ឆ្នេរសមុទ្ររបស់ផ្ទះលេខ២ អែមកៀន! «ឆ្នេរសមុទ្រកោះរ៉ុង ខេត្តព្រះសីហនុ» របស់កម្ពុជាបានជាប់លំដាប់ទី៩ ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្នុងចំណោមឆ្នេរឆ្នើមៗទាំង ៥០ ដោយផ្អែកតាមការវាយតម្លៃរបស់គេហទំព័របរទេស THE WORLD’S BEST BEACHES។ នេះបើតាមការឲ្យដឹងរបស់ក្រសួងទេសចរណ៍។
យោងតាមការចុះផ្សាយចុងក្រោយបំផុតនាខែ ឧសភា ឆ្នាំ២០២៦ នេះ ក្រសួងទេសចរណ៍ តាមរយៈទំព័រផេក Facebook ផ្លូវការបានបញ្ជាក់យ៉ាងដូច្នេះថា «អបអរសាទរ ឆ្នេរសមុទ្រកោះរ៉ុង ខេត្តព្រះសីហនុ ជាប់លំដាប់ទី៩ ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។

យោងតាម THE WORLD’S BEST BEACHES មូលហេតុដែល «ឆ្នេរសមុទ្រកោះរ៉ុង» ទទួលបានចំណាត់ថ្នាក់លេខ ៩ ជាឆ្នេរស្អាតបំផុតលើសកលលោកសម្រាប់ឆ្នាំ ២០២៦ នេះគឺដោយសារកត្តាសំខាន់ៗដែឡមានដូចជា៖ ភាពស្រស់ស្អាតនៃធម្មជាតិដែលមានទឹកថ្លាដូចកញ្ចក់ និងខ្សាច់សក្បោះ, បរិយាកាសស្ងប់ស្ងាត់មិនមានសម្លេងរំខាន, លក្ខខណ្ឌទឹកសមុទ្រអំណោយផលដែលល្អបំផុតសម្រាប់ហែលលេងកម្សាន្ត និងការវាយតម្លៃខ្ពស់ពីសំណាក់ភ្ញៀវទេសចរមកពីជុំវិញពិភពលោកដែលធ្លាប់មកកម្សាន្តហើយទទួលបានបទពិសោធល្អៗពីទីនេះ។
ការទទួលស្គាល់នេះមិនត្រឹមតែផ្អែកលើរូបភាពស្អាតៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើ អារម្មណ៍នៃភាពជាឋានសួគ៌ធម្មជាតិ ដែលកោះរ៉ុងអាចរក្សាបាន ខណៈដែលតំបន់ឆ្នេរដទៃទៀតក្នុងតំបន់កំពុងប្រឈមនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរច្រើនខ្លាំងពេក។ 
សូមជម្រាបថា កោះរ៉ុង គឺជាកោះដ៏ធំជាងគេនៅខេត្តព្រះសីហនុ មានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ដែលល្បីល្បាញជាគោលដៅទេសចរណ៍សមុទ្រដ៏ពេញនិយម ដោយសារឆ្នេរខ្សាច់សស្អាត ទឹកសមុទ្រខៀវស្រងាត់ និងទេសភាពធម្មជាតិបៃតង។ កោះនេះមានផ្ទៃដីប្រមាណ ៧៨ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅជាង ៤,០០០ នាក់ ដែលភាគច្រើនប្រកបរបរនេសាទ និងទេសចរណ៍។

នៅលើកោះនេះមានឆ្នេរដ៏ស្រស់ស្អាតជាច្រើនដូចជា ឆ្នេរឡុងសិត ឆ្នេរសុខសាន្ត ឆ្នេកោះតូច និងឆ្នេរឡូនលីប៊ិចជាដើម ដែលភ្ញៀវទេសចរអាចរីករាយនឹងសកម្មភាពកម្សាន្តជាច្រើនដូចជា ហែលទឹក មុជទឹកមើលផ្កាថ្ម ជិះទូកមើលប្លង់តុង ទស្សនាទេសចរណ៍បាតសមុទ្រ ដើរលេងតាមឆ្នេរ និងស្វែងយល់ពីជីវភាពសហគមន៍នេសាទនៅតាមភូមិដូចជាភូមិព្រែកស្វាយជាដើម៕










