សូមប្រុងប្រយ័ត្នខ្ពស់! ពេលនេះអង្គការសុខភាពពិភពលោក (WHO) កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការផ្ទុះឡើងនៃ វីរុសហាន់តា (Andes hantavirus) ដែលបានរីករាលដាលដល់ប្រទេសនិងតំបន់ចំនួន ៩ នៅជុំវិញពិភពលោក ក្នុងនោះក៏មានប្រទេសដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍យើងផងដែរ។.jpg)
យោងតាមការចុះផ្សាយរបស់ CNN ដោយដកស្រង់របាយការណ៍ពី WHO កាលពីថ្ងៃព្រហស្បត្តិ៍ បានឲ្យដឹងថា មានសេចក្ដីរាយការណ៍អំពីការឆ្លងនៃវីរុសហាន់តា ប្រភេទ Andes strain ត្រូវបានរកឃើញនៅក្នុងប្រទេសនិងតំបន់ចំនួន ៩ រួមមាន៖ អាហ្សង់ទីន, ឈីលី, អាហ្វ្រិកខាងត្បូង, ហូឡង់, អាល្លឺម៉ង់, អង់គ្លេស, អេស្ប៉ាញ (កោះ Canary), កាណាដា និងសិង្ហបុរី ដែលជាប្រទេសនៅក្នុងតំបន់អាស៊ាន។ .jpg)
ការផ្ទុះឡើងនៃវីរុសហាន់តានៅពេលនេះ ត្រូវបានគេសន្និដ្ឋានថាមានផ្សារភ្ជាប់យ៉ាងសំខាន់ទៅនឹងនាវាទេសចរណ៍ MV Hondius ដោយសារតែអ្នកជំងឺស្ទើរតែទាំងអស់គឺជាអ្នកដំណើរ ឬបុគ្គលិកដែលបានធ្វើដំណើរលើនាវានេះ នៅពេលវាចាកចេញពីទីក្រុង Ushuaia ប្រទេសអាហ្សង់ទីន ឆ្ពោះទៅកាន់ទ្វីបអង់តាក់ទិក កាលពីខែមេសា ឆ្នាំ ២០២៦។ គិតត្រឹមថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៦ នេះ ចំនួនអ្នកឆ្លងវីរុសហាន់តា (Andes virus) ដែលពាក់ព័ន្ធនឹងការផ្ទុះឡើងលើនាវាទេសចរណ៍ MV Hondius មានសរុប ៨ ករណី (ក្នុងនោះមាន ៦ ករណីបញ្ជាក់ច្បាស់ និង ២ ករណីទៀតស្ថិតក្នុងភាពសង្ស័យខ្លាំង) រួមទាំងមានអ្នកស្លាប់ ៣ នាក់។
សូមជម្រាបថា វីរុសហាន់តាឆ្លងពីសត្វកកេរ (កណ្តុរ) មកមនុស្សតាមរយៈលាមក ឬទឹកមាត់។ ប៉ុន្តែប្រភេទ Andes strain នេះ មានលក្ខណៈពិសេសត្រង់ថា វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន តាមរយៈការប៉ះពាល់ជិតស្និទ្ធក្នុងរយៈពេលយូរ (ដូចជាការនៅជាមួយគ្នាក្នុងកាប៊ីននាវា ឬលើយន្តហោះ)។.jpg)
បច្ចុប្បន្ន មិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលជាក់លាក់សម្រាប់វីរុសហាន់តានៅឡើយទេ។ ការព្យាបាលគឺផ្អែកលើ “ការជួយសង្គ្រោះបន្ទាន់កម្រិតធ្ងន់ (ICU)” ឱ្យបានឆាប់រហ័ស ដើម្បីបង្កើនឱកាសរស់រានមានជីវិត។
ទោះបីជាវាបានរីករាលដាលដល់ច្រើនប្រទេសក៏ដោយ ប៉ុន្តែអង្គការសុខភាពពិភពលោក (WHO) វាយតម្លៃថា ហានិភ័យជាសកលនៅមានកម្រិតទាបនៅឡើយ។ អ្នកជំនាញយល់ថា វីរុសនេះមិនងាយឆ្លងតាមខ្យល់ដូចជាជំងឺកូវីដ-១៩ ឬគ្រុនផ្តាសាយធំឡើយ ដូច្នេះការផ្ទុះឡើងក្នុងសហគមន៍ខ្នាតធំទំនងជាមិនអាចកើតមានទេ៕










