Home ព័ត៌មានអន្តរជាតិ ផ្ទុះការជជែកវែកញែកពីកូរ៉េខាងជើងអាចផលិតទូរស័ព្ទដៃទំនើបៗសម្រាប់លក់ឱ្យពលរដ្ឋប្រើប្រាស់

ផ្ទុះការជជែកវែកញែកពីកូរ៉េខាងជើងអាចផលិតទូរស័ព្ទដៃទំនើបៗសម្រាប់លក់ឱ្យពលរដ្ឋប្រើប្រាស់

64
0

ការជជែកវែកញែកក្នុងចំណោមអ្នកវិភាគបានកើតឡើង បន្ទាប់ពីកូរ៉េខាងជើងរៀបចំកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ដើម្បីដាក់តាំងបង្ហាញផលិតផលផ្សេងៗ និងទូរស័ព្ទដៃទំនើបៗទៅកាន់អ្នកទេសចរ និងក្រុមហ៊ុនអន្តរជាតិ ហើយកូរ៉េខាងជើងអះអាងថា ទូរស័ព្ទទាំងនេះផលិតដោយក្រុមហ៊ុនក្នុងស្រុកសម្រាប់លក់ឱ្យពលរដ្ឋប្រើប្រាស់ ខណៈអ្នកវិភាគថា វាត្រូវបានផលិតដោយក្រុមហ៊ុនចិន រួចហើយយកមកប្តូរម៉ាកសម្រាប់លក់ក្នុងទីផ្សារកូរ៉េខាងជើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9Em7Fwut50-eLr72AuhsXDstfGHqX2dlJBbxnyMokXbqqALRbJ3hRjzhPHDtUdzkfB0UhgPieXuG4VAmLBmLHeJ_nFvmDf5GibUdUaSyFd5q_eP5XvDudrKy4nm1XHiYvcvME5gRP4K-NVihS3_dkSCyIjKS0sw5hB-FjDkTm40fl94KnXGS4Y6Q4i34/s1200/photo_2026-05-06_11-15-27.jpg

កាលពីថ្ងៃទី៤ ខែឧសភា កូរ៉េខាងជើងបានរៀបចំកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនិទាឃរដូវ លើកទី២៤ នៅទីក្រុងព្យុងយ៉ាង ដើម្បីបង្ហាញផលិតផល រួមទាំងទូរស័ព្ទដៃទំនើប (ស្មាតហ្វូន) ស្អាតៗជាច្រើនម៉ាក រួមមាន ៖ Jindallae, Phurunhanal និងម៉ាក Arirang ដែលមានការចូលរួមពីភ្ញៀវទេសចរ និងក្រុមហ៊ុនអន្តរជាតិជាច្រើន ហើយថា ការផលិតស្មាតហ្វូននេះសម្រាប់តែប្រើប្រាស់ក្នុងប្រទេសប៉ុណ្ណោះ ប៉ុន្តែកូរ៉េខាងជើងបានបង្ហាញព័ត៌មានលម្អិតតិចតួចបំផុតពាក់ព័ន្ធនឹងការផលិតស្មាតហ្វូន ។

កូរ៉េខាងជើង គឺជាប្រទេសគ្មានទំនាក់ទំនងការទូតជាមួយខាងក្រៅ និងរងការដាក់ទណ្ឌកម្មដោយសារការផលិតអាវុធនុយក្លេអ៊រ បែរជាអាចផលិតស្មាតហ្វូនជាច្រើនម៉ាកសម្រាប់ប្រើប្រាស់ក្នុងប្រទេស ដែលធ្វើឱ្យអ្នកវិភាគមានចម្ងល់ថា តើស្មាតហ្វូនផលិតនៅប្រទេសនេះធានាគុណភាពដែរឬទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS0IHVcnbWPRHsqajkhGY73XEwT35_NCVXKLNB1yKQhHNaL9cL0_XrXKEM6Uc7B2IAO_SUjXbl2KPCzCrl6xwURz_mwutQ1fQ86NzI-LeLsZvUL_TczdYXm5-paEoRaINSsMkeP-STyxhbOHhu2qGlJh2DdrNoIR7LWxcO4GAEXWeqniw3oE0i3nj2NPM/s1080/photo_2026-05-06_11-15-27%20(3).jpg

រដ្ឋាភិបាលកូរ៉េខាងជើងអះអាងថា ការផលិតស្មាតហ្វូនម៉ាក Jindallae គឺសម្រាប់លក់ឱ្យពលរដ្ឋប្រើប្រាស់ទំនាក់ទំនងគ្នាក្នុងប្រទេស ប៉ុន្តែការទំនាក់ទំនងនឹងឆ្លងកាត់បណ្តាញដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹង ។ ទូរស័ព្ទ Jindallae បានផលិតលើកដំបូងនៅកូរ៉េខាងជើងកាលពីឆ្នាំ២០១៧ ហើយម៉ាកទូរស័ព្ទប្រភេទនេះដែលផលិតចុងក្រោយគេ មានរូបរាងស្រដៀងនឹងម៉ាកផលិតកាលពីឆ្នាំ២០២៥ ។

