Home ព័ត៌មានអន្តរជាតិ គ្រូទាយថៃដ៏ល្បីទាយថា ប្រទេសថៃនឹងមានវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ រួមទាំងគ្រោះធម្មជាតិនាពេលឆាប់ៗនេះ

គ្រូទាយថៃដ៏ល្បីទាយថា ប្រទេសថៃនឹងមានវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ រួមទាំងគ្រោះធម្មជាតិនាពេលឆាប់ៗនេះ

97
0

វាធ្វើឱ្យសង្គមថៃបារម្ភយ៉ាងខ្លាំង បន្ទាប់ពីគ្រូទាយដ៏ល្បីលំដាប់ប្រទេស អ្នកស្រី ប្រាយ ក្រាស៊ិប បានទស្សន៍ទាយពីហេតុការណ៍អាក្រ.ក់ៗនឹងកើតឡើងនៅប្រទេសថៃ ក្នុងកម្មវិធី «ការជជែករបស់បុគ្គលល្បី Deep Talk» របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៨ ដោយអ្នកស្រីថា នាពេលឆាប់ៗនៅខែឧសភា ឆ្នាំ២០២៦ ប្រទេសថៃនឹងមានវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ រួមទាំងគ្រោះធម្មជាតិទឹកជំនន់ ភ្លើងឆេះ និងតម្លៃមាសកើនឡើងខ្ពស់ ។ នេះជាការទាយលើកចុងក្រោយ ខណៈអ្នកស្រីធ្លាប់ទាយត្រូវពីហេតុការណ៍ផ្សេងៗកើតឡើងនៅប្រទេសថៃកន្លងមក រួមទាំងគ្រោះរញ្ជួយដីនៅទីក្រុងបាងកក ។

ការទាយពីហេតុការណ៍អាក្រក់ៗនឹងកើតឡើងនៅប្រទេសថៃនាពេលឆាប់ៗនេះ ត្រូវបានសារព័ត៌មាននានារបស់ថៃ ដូចជា ៖ សារព័ត៌មាន Naewna News និងសារព័ត៌មាន Khaosod យកមកចុះផ្សាយកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ធ្វើឱ្យសង្គមថៃចាប់អារម្មណ៍យ៉ាងខ្លាំង ។

គ្រូទាយដ៏ល្បី អ្នកស្រី ប្រាយ និយាយថា សេដ្ឋកិច្ចថៃនឹងធ្លាក់ចុះហើយធ្លាក់ចុះទៀតរហូតដល់ចំណុចទាប ជាពិសេស តម្លៃប្រេងឥន្ធនៈកើនឡើងនឹងធ្វើឱ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់យ៉ាងខ្លាំងនៅខែកក្កដា ។ អ្នកស្រីប្រាប់ឱ្យពលរដ្ឋនៅទូទាំងប្រទេសថៃត្រៀមខ្លួនរស់នៅក្នុងវិបត្តិសេដ្ឋកិច្ចនាពេលខាងមុខ និងអត់ធ្មត់ ដោយសាររដ្ឋាភិបាលថៃមិនអាចជួយអ្វីពលរដ្ឋបាន និងចំណាយពេលវេលាយូរទៀត ទើបអាចស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញបាន ។

ចំណែកការប្រែប្រួលតម្លៃមាស គ្រូទាយរូបនេះថា បច្ចុប្បន្ន តម្លៃមាសនៅថេរ និងកើនឡើង ប្រសិនបើអ្នកវិនិយោគទិញមាសនាពេលនេះ គឺប្រឈមនឹងហានិភ័យ ។ នាថ្ងៃអនាគត តម្លៃមាសនឹងកើនឡើងកាន់តែខ្ពស់ ។

អ្វីដែលធ្វើឱ្យសង្គមថៃបារម្ភបំផុតនោះ គឺគ្រោះធម្មជាតិធ្ងន់ធ្ងរនឹងកើតឡើងនៅប្រទេសថៃឆាប់ៗនេះ ដោយអ្នកស្រី ប្រាយ ទាយថា គ្រោះធម្មជាតិអាចកើតឡើងឆាប់រហ័សជាងមុន គឺមានទឹកជំនន់ហូរពីតំបន់ព្រៃភ្នំ និងការបាក់ដីពីកន្លែងខ្ពស់ៗ ព្រមទាំងមានសញ្ញាខុសប្រក្រតីកើតឡើងក្នុងតំបន់មួយចំនួន ។

អ្នកស្រីបញ្ជាក់ថា ចាប់ពីខែឧសភា តទៅ ការទាយទាំងប៉ុន្មានរបស់អ្នកស្រីនឹងចាប់ផ្តើមកើតឡើង ។ ភ្លៀងនឹងធ្លាក់ខ្លាំងមិនឈប់ឈរធ្វើឱ្យប្រព័ន្ធបង្ហូរទឹកមិនអាចទប់ទល់នឹងបរិមាណទឹកដ៏ច្រើនសន្ធឹកសន្ធាប់ ក៏បណ្តាលឱ្យកើតទឹកជំនន់ បាក់ដី រួមទាំងការហូរទឹកជំនន់លាយដីភក់ ។

តំបន់កណ្តាលរបស់ប្រទេសថៃ អាចជាតំបន់មានសុវត្ថិភាពនាពេលនេះ ហើយប្រទេសថៃនឹងរងគ្រោះដោយសារទឹកជំនន់ផង ភ្លើងឆេះផងក្នុងឆ្នាំតែមួយ គឺនឹងមានហេតុការណ៍ភ្លើងឆេះអគារបន្ទាប់ពីទឹកជំនន់ស្រក ។ អ្នកស្រីបារម្ភខ្លាចវានឹងកើតឡើងពិតមែន និងសំណូមពរឱ្យគ្រប់គ្នាពិនិត្យមើលប្រព័ន្ធអគ្គិសនីក្នុងផ្ទះរបស់ខ្លួនជានិច្ច ដើម្បីបង្ការហេតុការណ៍មិនល្អ ។

ក្រៅពីនេះ អ្នកស្រីបារម្ភពីសំណង់អគារផ្សេងៗដែលសាងសង់មិនទាន់រួចរាល់ ជាពិសេស អគារនៅតំបន់ខ្ពស់ៗអាចប្រឈមនឹងហានិភ័យ ដោយអ្នកស្រីផ្តាំផ្ញើទៅកាន់ម្ចាស់អគារដែលកំពុងដំណើរសាងសង់ ត្រូវប្រុងប្រយ័ត្នឱ្យខ្ពស់ក្នុងពេលអាកាសធាតុប្រែប្រួល ។

គួរបញ្ជាក់ថា គ្រូទាយរូបនេះធ្លាប់បានទាយពីហេតុការណ៍អាក្រក់ដែលកើតឡើងនៅប្រទេសថៃ ហើយការទាយកន្លងមក ត្រឹមត្រូវស្ទើរទាំងអស់ ដូចជា ៖ ហេតុការណ៍គ្រោះរញ្ជួយដីនៅទីក្រុងបាងកក បាក់ស្ពាន ទឹកជំនន់ និងភ្លើងឆេះ ។ ការទាយលើកចុងក្រោយនេះ ធ្វើឱ្យសង្គមថៃបារម្ភខ្លាចកើតឡើងពិតប្រាកដ ពីព្រោះសេដ្ឋកិច្ចថៃបច្ចុប្បន្ន កំពុងតែដាំក្បាលចុះស្រាប់ទៅហើយដោយសារការបិទព្រំដែនជាមួយកម្ពុជា ថែមទាំងរងផលប៉ះពាល់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ៕