលស្គាល់ដោយទទួលការអនុវត្តទោស និងទទួលបានការអនុគ្រោះពីស្ថាប័នតុលាការដោះលែងឱ្យមានសេរីភាពជាបណ្តោះ អាសន្នឡើងវិញហើយ។.png)
យ៉ាងណាក៏ដោយនាពេលថ្មីៗនេះ នៅតែមានក្រុមមនុស្សមួយចំនួនតូច នៅតែបន្តយករូបភាពមិនសមរម្យរបស់ខ្លួនជាពិសេសរូបភាពពេលអំឡុងឃាត់ខ្លួន ក្នុងឯកសណ្ឋានជាអ្នកទោសមកធ្វើការបង្ហោះចែកចាយតាមបណ្តាញសង្គម ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ កិត្តិយស សេចក្តីថ្លៃថ្នូរ ជាពិសេសសតិអារម្មណ៍របស់កូនៗដែលស្ថិតក្នុងកុមារភាព និងមិនទាន់ដឹងសេចក្តីនៅឡើយ។ ក្នុងនាមជាស្ត្រីមេម៉ាយ និងជាម្តាយកូនចំនួន៤នាក់ Loveriya បានស្នើសុំយ៉ាងទទូចចំពោះទៅកាន់សាធារណជនទោះបីមានចេតនា ឬអចេតនា បញ្ឈប់ការប្រើប្រាស់រូបភាព មិនសមរម្យរបស់នាង។
គួរបញ្ជាក់ផងដែរថា ក្នុងខែសីហា ឆ្នាំ២០២៥ Loveriya ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាលបានសម្រចចោទប្រកាន់ ពីបទញុះញង់ឱ្យមានការរើសអើង និងធ្វើឱ្យខូចទឹកចិត្តកងទ័ព។ ក្នុងចុងខែកុម្ភៈ ឆ្នាំ២០២៦ អ្នកលក់អនឡាញរូបនេះត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញក្រោយពីរូបភាពពរពោះស្ថិតក្នុងសំលៀកបំពាក់អ្នកទោសត្រូវបានចែកចាយពេញបណ្តាញសង្គម៕