ស្មាតហ្វូនម៉ាកថ្មីនេះមានច្រើនពណ៌ ច្រើនម៉ូដ និងកាមេរ៉ាធំសម្រាប់ឱ្យជ្រើសរើស ត្រូវបានដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅទីក្រុងព្យុងយ៉ាង ដែលជាកម្មវិធីពិព័រណ៍ផលិតផលដ៏ធំបំផុតនៅកូរ៉េខាងជើង ។ កម្មវិធីនេះមានការចូលរួមពីក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិរហូតដល់ជាង២៩០ក្រុមហ៊ុន ដូចជា ៖ ក្រុមហ៊ុនរុស្ស៊ី ចិន ម៉ុងហ្គោល ស្វីស ថៃ ព្រមទាំងមានភ្ញៀវទេសចរចូលរួមផងដែរ ប៉ុន្តែមិនដឹងពីចំនួនជាក់លាក់ និងមិនដឹងថា តើភ្ញៀវទេសចរទាំងនេះមកពីប្រទេសណាខ្លះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDxbSVLzUGCQ9uRqtnlZUveeaxCcQTVsVG_FRpGXxjyc0qVdDjDW8Hq0oQv5j4-Uw-R4u89ljNg8MYf2Lb_4Uogi8p6CMBYYY0tmC0SZ8Az7Ek-yXE7uqw2aTGF20nWnqnIQwYPAEGDqI3C3srycsLHddPh6n_dgdj6IJYjjoiBL9_LEuwFw278-j99ts/s1024/photo_2026-05-06_11-15-27%20(2).jpg

គួរបញ្ជាក់ថា ពលរដ្ឋកូរ៉េខាងជើង ប្រមាណ២៥លាននាក់ បានប្រើប្រាស់អ៊ីនធើរណេតតាមទូរស័ព្ទដៃមានកម្រិត និងមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ហើយពួកគេមិនអាចប្រើប្រាស់អ៊ីនធើរណេតទូលំទូលាយសម្រាប់ទំនាក់ទំនងជាមួយពិភពលោកឡើយ ។ ម្យ៉ាងទៀត អាជ្ញាធរកូរ៉េខាងជើង អាចតាមដានសកម្មភាពពលរដ្ឋបានតាមរយៈទូរស័ព្ទដៃ មិនថាពួកគេទៅកន្លែងណាទេ ។ ក្នុងឆ្នាំ២០២២ កូរ៉េខាងជើង មានអ្នកប្រើប្រាស់ទូរស័ព្ទដៃជាង៦លាន ៣សែន ៥ម៉ឺនគ្រឿង ហើយតាំងពីពេលនោះមក គ្មានព័ត៌មានការប្រើប្រាស់ទូរស័ព្ទដៃនៅកូរ៉េខាងជើងទៀតទេ ។

បើទោះជាកូរ៉េខាងជើងអះអាងថា ស្មាតហ្វូននេះផលិតក្នុងស្រុកក៏ដោយ ប៉ុន្តែអ្នកវិភាគជឿថា វាត្រូវបានផលិតដោយក្រុមហ៊ុនចិន រួចហើយយកមកប្តូរម៉ាកសម្រាប់លក់ក្នុងទីផ្សារកូរ៉េខាងជើង ខណៈអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មកូរ៉េខាងជើង ដោយហាមនាំចូល Hardware ទូរស័ព្ទដៃមកកាន់កូរ៉េខាងជើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3e9fKDWyXhZveTuM9IGf6m4Keg8Qa3cOqm8xxDbfhMfVUH_nungY06VPxB1JMZz4WEaQEeeCKvvXqxiRCeOtm6bNoVy-BwhfMsDyeXMb2ZCok8FgN5lN78h0A-t6SwaMEiNeLnkIPkLtURDmgqNie9UMnqillcMWUpMazKw-iqelwTU0rusQRd0hc_GQ/s670/photo_2026-05-06_11-15-26.jpg

តាមការលើកឡើងរបស់មន្ត្រីកូរ៉េខាងត្បូងកាលពីខែមេសា គឺសេដ្ឋកិច្ចកូរ៉េខាងជើងដែលធ្លាក់ចុះយូរមកហើយ បានងើបឡើងវិញអាចផលិតទូរស័ព្ទដៃទំនើប គឺអាចមកពីមានទំនាក់ទំនងល្អជាមួយរុស្ស៊ី បន្ទាប់ពីកូរ៉េខាងជើងបញ្ជូនកងទ័ព និងគ្រាប់កាំភ្លើងឱ្យរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ។ ហេតុនេះ កូរ៉េខាងជើងក៏ទទួលបានជំនួយសេដ្ឋកិច្ច និងបច្ចេកវិទ្យាពីរុស្ស៊ី ៕