បើនិយាយពីប្រទេសក្នុងតំបន់អាស៊ានដែលមានគ្រោះធម្មជាតិកើតឡើងមិនឈប់ឈរ មិនថាសីតុណ្ហភាពកើនឡើងខ្ពស់ គ្រោះរាំងស្ងួត ទឹកជំនន់ ភ្លៀងខ្លាំង ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងរន្ទះបា.ញ់ គឺគ្មានប្រទេសណាក្រៅពីថៃទេ ។ ថ្មីៗនេះ ថៃត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រទេសប្រឈមនឹងហានិភ័យទឹកជំនន់ខ្លាំងក្លាបំផុតក្នុងលំដាប់ទី៤ លើពិភពលោក ប៉ុន្តែរដ្ឋាភិបាលថៃ និងស្ថាប័នពាក់ព័ន្ធគ្មានចំណាត់ដោះស្រាយបញ្ហានេះ រីឯវៀតណាម ជាប់លំដាប់ទី១, អេហ្ស៊ីប ទី២ និងបង់ក្លាដែស ទី៣ ។
គណៈកម្មការអឺរ៉ុបបានចាត់ចំណាត់ថ្នាក់ថៃជាប្រទេសប្រឈមហានិភ័យទឹកជំនន់ខ្លាំងបំផុតស្ថិតក្នុងលំដាប់ទី៤ លើពិភពលោក រីឯប្រទេសវៀតណាមជាប់លំដាប់ទី១ ដែលប្រឈមហានិភ័យទឹកជំនន់ខ្លាំងបំផុត ខណៈអេហ្ស៊ីប លំដាប់ទី២ និងបង់ក្លាដែស លំដាប់ទី៣ ។ ប្រទេសថៃងាយកើតទឹកជំនន់ធ្ងន់ធ្ងរ គឺបណ្តាលមកពីកត្តាជាច្រើន រួមមាន ៖ ការឡើងកំដៅផែនដី គ្រោះរាំងស្ងួត និងភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលខ្លី ។ នេះបើតាមការចុះផ្សាយរបស់ហ្វេសប៊ុកផេកបរិស្ថាន (Environman) នៅប្រទេសថៃ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ។
ប្រទេសថៃងាយកើតគ្រោះទឹកជំនន់ជាងប្រទេសផ្សេងៗក្នុងតំបន់ ជាក់ស្តែង ខេត្តភាគខាងត្បូងកន្លងមកបានលិចលង់យ៉ាងខ្លាំងបណ្តាលឱ្យមនុស្សរងរបួស បាត់បង់ជីវិតរាប់ពាន់នាក់ និងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន ។ អ្នកជំនាញបរិស្ថានសំណូមពរឱ្យរដ្ឋាភិបាលថៃកំណត់វិធានការដោះស្រាយគ្រោះធម្មជាតិ ជាពិសេស ដោះស្រាយគ្រោះទឹកជំនន់ជាបន្ទាន់ ប្រសិនបើមិនចង់ឱ្យស្ថានការណ៍កាន់តែអាក្រក់ជាងនេះ ។

ផលប៉ះពាល់កើតឡើងដោយសារការឡើងកំដៅផែនដី គ្រោះរាំងស្ងួត និងភ្លៀងធ្លាក់យ៉ាងខ្លាំង បានជំរុញឱ្យថៃបាត់បង់ជីវិតពលរដ្ឋ ទ្រព្យសម្បត្តិ និងប៉ះពាល់សេដ្ឋកិច្ច ស្របពេលបច្ចុប្បន្ន សេដ្ឋកិច្ចថៃធ្លាក់ចុះទាបបំផុតក្នុងតំបន់អាស៊ាន ទំនិញឡើងថ្លៃគ្រប់មុខ ដោយសារវិបត្តិថាមពល ។ បើទោះជាថៃងាយប្រឈមនឹងគ្រោះទឹកជំនន់ខ្លាំងជាងគេក្តី ប៉ុន្តែរដ្ឋាភិបាលថៃបែរជាពុំសូវមានចំណាត់ការទប់ទល់ទឹកជំនន់ទៅវិញ ។
.jpg)
ការចំណាត់ថ្នាក់ផ្សេងទៀតរបស់ភ្នាក់ងារស្រាវជ្រាវ BloombergNEF (BNEF) ក្នុងឆ្នាំ២០២៥ ទៅលើប្រទេសចំនួន២៥ ដែលបានកំណត់វិធានការដោះស្រាយគ្រោះធម្មជាតិ បង្ហាញថា ប្រទេសថៃស្ថិតក្នុងលំដាប់ទី២៣ (នៅក្រោមគេ) ដែលកំណត់វិធានការតិចតួចក្នុងដោះស្រាយគ្រោះធម្មជាតិ ។ ភ្នាក់ងារស្រាវជ្រាវនេះផ្តល់ហេតុផលថា ថៃជាប្រទេសប្រឈមនឹងហានិភ័យទឹកជំនន់ខ្លាំងជាងគេលើពិភពលោក បែរជារដ្ឋាភិបាលគ្មានចំណាត់ការគ្រប់គ្រាន់សម្រាប់ដោះស្រាយគ្រោះធម្មជាតិ និងអនុវត្តចំណាត់ការមិនគ្រប់តំបន់ ។
ដោយឡែក អ្នកជំនាញបរិស្ថានថៃថា បច្ចុប្បន្ន ប្រទេសថៃកំពុងប្រឈមនឹងហានិភ័យខ្ពស់នៃគ្រោះមហន្តរាយធម្មជាតិដោយសារបម្រែបម្រួលអាកាសធាតុ រួមមាន ៖ ទឹកជំនន់ធ្ងន់ធ្ងរ រលកកំដៅ គ្រោះរាំងស្ងួត ទឹកសមុទ្រកើនឡើង និងខ្យល់ព្យុះខ្លាំងបោកបក់លើទីក្រុងបាងកក និងខេត្តជាប់មាត់សមុទ្រប្រឈមទឹកជំនន់មិនឈប់ឈរ ។ កសិករថៃជាង១២លាននាក់ នឹងរងផលប៉ះពាល់ដោយសារគ្រោះធម្នជាតិខូចខាតដំណាំ ប្រាក់ចំណូលធ្លាក់ចុះ ប្រសិនបើគ្មានវិធានការច្បាស់លាស់ក្នុងការដោះស្រាយគ្រោះធម្មជាតិ ខណៈផលិតផលក្នុងស្រុកសរុប (GDP) នឹងធ្លាក់ចុះខ្លាំងនៅឆ្នាំ២០៥០ ។
អ្នកជំនាញបរិស្ថានសំណូមពរឱ្យរដ្ឋាភិបាលថៃកំណត់វិធានការដោះស្រាយគ្រោះធម្មជាតិជាបន្ទាន់ ពីព្រោះបើមិនពន្លឿនការកំណត់វិធានការចាប់ពីឥឡូវនេះទេ ប្រទេសថៃនឹងរងផលប៉ះពាល់ខ្លាំងបំផុតដោយសារគ្រោះធម្មជាតិមិនអាចដោះស្រាយបាន ៕










