Home ព័ត៌មានអន្តរជាតិ អាជីវករថៃលក់ដូរនៅប្រាទូណាម ត្អូញត្អែរបាត់បង់អតិថិជន គ្មានប្រាក់ចំណូលបង់ថ្លៃតូប

អាជីវករថៃលក់ដូរនៅប្រាទូណាម ត្អូញត្អែរបាត់បង់អតិថិជន គ្មានប្រាក់ចំណូលបង់ថ្លៃតូប

83
0

តាំងពីថៃបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគីមក បណ្តាលឱ្យការលក់ដូរទំនិញ និងចំណីអាហារនៅតំបន់ប្រាទូណាម ប្រទេសថៃ មានសភាពស្ងប់ស្ងាត់ខុសធម្មតា បាត់បង់អតិថិជន ដែលជំរុញឱ្យអាជីវករថៃបិទតូបជាបន្តបន្ទាប់ ខណៈកាលពីមុន តំបន់នេះធ្លាប់តែមានមនុស្សអ៊ូអរ ហើយអាជីវករថៃប្រមូលចំណូលចាប់ពីជាង១៥០ដុល្លារ ទៅជាង២០០ដុល្លារក្នុង១ថ្ងៃ ។ ទោះយ៉ាងណា អាជីវករថៃរំពឹងថា ជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នាល្ងាចថ្ងៃទី៧ ខែឧសភា នឹងឈានទៅបើកព្រំដែនផ្លូវគោកឡើងវិញឆាប់ៗដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfBAEI-8MQMVgdXfPsY8mm0drI2n_7D9EBiaxHZ5QxPc7q_ft3tmehmNpQnKFFz6tHny2ejWzi0Ednh7HvV7PXYKx663uqd3N9cVENuduld6CJRJEmPXrOeLFp8pNjk5-hIMU0iXWt6Zdo-0383utCxV_FNxBTAvODrBs-xRqp8ZB_o2mBhfW3a47zQo4/s800/photo_2026-05-08_08-59-55.jpg
តាមហ្វេសប៊ុកផេក Thailand’s Franchising Solution & Media ឱ្យដឹងថា តំបន់ប្រាទូណាមពេលនេះស្ងប់ស្ងាត់ខ្លាំងណាស់ ហាងលក់ដូររហូតដល់ជាងពាក់កណ្តាល (ចាប់ពី៥០% ទៅ៦០%) បានសម្រេចចិត្តបិទទ្វារព្រោះគ្មានអតិថិជនដូចមុន ។ ប្រាក់ចំណូលប្រចាំថ្ងៃរបស់អាជីវករធ្លាក់ចុះយ៉ាងគំហុក កន្លងមក ពួកគេរកចំណូលបានពី៥,០០០បាត ទៅ៧,០០០បាតក្នុង១ថ្ងៃ (ឬពីជាង១៥០ដុល្លារ ទៅជាង២០០ដុល្លារក្នុង១ថ្ងៃ) ប៉ុន្តែបច្ចុប្បន្ន ប្រាក់ចំណូលធ្លាក់ចុះសល់ត្រឹមតែពី២,០០០បាត ទៅ៣,០០០បាតប៉ុណ្ណោះ ដែលមិនអាចបង់ថ្លៃតូប ថ្លៃទឹក-ភ្លើង និងការចំណាយប្រចាំថ្ងៃទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJA4kyY755SYlhBfBkXff-9lWhcEKODP4AIw9rT8CBKoX7Aag-q8IvMqkgFjKJimd0rQcytgDqYU0xsauUUPasAVTWOY-kMKmhMIVYSHZ6-mTA-wh6fyNmFoWuFEmkzAfLBw6SVIi78Co3bbinm1gUk8p6yVa7-IKgOmf9xn9pEYaCf7nxBhqv8Ghd9uY/s992/photo_2026-05-08_08-59-56%20(2).jpg
ភាពស្ងាត់ជ្រងំនៅប្រាទូណាម បានជំរុញឱ្យអាជីវករនាំគ្នាតវ៉ាទៅកាន់អ្នកគ្រប់គ្រងតំបន់នេះ ដើម្បីឱ្យបញ្ចុះថ្លៃតូបជាបន្ទាន់ បន្ទាប់ពីប្រាក់ចំណូលបានពីការលក់ដូរធ្លាក់ចុះខ្លាំង, បាត់បង់អតិថិជន និងភ្ញៀវទេសចរ ។ ក្រុមអាជីវករបានសរសេរថា ៖ គ្មានប្រាក់ហូបបាយ ទុកប្រាក់បង់ថ្លៃតូប, សូមបញ្ចុះថ្លៃតូប និងដោះស្រាយបញ្ហាឱ្យចំគោលដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxygbkoyy_oxI0KoKuJq28BBal_pi2H-gvsonqPJgfYHtyqC8L5PSI6zkjmT2FJDR0TIsoZ3HR-ug2n6dbxd3uMRvJVb0rV8vlAYThyyqMF-qNQ6L9v9OOMB13c84Yt_Pe073-OlhMWI4HrZ4KXaO6v8onPTzDf6P32HtpVbZdPsTFyAWjZMTdD5d1qic/s825/photo_2026-05-08_08-59-56%20(3).jpg

