ដូចប្រិយមិត្តជ្រាបមកហើយថាកូនក្រុមរបស់ វីតូ បានក្លាយជាម្ចាស់ពានក្នុងកម្មវិធីប្រលងចម្រៀងរ៉េបនិងទទួលបានមតិវិជ្ជមានជាច្រើនពីសំណាកទស្សនិកជន។ យ៉ាងណាមិញសម្រាប់ វីតូ ដែលជា Captain មួយរូបបានបោះសម្តីយ៉ាងចាក់ដោតទៅកាន់មនុស្សមួយចំនួនដែលអង្គុយចាំតែរិះគន់អ្នកដទៃ។
កាលពីរាត្រីថ្ងៃផ្តាច់ព្រ័ត្រ(១ ឧសភា ) ក្នុងកម្មវិធីប្រលងចម្រៀងរ៉េបមួយទស្សនិកជនមានការរំភើបចិត្តយ៉ាងខ្លាំងបន្ទាប់ពីឃើញទិដ្ឋភាព Jay X, Finn និង Vansak បានរួបរួមគ្នាទិញខ្សែកពេជ្រដែលមានឈ្មោះ វីតូ ជូនទៅដល់ Captain របស់ខ្លួនដែលធ្វើឱ្យ វីតូ រំភើបចិត្តរលីងរលោងទឹកភ្នែកចំពោះការដឹងគុណរបស់សិល្បករជំនាន់ក្រោយនេះ។ មែនទែនទៅ វីតូ គឺជាសិល្បករជើងខ្លាំងមួយរូបដែលនៅពីក្រោយបទល្បីៗរបស់សិល្បករជាច្រើនរួមទាំងតារាចម្រៀង វណ្ណដា ផងមិនមែនលោកគ្មានសមត្ថភាពហើយបានធ្វើជា Captain នៅក្នុងកម្មវិធីនោះទេ។
យ៉ាងណាក៏ដោយនៅពេលមនុស្សមួយចំនួនបានបញ្ចេញមតិថា វីតូ ជានរណា ឬល្បីតែមួយបទឡើងធ្វើជា Captain នោះ វីតូ មិនឱ្យចាញ់ចិត្តពាក្យសម្តីទាំងនេះនោះទេ ហើយលោកក៏បានបង្ហោះវីដេអូផ្លែផ្កាទៅកាន់អ្នកទាំងនោះដូចគ្នា។ ជាក់ស្តែងមិនត្រឹមតែឆ្លើយតបដោយកំប្លែងប៉ុណ្ណោះទេ ប៉ុន្តែ វីតូ ថែមទាំងបង្ហោះសំណេរមួយទៀតថា «អ្នកដែលចាំដើរថាឱ្យគេហ្នឹងរកស៊ីអី??ម៉េចទំនេរម្ល៉េះ ?»។
ប្រយោគខ្លីនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ជាច្រើននិងចាត់ទុកថាការឆ្លើយតបរបស់ វីតូ គឺធ្វើឱ្យអ្នកដែលអង្គុយរិះគន់នោះចុកចាប់មិនខាន។
គួរឱ្យដឹងថាថ្មីៗកន្លងមកនេះនេះ វីតូ ទើបបញ្ចេញស្នាដៃបទថ្មីមានចំណងជើងថា «ត្រែះ» ដែលធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ជាច្រើនរហូតមកទល់ពេលនេះមានការស្តាប់ជាង១លានដងនៅលើយូធូប។ លោកគឺជាមនុស្សម្នាក់ដែលខ្លាំងខាងភ្លេងនិងបានចូលរួមក្នុងចម្រៀងល្បីៗរបស់ វណ្ណដា មានដូចជា « U KNOW U KNOW» «J+O ZERO III » «BUSINESS CLASS» «NEW LIFE» និងស្នាដៃជាច្រើនទៀត៕










