កាលពីថ្ងៃទី៦ ខែឧសភា ហ្វីលីពីនក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍អំពាវនាវទៅកាន់មីយ៉ាន់ម៉ា អនុញ្ញាតឱ្យប្រេសិតពិសេសអាស៊ានចូលជួបពិភាក្សារយៈពេលខ្លីជាមួយលោកស្រី អង់សាន ស៊ូជី ដែលកំពុងជាប់ឃុំក្នុងផ្ទះ ដើម្បីជំរុញដំណើរការផ្សះផ្សាជាតិ និងដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ។ ការអំពាវនាវនេះជាការជំរុញកិច្ចសន្ទនា និងស្វែងរកសន្តិភាពពិតប្រាកដ ហើយហ្វីលីពីនក៏បានទទូចឱ្យមីយ៉ាន់ម៉ាដោះលែងអ្នកទោ.សនយោបាយបន្ថែម ។
ហ្វីលីពីនបានជំរុញឱ្យមីយ៉ាន់ម៉ាបង្ហាញតម្លាភាពបន្ថែមទៀត បន្ទាប់ពីមានព័ត៌មានថា លោកស្រី អង់សាន ស៊ូជី ត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាសម្រាលទោស និងប្តូរពីការឃុំខ្លួនក្នុងពន្ធនាគារមកជាការឃុំខ្លួនក្នុងផ្ទះវិញ ដែលហ្វីលីពីនចាត់ទុកថា គឺជាជំហានដ៏សំខាន់មួយក្នុងការកសាងទំនុកចិត្តដើម្បីឈានទៅរកស្ថិរភាពជាតិយូរអង្វែង ។
ក្រសួងការបរទេសហ្វីលីពីនបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៦ ខែឧសភា ថា មីយ៉ាន់ម៉ាគួរតែអនុញ្ញាតឱ្យ លោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) អាចទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់ខ្លួន ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដចំពោះគោលដៅការផ្សះផ្សាជាតិ ។ វាជាជំហ៊ានដ៏សំខាន់មួយក្នុងការផ្តល់ទំនុកចិត្តដែលចាំបាច់សម្រាប់ស្ថិរភាពជាតិក្នុងរយៈពេលយូរអង្វែងរបស់មីយ៉ាន់ម៉ា ។
.jpg)
លោកស្រី Tess Lazaro រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ត្រូវការជួបលោកស្រី អង់សាន ស៊ូជី ដើម្បីបំពេញតួនាទីក្នុងការចរចាជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងបង្កើតបរិយាកាសអំណោយផលដល់ការសន្ទនា និងការផ្សះផ្សាជាតិ ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសហ្វីលីពីនបានបង្ហាញក្តីរីករាយចំពោះការសម្រេចចិត្តរបស់មីយ៉ាន់ម៉ាសម្រាលទោសឱ្យលោកស្រី អង់សាន ស៊ូជី និងអនុញ្ញាតឱ្យលោកស្រីចេញពីពន្ធនាគារមកបន្តឃុំខ្លួនក្នុងផ្ទះ ។
គួរបញ្ជាក់ថា ការអំពាវនាវនេះធ្វើឡើងស្របពេលមេដឹកនាំអាស៊ានកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅទីក្រុងសេប៊ូ (Cebu) ប្រទេសហ្វីលីពីន ។ ទោះជាមានការផ្ទេរលោកស្រី អង់សាន ស៊ូជី មកឃុំក្នុងផ្ទះក៏ដោយ ក៏អាស៊ាននៅតែប្រកាន់ជំហរមិនទាន់ទទួលស្គាល់លទ្ធផលការបោះឆ្នោតដែលរៀបចំដោយរបបយោធាមីយ៉ាន់ម៉ានៅឡើយទេ ដោយសារខ្វះការយល់ព្រមជាឯកច្ឆន្ទពីសមាជិកទាំងអស់ ។

លោកស្រី អង់សាន ស៊ូជី អាយុ៨០ឆ្នាំ អតីតមេដឹកនាំមីយ៉ាន់ម៉ាដែលប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ ត្រូវបានរដ្ឋាភិបាលថ្មីមីយ៉ាន់ម៉ាសម្រាលទោសពីរយៈពេល៣៣ឆ្នាំ មកនៅត្រឹម១៨ឆ្នាំ ហើយលោកស្រីត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាបញ្ជូនមកទទួលទោសបន្តក្នុងផ្ទះនៅទីក្រុងណៃពិដោ ៕