អាជីវករប្រាប់ថា ស្ថានការណ៍លំបាកនេះបានកើតឡើងជាច្រើនខែមកហើយ ស្របពេលសេដ្ឋកិច្ចថៃធ្លាក់ចុះធ្វើឱ្យពលរដ្ឋថៃគ្មានប្រាក់ទិញទំនិញ ទើបអាជីវករបង្ខំចិត្តបិទតូបដើម្បីកុំឱ្យខាតបង់ដើមទុនខ្លាំងជាងនេះ ខណៈអាជីវករខ្លះទៀតសម្រេចលក់ដូរបន្ត ដោយសង្ឃឹមថា ប្រាទូណាម នឹងមានមនុស្សអ៊ូអរឡើងវិញពេលបើកព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsxmgYWFmc78N42eA0-Xerp-jUv9LkwcGLQBoDKetmQ_b3HQU6E4xb5AR2IpxcG_1Yrzipii7FwPnJpgZde2PpgM_cMcacMb9_QN29mAx7ZhS685hRcN_YVs68uEIZFk854Xs_97Wq_XOKhoPlmhnED5ewqvfMd-0ZPRaPsYyEjlnnRhZ7vF_QxTCE39o/s1280/photo_2026-05-08_08-59-56.jpg

ក្រៅពីគ្មានប្រាក់បង់ថ្លៃតូប អាជីវករនៅប្រាទូណាម ក៏ប្រឈមមុខការចំណាយប្រាក់ខ្ពស់លើការដឹកជញ្ជូនផងដែរ ពីព្រោះតម្លៃប្រេងឥន្ធនៈកើនឡើង និងប្រឈមបញ្ហាថ្មីមួយទៀត គឺការលក់តាមអនឡាញ និងការលក់ទំនិញចិនថោកៗ ។ ពេលនេះ អាជីវករនៅប្រាទូណាម រកប្រាក់ចំណូលលែងបានដូចមុនហើយ ពួកគេធ្លាប់សំណូមពរឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហានេះ ប៉ុន្តែរដ្ឋាភិបាលមិនទាន់មានដំណោះស្រាយនៅឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigOeHi7RyFFvw7ONBFuPajYQTXL-CBYTNnWwrtlHIVqyAQDkKmweDTQqEvhlY3-Gf95O9rqC8XS3jDndNLlPOi6YoMVE-hGlpry3hUzrrobXHK5zSE2tCR9kqhKyhGkN7xqCYtAve7Z3-QLEWXFG1f4xsLmigXIjbu5MP0vLWb7EuQBdwGmuC4pX19yls/s825/photo_2026-05-08_08-59-57%20(2).jpg
គួរបញ្ជាក់ថា សភាពស្ងប់ស្ងាត់នៅប្រាទូណាម និងតំបន់នានាក្នុងទីក្រុងបាងកកនាឆ្នាំ២០២៦ គឺជារូបភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីផលប៉ះពាល់សេដ្ឋកិច្ចថៃ ដែលកើតឡើងដោយសារការបិទ ព្រំដែនជាមួយកម្ពុជា ។ លើសពីនេះ ផ្សារទំនើបធំៗដែលធ្លាប់តែជាគោលដៅពេញនិយមសម្រាប់អតិថិជនកម្ពុជាមានជីវភាពធូរធា ក៏មានសភាពស្ងប់ស្ងាត់ដែរ ដោយសារពលរដ្ឋកម្ពុជាពហិការទំនិញថៃ ខណៈអតិថិជនថៃគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ទិញទំនិញ ដោយពួកគេងាកទៅទិញទំនិញថោកៗតាមអនឡាញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_y4vY3tRrdU4T7vZird0bIKlYPGH_3B4drZccoBSSldqA8DiRSvRnAZ1OSTYg4bLH4xqGO-NjVo0oF_kH4RouodogBK5c3cKlME74GCHL6Ns-Ej0s7rMp42xap22dte-lCLL_IAff_ecyN6YPNOrcdRuVyWIaIPXbHQ_qqzuNsrki488NWEfGPYSRxA8/s825/photo_2026-05-08_08-59-57.jpg
ទោះយ៉ាងណា អាជីវករថៃនៅប្រាទូណាម រំពឹងថា ជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នាល្ងាចថ្ងៃទី៧ ខែឧសភានេះ នឹងមានពន្លឺក្នុងការបើកច្រកព្រំដែនផ្លូវគោកឡើងវិញដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចថៃ និងឱ្យការលក់ដូរនៅទីក្រុងបាងកកអ៊ូអរឆាប់ៗ ៕