កាន់តែផ្ទុះការរិះគ.ន់ខ្លាំងហើយទៅលើរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ រឿងការលក់ទុរេនតម្លៃត្រឹមតែ១០០បាតក្នុង១ផ្លែ ឬ១ម៉ឺនរៀល រហូតដល់សមាជិករដ្ឋសភាបង្ហាញការសោកស្តាយដែលលក់ថោកពេកប៉ះពាល់ដល់តម្លៃទីផ្សារនៅទូទាំងប្រទេស ដោយស្នើឱ្យបង្កើតគណៈកម្មការពិសេសដោះស្រាយតម្លៃទិន្នផលកសិកម្មធ្លាក់ចុះ ។ រីឯរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថាមិនជាប់ពាក់ព័ន្ធ និងនិយាយយករួចខ្លួនបែបនេះ ។

លោក ផាស៊ីន ពិទុតេឆាក់ សមាជិករដ្ឋសភាថៃប្រចាំខេត្តរ៉ាក់យ៉ង និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានរិះគ.ន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី Suphajee Suthumpun ដែលហៅ Influencer ល្បីមកជួយ Live លក់ទុរេនក្នុងតម្លៃថោកត្រឹម១០០បាតក្នុង១ផ្លែ (ឬ១ម៉ឺនរៀល) រហូតដល់ផ្ទុះការមិនពេញចិត្តពីសំណាក់មហាជនយ៉ាងខ្លាំងពីការបន្ទាបតម្លៃ ។ លោករីករាយដែលរដ្ឋមន្ត្រីពាណិជ្ជកម្មយកចិត្តទុកដាក់ដោះស្រាយបញ្ហាតម្លៃផ្លែឈើធ្លាក់ចុះ ប៉ុន្តែការធ្វើនេះប៉ះពាល់ទីផ្សារ ដោយសារទុរេននៅភាគខាងកើតលក់ក្នុងតម្លៃពីជាង១០០បាត ទៅ២០០បាតក្នុង១គីឡូក្រាម ហើយការលក់តម្លៃថោកពេកធ្វើឱ្យអ្នកទិញយល់ខុស និងប៉ះពាល់កសិកររយៈពេលយូរ ។
លោកស្នើឱ្យបង្កើតគណៈកម្មការពិសេសមួយក្នុងរដ្ឋសភា ដើម្បីដោះស្រាយបញ្ហាតម្លៃទិន្នផលកសិកម្មធ្លាក់ចុះនៅប្រទេសថៃ ពីព្រោះកសិករដាំទុរេនត្រូវចំណាយដើមទុនខ្ពស់ក្នុងការទិញជីកសិកម្ម ថ្នាំកម្ចាត់សត្វល្អិត និងថ្លៃកម្លាំងពលកម្ម ដែលចំណូលទទួលបានពីការលក់ទុរេនស្ទើរតែមិនចំណេញ ។ លោកក៏បានសំណូមពរទៅកាន់រដ្ឋាភិបាលផ្តល់ការបកស្រាយទៅកាន់កសិករផងដែរ ពាក់ព័ន្ធនឹងតម្លៃទុរេន ។ 
កសិករដាំទុរេនត្រូវមើលថែយ៉ាងដិតដល់បំផុត គឺដូចគ្នានឹងការថែទាំកូន ទម្រាំបានចេញផ្លែ ត្រូវថែទាំយ៉ាងលំបាកក្នុង១ឆ្នាំៗ ប៉ុន្តែស្រាប់តែរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបើកដៃឱ្យ Influencer មក Live លក់ទុរេនតម្លៃថោកជាងទីផ្សារ កសិករមិនសប្បាយចិត្តទេ ។ រីឯរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបែរជាបដិសេធយករួចខ្លួនថា Influencer ជាអ្នកកំណត់តម្លៃទៅវិញ ទាំងដែលបានហៅ Influencer មកជួយលក់ ។
ការប្រតិកម្មរបស់សមាជិករដ្ឋសភាថៃ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី Suphajee ហៅនារីជា Influencer ដ៏ល្បី ឈ្មោះ ភីមរីផាយ មកជួយ Live លក់ទុរេនក្នុងតម្លៃឡៃឡុងត្រឹម១០០បាតក្នុង១ផ្លែ ហើយថា ការលក់តម្លៃថោកដើម្បីជួយរកទីផ្សារឱ្យកសិករ បើមិនប្រញាប់លក់ចេញទេ នឹងពិបាកដោះស្រាយបញ្ហាដោយសារទុរេនផ្តល់ផលច្រើន ។ ក្រោយផ្ទុះការរិះគន់ខ្លាំងពេកពីសំណាក់មហាជន ជាពិសេស ម្ចាស់ចម្ការទុរេន ថាមិនគួរលក់បន្ទាបតម្លៃ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក៏និយាយយករួចខ្លួនថា មិនពាក់ព័ន្ធនឹងក្រសួងពាណិជ្ជកម្ម អ្នកស្រីមិនបានកំណត់ឱ្យលក់ក្នុងតម្លៃនេះទេ គឺនារីឈ្មោះ ភីមរីផាយ ជា Influencer កំណត់តម្លៃខ្លួនឯង ។

សមាជិករដ្ឋសភាថៃប្រចាំខេត្តរ៉ាក់យ៉ង លោក ផាស៊ីន បានសំណូមពរទៅកាន់ក្រសួងពាណិជ្ជកម្ម ក៏ដូចជារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដោះស្រាយបញ្ហាទិន្នផលកសិកម្មធ្លាក់ចុះ ចំនួន៣ចំណុច រួមមាន ៖ ១-ការគ្រប់គ្រងគុណភាព ដោយអនុវត្តយ៉ាងតឹងរ៉ឹងលើវិធានការអនុវត្តកសិកម្មល្អ GAP និង GMP ដើម្បីនាំចេញទុរេនថៃទៅទីផ្សារពិភពលោក, ២-រដ្ឋាភិបាលគួរតែពន្លឿនការគ្រប់គ្រងទឹក និងដោះស្រាយបញ្ហាដីកសិកម្មគ្មានឯកសារ និង៣-កាត់បន្ថយការចំណាយដើមទុនក្នុងការដាំទុរេន ដោយគ្រប់គ្រងតម្លៃជីកសិកម្ម ។
ចំណែកលោក Krit Silpachai សមាជិករដ្ឋសភាមកពីគណបក្សប្រជាជន ប្រចាំខេត្តរ៉ាក់យ៉ង នៅថ្ងៃទី២៩ ខែមេសានេះ ក៏បានរិះគន់ខ្លាំងៗទៅកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែរថា លក់ទុរេនបញ្ចុះតម្លៃខុសពេលវេលា នាំឱ្យខូចតម្លៃទុរេននៅទូទាំងប្រទេស ហើយលោកមិនបន្ទោស Influencer ទេ ដោយលោកថែមទាំងលើកយកប្រធានបទទុរេន មកជជែកក្នុងកិច្ចប្រជុំរដ្ឋសភា ។

រហូតមកដល់ថ្ងៃទី២៩ ខែមេសា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានរងការរិះគន់កាន់តែខ្លាំងឡើង ជាពិសេស ក្នុងបណ្តាញសង្គម ទើបរដ្ឋមន្ត្រីរូបនេះឆ្លើយយករួចខ្លួន និងទម្លាក់កំហុសទាំងអស់ទៅឱ្យ Influencer ៕










